30 C
Phnom Penh

ក្រុម​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​អះអាង​ថា​ រដ្ឋាភិបាល​លោក​ហ៊ុនសែន​បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ក្នុង​ឆ្នាំ​២០១៨​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​អះអាង​ថា ​កម្ពុជា​បាន​រំលោភ​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ខ្លាំង​ជាង​គេ​ក្នុង​ចំណោម​សិទ្ធិ​ជា​មូលដ្ឋាន​ទាំង​ប្រាំ​របស់​មនុស្ស​រួមមាន​សិទ្ធិ​ពលរដ្ឋ​សិទ្ធិ​នយោបាយ​សិទ្ធិ​សេដ្ឋកិច្ច​សង្គម​កិច្ច​និង​វប្បធម៌។​

អ្នកនាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្សAdhoc​លោក​សឹង សែនករុណា​ បាន​ប្រាប់​កាសែត​The Cambodia Daily ថា​ សិទ្ធិ​ដែល​មាន​ការ​រំលោភ​ខ្លាំង​ជាងគេ​នៅ​កម្ពុជា​គឺ​សិទ្ធិ​ពលរដ្ឋ ​និង​សិទ្ធិ​នយោបាយ។​

កម្ពុជា​បាន​ឲ្យ​សច្ចាប័ន​លើ​អនុ​សញ្ញា​ជាច្រើន​របស់​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​គោរព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជា​ធិបតេយ្យ។​

មាត្រា​៣១​នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ចែង​ថា​ ព្រះ​រាជាណាចក្រ​កម្ពុជា​ទទួល​ស្គាល់​និង​គោរព​សិទ្ធិ​មនុស្ស​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហ​ប្រជាជាតិ​សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស​និង​កតិកា​សញ្ញា​ព្រម​ទាំង​អនុសញ្ញា​ទាំង​ឡាយ​ទាក់​ទង​ទៅ​នឹង​សិទ្ធិ​មនុស្ស​សិទ្ធិ​នារី​និង​សិទ្ធិ​កុមារ។​ពលរដ្ឋ​ខ្មែរ​មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​មាន​សិទ្ធិ​សេរីភាព​និង​ករណីយ​កិច្ច​ដូច​​គ្នា​ទាំងអស់​ដោយ​ឥត​ប្រកាន់​ពូជ​សាសន៍​ពណ៌​សម្បុរ​ភេទ​ភាសា​ជំនឿ​សាសនា​និន្នាការ​នយោបាយ​ដើម​កំណើត​ជាតិ​ឋានៈ​សង្គម​ធនធាន​ឬ​ស្ថាន​ភាព​ឯ​ទៀត​ឡើយ។ ​

លោក​សឹងសែន​ករុណ​អះអាង​ថា​ការ​ចូល​រួម​របស់​ពលរដ្ឋ​ក្នុង​វិស័យ​នយោបាយ​ក្នុង​ឆ្នាំ​២០១៨​នេះ​មាន​ការ​រឹតត្បិត​ធ្ងន់ធ្ងរ​ដូចជា​ករណី​បោះឆ្នោត​ដែល​ពលរដ្ឋ​ភាគ​ច្រើន​មិន​បាន​ចូលរួម​ឲ្យ​បាន​ពេញលេញ​ទេ​ដោយ​សារ​ចាប់​ពី​តាំង​ចុង​ឆ្នាំ​២០១៧​មក​គណបក្ស​កាន់​អំណាច​បង្កើត​ច្បាប់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នាំ​ឲ្យមាន​ការ​កាត់​ផ្តាច់​ឫស​គល់​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ។​

លោក​បន្ត​ថា​រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​រឹតត្បិត​ទៅលើ​សិទ្ធិ​ក្នុង​ការ​ធ្វើ​នយោបាយ​របស់​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​រូប​ហើយ​ហែក​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​នេះ​ជាង​៥​ពាន់​ទៅ​ឲ្យ​គណបក្ស​កាន់​អំណាច​ស្ទើរ​ទាំង​ស្រុង។​លោក​បន្ត​ថា​សមត្ថ​កិច្ច​រដ្ឋាភិបាល​លោក​ហ៊ុនសែន​បាន​គំរាម​កំហែង​យ៉ាង​ខ្លាំង​ទៅ​លើ​សកម្ម​ជន​នយោបាយ​ដែលនាំ​ឲ្យ​មន្រ្តី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​រត់​ភៀស​ខ្លួន​ទៅនៅ​ក្រៅ​ប្រទេស​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ។​

លោក​បន្ត​ថា​ដើម្បី​បញ្ចៀស​នូវ​បញ្ហា​នេះ​រដ្ឋាភិបាល​ត្រូវតែ​​បើក​ឲ្យ​មាន​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​និង​នីតិរដ្ឋ​ឡើង​វិញ​ដើម្បី​សង្គ្រោះ​វាសនា​សេដ្ឋកិច្ច​របស់​កម្ពុជា​ពីការ​ដាក់​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរ​ជាតិ​និង​សហ​រដ្ឋ​អាមេរិក៕​​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស