រដ្ឋសភាឯកបក្សក្នុងរបបលោកហ៊ុន សែន កាលពីព្រឹកមិញអនុម័ត សេចក្តីព្រាងវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្តនិងក្រុមប្រឹក្សាស្រុក-ខណ្ឌ។
ការអនុម័តនេះធ្វើឡើង៥ខែមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្តក្រុង ស្រុក ខណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ខែឧសភាក្នុង២០១៩នេះ ដែលតម្រូវឲ្យសមាជិកជាប់ឆ្នោតមកពីក្រុមប្រឹក្សាឃុំ -សង្កាត់តែប៉ុណ្ណោះមានសិទ្ធិចូលរួមក្នុងការបោះឆ្នោតមួយនេះ។
ទោះជាយ៉ាងណាក៏ដោយ សមាជិកជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិបានបាត់បង់សិទ្ធិបោះឆ្នោតរបស់ពួកគេបន្ទាប់ពីតុលាការកំពូលបាន រំលាយបក្សមួយនេះចោល កាលពីចុងឆ្នាំ២០១៧ ហើយហែកអាសនៈរបស់ក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សនេះស្ទើរទាំងស្រុងទៅឲ្យបក្សកាន់អំណាច។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេងដែលបានដឹកនាំ វិសោធនកម្ម ច្បាប់ មួយ នេះបានអះអាងថា ការអនុម័តសេចក្តីព្រាងច្បាប់នេះគឺដើម្បីផ្ទេរសិទ្ធិអំណាចពេញលេញទៅឲ្យអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសម្រាប់បម្រើ ផលប្រយោជន៍ជូនពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ទោះជាយ៉ាងណាក៏ដោយ មន្ដ្រីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែលលោកកន សា វាង្សអះអាងថា ការលើកឡើងរបស់លោកស ខេងផ្ទុយពីការអនុវត្តជាក់ស្តែង៕