គណៈកម្មការត្រួតពិនិត្យការអនុវត្តន៍អនុសញ្ញាអន្តរជាតិរបស់អង្គការពលកម្មអន្តរជាតិរបស់ក្រសួងការងារកម្ពុជា កាលពីសប្តាហ៍កន្លងទៅនេះ បានជំរុញឲ្យក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ពន្លឿនការរកយុត្តិធម៌ជូនលោកជា វិជ្ជា លោករស់ សុវណ្ណារ៉េត លោកហ៊ី វុទ្ធី និងករណីបាញ់សម្លាប់កម្មករលើផ្លូវវ៉េងស្រេងកាលពីដើមឆ្នាំ២០១៤កន្លងទៅ។ ជាងនេះទៅទៀត គណៈកម្មការនេះនឹងធ្វើរបាយការណ៍អំពីការវិវឌ្ឍន៍ថ្មីៗលើករណីឃាតកម្មទាំងនេះ។
ការជំរុញឲ្យមានការរកយុត្តិធម៌ដល់ក្រុមមេដឹកនាំសហជីពទាំងនេះ ធ្វើឡើងក្រោយពីក្រសួងការងារកាលពីចុងឆ្នាំ២១០៧បានចេញអនុក្រិត្យបង្កើតគណៈកម្មការត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិរបស់អង្គការពលកម្មអន្តរជាតិ។
កាលពីឆ្នាំ២០១៤ ក្រុមសហជីពជាច្រើននៅកម្ពុជាធ្លាប់បានប្តឹងទៅ អង្គការពលកម្មអន្តរជាតិចំពោះឃាតកម្មលើលោកជា វិជ្ជា លោកហ៊ី វុទ្ធី និងលោក រស់ សុវណ្ណារ៉េត និងករណីបាញ់សម្លាប់កម្មករលើផ្លូវវ៉េងស្រេងដើម្បីឲ្យរកយុត្តិធម៌ជូនពួកគេ។
ប្រធានសហភាពការងារលោកអាត់ ធន់ សង្ឃឹមថា រដ្ឋាភិបាលនឹងបន្តការស៊ើបអង្កេតករណីឃាតកម្មខ្នាតធំជាច្រើននេះ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ និងនាំខ្លួនជនដៃដល់ពីក្រោយឃាតកម្មទាំងនេះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ លោកបន្តថា ក្រុមសហជីពនៅកម្ពុជានឹងនៅតែបន្តតាមដានលើករណីនេះ ហើយរំពឹងថា រដ្ឋាភិបាលកម្ពុជានឹងអាចផ្តល់របាយការណ៍ដែលអាចទទួលយកបានជូនទៅអង្គការពលកម្មអន្តជាតិILO៕