29.3 C
Phnom Penh

អាជ្ញា​ធរនាំគ្នា​រំខាន​ការ​រំឭក​ខួប​នៃ​ការ​បាញ់​ប្រហារ​ក្រៅ​ប្រព័ន្ធ​ច្បាប់​លើ​ហ្វូង​បាតុករ​កាលពី​ប្រាំ​ឆ្នាំ​មុន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​ខណ្ឌ​សែនសុខ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​នាំគ្នា​ទៅ​រំខាន​ពិធី​រៀប​ចំ​រំឭក​ខួប​ប្រាំឆ្នាំ​របស់​សកម្មជន​សិទ្ធិ​មនុស្ស​ និង​ជន​រង​គ្រោះ​ពីការ​ប្រើ​អំពើ​ហិង្សា​របស់​ក្រុម​ទាហាន​កង​ឆ័ត្រ​យោង​៩១១​ និង​កម្លាំង​ចម្រុះ​ដែល​បាន​បាញ់​បង្ក្រាប​នៅ​មុខ​សួន​ឧស្សាហ​កម្ម​កាណាឌីយ៉ា​កាលពី​ឆ្នាំ​២០១៤។​

ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លោក​វន់ ពៅ​ បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា ​អាជ្ញាធរ​ខណ្ឌ​សែនសុខ​ បាន​រុះរើ​រោង​សម្រាប់​ធ្វើ​ពិធី​សូត្រ​មន្ត ​និង​ជួបជុំ​គ្នា​នៅ​មុខ​ការិយាល័យ​ផ្ទះ​សាមគ្គី​ចំនួន​៣​ ប្រលោះ​ឬ​បីល្វែង​ ក្រោម​ហេតុ​ផល​ថា​ មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជា​មុន​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវ​សាធារណៈ​ផង​ដែរ។​ លោក​អះអាង​ថា​ សកម្ម​ភាព​រំខាន​នេះ​គឺ​ជា​ការ​បន្ត​ការ​រឹតត្បិត​សេរីភាព​របស់​ក្រុម​សង្គម​ស៊ីវិល​ និង​ជា​ការ​គំរាម​កំហែង​សិទ្ធិ​ជួប​ប្រជុំ​តាម​បែប​សាសនា​ជា​ដើម។​

ទោះជាយ៉ាង​ណា​ក៏​ដោយ ​ពួកគេ​បាន​នាំ​គ្នា​រៀប​ចំ​ពិធី​ជួប​ជុំ​ និ​ងសូត្រ​មន្ត​ បង្សុកូល​ដល់​ជន​រង​គ្រោះ​ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​ការ​បង្ក្រាប​នៅ​មុខ​សួន​ឧស្សាហ​កម្ម​កាណាឌីយ៉ា ​កាលពី​ថ្ងៃ​ទី​៣​មករា​២០១៤​ ក្រោម​ការ​ឃ្លាំ​មើល​ពី​សំណាក់​សមត្ថ​កិច្ច​ស្លៀក​ពាក់​ស៊ីវិល​ជាច្រើន​នាក់។​​

លោក​វន់ ពៅ ​និង​សកម្ម​ជន​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​ ព្រម​ទាំង​ក្រុម​គ្រួសារ​អ្នក​ស្លាប់​ផង​ នៅតែ​ដង្ហើយ​ហៅ​រក​យុត្តិ​ធម៌​សម្រាប់​ពួក​គាត់​ ហើយ​ជំរុញ​ឲ្យ​ពលរដ្ឋ​ត្រូវ​ហ៊ាន​ក្រោក​ឈរ​តតាំង​នឹង​ភាព​អយុត្តិ​ធម៌។ ​លោក​បន្ត​ថា​ ព្រឹត្តិ​ការណ៍​ថ្ងៃ​ទី ​២​ និង​៣​មករា​២០១៤​​ជា​ព្រឹត្តិ​ការណ៍​ដ៏​សោកសៅ​ ខ្មៅ​ងងឹត ​មិន​អាច​បំភ្លេច​បាន។​

កាលពី​ថ្ងៃទី​​២​ខែ​មករា​ឆ្នាំ​២០១៤ ​ទាហាន​កង​ឆ័ត្រយោង​នៃ​កងពល​តូច​លេខ​ ៩១១​ដែល​ដឹកនាំ​ដោយ​លោក​ចាប ភក្តី​ បាន​ប្រើ​អំពើ​ហិង្សា​ជា​ខ្លាំង​លើ​ក្រុម​សកម្ម​ជន​សិទ្ធិ​មនុស្ស​ សកម្ម​ជន​ដីធ្លី​ និង​កម្មករ​ នៅមុខ​រោង​ចក្រ​យាកជីន។ ​មួយ​ថ្ងៃ​ក្រោយ​មក​មាន​ការ​បង្ក្រាប​បង្ហូរ​ឈាម​ ពី​សំណាក់​កង​កម្លាំង​ចម្រុះ​នៃ​របប​លោក​ហ៊ុន សែន​រាប់រយ​នាក់​ប្រដាប់​ដោយ​អាវុធ​ទំនើបៗ​គ្រប់​ដៃ​បាញ់​រះ​ទៅ​លើ​កម្មករ​នៅ​លើ​ផ្លូវ​វេងស្រេង។​ ព្រឹត្តិ​ការណ៍​ទាំងពីរ​នេះ​បណ្តាល​ឱ្យ​កម្មករ​៤ ​នាក់​ស្លាប់ ​និង​បាត់​ខ្លួន​ម្នាក់​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​ ព្រម​ទាំង​រង​របួស​ជាច្រើន​នាក់៕​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស