ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ីបានក្រើនរំឭកកុំឲ្យមន្ត្រីរបស់បក្សនេះចាញ់កលល្បិចរបស់លោកហ៊ុន សែន ដែល កំពុងជំរុញឲ្យមន្រ្តីរបស់គណបក្សសង្គ្រោះជាតិចំនួន១១៨ រូបសុំសិទ្ធិធ្វើ នយោបាយឡើងវិញ។
លោកសម រង្ស៊ីបានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃព្រហស្បតិ៍ថា ការសុំសិទ្ធិធ្វើនយោបាយពីលោកហ៊ុន សែនឡើងវិញ ប្រៀបបានទៅនឹងការ ទទួលស្គាល់ការរំលាយគណបក្សសង្គ្រោះជាតិ និងទទួលស្គាល់បទចោ ទលើលោកកឹម សុខាថា មានទោសពីបទក្បត់ជាតិអ៊ីចឹងដែរ។
រហូតមកទល់ពេលនេះ គណបក្សប្រជាជនកម្ពុជាកំពុងរង់ចាំការឡាយព្រះហត្ថលេខាពីព្រះមហាក្សត្រក្នុងការប្រកាសចូលជាធរមាន ត្រង់មាត្រា៤៥ថ្មីស្ទួនរបស់គណបក្សនយោបាយដើម្បីបើកផ្លូវឲ្យ អ្នកនយោបាយដែលតុលាការហាមឃាត់មិនធ្វើនយោបាយរយៈពេលប្រាំឆ្នាំ។
លោកហ៊ុន សែនធ្លាប់អះអាងថា បុគ្គល ទាំងឡាយណាដែលចង់បានសិទ្ធិធ្វើនយោបាយឡើងវិញ ម្នាក់ៗត្រូវដាក់លិខិតសុំមករូបលោកទៅក្រសួងមហាផ្ទៃ ឬទៅព្រះមហាក្សត្រ។
ទោះជាយ៉ាងណាក៏ដោយ មេធាវីរបស់លោកកឹម សុខាគឺលោកចាន់ ចេន ធ្លាប់អះអាងថា កូនក្តីរបស់លោកជំរុញឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់ជាមុនសិន មុននឹងទទួលបានសិទ្ធិធ្វើនយោបាយ។ ហើយដូចគ្នាដែរ ចំពោះការទទួលយកសិទ្ធិនយោបាយមកវិញនោះ មន្រ្តីគណបក្សសង្គ្រោះជាតិជាច្រើនរូបទៀតក្នុងចំណោមមន្រ្តីចំនួន១១៨រូបនោះក៏រងចាំឲ្យតុលាការទម្លាក់បទចោទមកលើលោកកឹម សុខាដើម្បីឲ្យមានសេរីភាពជាមុនសិនដែរ៕