អាកាសយានដ្ឋានអន្តរជាតិសាជីវកម្មដារ៉ាសាគរ ក្នុងខេត្តកោះកុង នឹងចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំ២០២០ នៅពេលដែលការងារសាងសង់ដំណាក់កាលដំបូងនៃការអភិវឌ្ឍគ្រោងនឹងបញ្ចប់។ ព្រលានយន្តហោះនេះត្រូវបានសាងសង់នៅក្បែររមណីយដ្ឋានដារ៉ាសាគរ។
សារព័ត៌មានខ្មែរថែមស៍បានដកស្រង់សម្តីលោកវ៉ាង ចាវ(Wang Chao) អនុប្រធានក្រុមហ៊ុនចិន Union Development Groupឬហៅកាត់ថា UDGចុះផ្សាយនៅថ្ងៃអង្គារនេះថា ព្រលានយន្តហោះដែលសាងសង់ដោយក្រុមហ៊ុន UDG នេះអាចគ្រប់គ្រងយន្តហោះដឹកជញ្ជូនផ្លូវអាកាសដូចជាBoeing 777និងយន្តហោះ Airbus A340។ លោកបន្តថា ព្រលានយន្តហោះនេះនឹងត្រូវចំណាយថវិកាចំនួន២០០លានដុល្លារដើម្បីបញ្ចប់ការសាងសងវគ្គដំបូង ដែលអាចទទួលភ្ញៀវទេសចរពីទូទាំងពិភពលោកចំនួន៤លាននាក់ក្នុង១ឆ្នាំៗ។
ព្រលានយន្តហោះនេះមានទីតាំងនៅស្រុកបទុមសាគរខេត្តកោះកុងលើផ្ទៃដីទំហំ១៨៧ក្នុងចំណោមផ្ទៃដីទំហំ២១៨ហិចតា ដែលរដ្ឋាភិបាលលោកហ៊ុន សែន បានសម្បទានទៅក្រុមហ៊ុននេះកាលពីឆ្នាំ២០០៨សម្រាប់គ្រប់គ្រងរយៈពេល៩៩ ឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយទាក់ទងនឹង ក្រុមហ៊ុនUDGនេះ សារព័ត៌មាន Asia Timesកាលពីខែធ្នូឆ្នាំ២០១៨កន្លងទៅចុះផ្សាយថា កម្ពុជាអាចក្លាយជាចំណុចស្នូលនៃសង្គ្រាមត្រជាក់ថ្មី ដោយសារកម្ពុជាបានអនុញ្ញាតឲ្យធ្វើមូលដ្ឋានទ័ពជើងទឹករបស់ចិនក្នុងខេត្តកោះកុងតាមរយៈដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចិន UDG ទំហំជាង៤ម៉ឺន៥ពាន់ហិកតាសម្រាប់រយៈពេល៩៩ឆ្នាំដើម្បីឲ្យចិនសាងសង់កំពង់ផែសមុទ្រទឹកជ្រៅ ដែលអាចឲ្យកប៉ាល់ចម្បាំងចិនចូលចតបាន។ ប៉ុន្តែរដ្ឋាភិបាលទីក្រុងភ្នំពេញបានបដិសេធជាបន្ទាន់ចំពោះការចុះផ្សាយនេះ ក្រោយពីអនុប្រធានាធិបតីអាមេរិកលោកMike Penseបានផ្ញើរសារទៅលោកហ៊ុន សែនថា ប្រសិនបើពិតដូចការចុះផ្សាយមែន នោះវានឹងធ្វើឲ្យខូចទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក៕