ក្រុមគ្រួសាររបស់លោករ៉ាត់ រត្នមុនីនិងសហគមន៍រងគ្រោះការរឹបអូសដីធ្លីមួយចំនួននៅព្រឹកថ្ងៃទី៩ខែមករានេះ នាំគ្នាធ្វើការតវ៉ាជាលើកទី៣ នៅមុខស្ថានទូតរ៉ុស្ស៊ីទាមទារឲ្យមានការអន្តរាគមន៍ពីរដ្ឋាភិបាលរុស្ស៊ីដើម្បីដោះលែងឲ្យអ្នកបកប្រែ ខ្សែភាពយន្តឯកសារស្តីអំពីការជួញដូរផ្លូវភេទរូបនេះមានសេរីភាពឡើងវិញ។
អ្នកស្រីឡុង គឹមហ៊ាង ដែលជាភរិយារបស់លោករ៉ាត់ រត្នមុនី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការតវ៉ាជាថ្មីនេះគឺដើម្បីស្នើដល់រដ្ឋាភិបាលរុស្ស៊ីអន្តរាគមន៍មករដ្ឋាភិបាលកម្ពុជាដើម្បីដោះលែងប្ដីរបស់អ្នកស្រីឲ្យមានសេរីភាពឡើងវិញ។ អ្នកស្រីបញ្ជាក់ថា ការផលិតខ្សែវីដេអូឯកសារនេះក៏មានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលរុស្ស៊ីដែរ។
ការតវ៉ានេះ ក៏មានការប៉ះទង្គិចគ្នារវាងអាជ្ញាធរ និងអ្នកតវ៉ាដែរខណៈពួកគេបានព្យាយាមដង្ហែក្បួនបាតុកម្មខាងមុខស្ថានទូតរុស្ស៊ី។ ទោះជាយ៉ាងក៏ដោយ មិនមានមន្ត្រីស្ថានទូតរុស្ស៊ីណាម្នាក់ចេញមុខមកជួបឬទទួលញត្តិរបស់ពួកគេនោះឡើយ។
លោករ៉ាត់ រត្នមុនីត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឲ្យមានការរើសអើងតាមមាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ ដែលត្រូវប្រឈមទៅនឹងការជាប់ទោសក្នុងពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ ពាក់ព័ន្ធនឹងការចូលរួមជួយផលិតខ្សែភាពយន្តឯកសារដែលមានចំណងជើងថា«ម្ដាយខ្ញុំលក់ខ្ញុំ»របស់ស្ថានីយ៍ទូរទស្សន៍ Russia Todayរបស់ប្រទេសរុស្ស៊ី ហើយដែលរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាការធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជា និងជារឿងដែលមិនអាចអត់ឱនឱ្យបាន៕