28.4 C
Phnom Penh

លោក​កឹមសុខា​ជូនពរ​ឲ្យពល​រដ្ឋ​ខ្មែរ​ទទួល​បាន​សុខ​សន្តិភាព​ពិតប្រាកដ​យុត្តិធម៌​សង្គម​និង​បញ្ឈប់​ការ​លាប​ពណ៌​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​កឹមសុខា​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ផ្ទះ​ក្រោម​ការ​ឃ្លាំមើល​ដ៏​រឹតត្បិត​ដោយ​ក្រុម​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​លោក​ហ៊ុនសែន​បាន​ផ្ញើ​សារ​ជូនពរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០១៩​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​ចាស់​២០១៨​ឈាន​ចូល​ឆ្នាំ​ថ្មី​២០១៩​នេះ​លោក​សូមជូន​ពរ​ដល់​ពលរដ្ឋ​ជុំវិញ​ពិភពលោក​ឲ្យ​ជួប​ប្រទះ​នូវ​សេចក្តី​សុខ​និង​សុភមង្គល​គ្រប់ៗ​គ្នា។​

ជាង​នេះទៅ​ទៀត​លោក​សូមជូន​ពរ​ជាពិសេស​ដល់​ព្រះ​រាជាណាចក្រ​កម្ពុជា​និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ឲ្យ​ទទួល​បាន​នូវ​សុខ​សន្តិភាព​និង​វឌ្ឍនភាព​តាម​គោល​ការណ៍​ប្រជា​ធិបតេយ្យ​ដោយ​ចាប់​ផ្តើម​ពី​ការ​ផ្សះផ្សា​ជាតិ​ពិត​ប្រាកដ​មិន​យក​ខ្មែរ​ណា​ជា​សត្រូវ។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ក៏​សូម​បួងសួង​ឲ្យ​ឆ្នាំថ្មី​នេះ​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​ដែល​លុប​បំបាត់​ឲ្យអស់​នូវ​ជម្ងឺ​ពីរ​យ៉ាង​ដែល​កំពុង​រាត​ត្បាត​ក្នុង​សង្គម​ខ្មែរ៖​ទី១​គឺ​ការ​គាប​សង្កត់​ជិះជាន់​គម្រាម​កំហែង​ជាពិសេស​ដោយ​អំពើ​ហិង្សា​និង​ទី​២​គឺ​ការ​ស្អប់​ឈ្នានីស​ជាពិសេស​តាម​រូប​ភាព​លាប​ពណ៌​ជេរ​ប្រមាថ​និង​បង្ខូច​កេរ្តិ៍​ឈ្មោះ។​

លោក​កឹមសុខា​ក៏បាន​បួង​សួង​សូម​ឲ្យ​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី​នេះ​ចាប់​ផ្តើម​ពី​មេដឹក​នាំ​គ្រប់​និន្នាការ​ដើម្បី​ជា​គម្រូ​ដោយ​បញ្ឈប់​ការ​ធ្វើ​នយោបាយ​តាម​បែប​អគុណធម៌​មិន​ថា ​តាម​រយៈ​ការ​គំរាម​កំហែង​ឬការ​មួល​បង្កាច់​នោះ​ឡើយ​ហើយ​វិល​ទៅ​រក​ទសពិធរាជ​ធម៌​វិញ​ដើម្បី​ត្រួសត្រា​យផ្លូវ​ជូន​ប្រជា​ពលរដ្ឋ​ជាពិសេស​កូន​ខ្មែរ​ជំនាន់​ក្រោយ។ ​

ជាចុង​ក្រោយ​លោក​សូម​ជូនពរ​ឲ្យ​ឆ្នាំ​ថ្មី​២០១៩​នេះ​នាំ​មក​នូវ​សុភមង្គល​ភា​ពរុងរឿង​យុត្តិធម៌​ភាព​ស្ងប់សុខ​និង​សេរីភាព​ពេញ​លេញ​បរិបូរណ៍​ដល់​ខ្មែរ​គ្រប់រូប៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស