អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជានៅថ្ងៃច័ន្ទនេះបានសម្តែងការអបអរសាទរជាខ្លាំងដល់ខួប៣៤ឆ្នាំនៃតំណែងជានាយករដ្ឋមន្រ្តីរបស់លោកហ៊ុន សែនតាំងពីឆ្នាំ១៩៨៥រហូតមកទល់បច្ចុប្បន្ននេះ។
សេចក្តីថ្លែងការណ៍របស់លោកផៃ ស៊ីផានដែលចេញផ្សាយជាសាធារណៈនៅថ្ងៃនេះ បញ្ជាក់ថា ការកាន់តំណែងជាប្រមុខរដ្ឋាភិបាល ដោយលោកហ៊ុន សែនបាននាំឲ្យកម្ពុជាទទួលបានភាពកក់ក្តៅ និងជឿជាក់ពីមហាជនទូទៅជាទីបំផុត។
សេចក្តីថ្លែងការណ៍ដដែលឲ្យដឹងទៀតថា តំណែងជាប្រមុខរដ្ឋាភិបាលនេះគឺជាជម្រើសរបស់ពលរដ្ឋខ្មែរសម្រាប់ការដឹកនាំប្រកបដោយប្រសិទ្ធភាព និងថាមពលក្នុងការផ្តល់នូវសុខសន្តិភាព ការអភិវឌ្ឍនិងភាពសុខដុមរមនាដល់ពលរដ្ឋ។
ទោះជាយ៉ាងណាក៏ដោយលោកគឹម សុខអ្នកវិភាគនយោបាយកំពុងរស់នីរទេសក្នុងប្រទេសហ្វាំងឡង់ប្រាប់សារព័ត៌មានThe Cambodia Dailyនៅមុនការផ្សាយនេះបន្តិចថា រយៈពេល៣៤ឆ្នាំនៃតំណែងជានាយករដ្ឋមន្រ្តីរបស់លោកហ៊ុន សែនបានបន្សល់ទុកនូវសមិទ្ធផលធំៗពីរទី១ គឺការទទួលបានប្រព័ន្ធគ្រប់គ្រងរដ្ឋបាលបែបកុម្មុយនីស្តដែលបង្កើតបក្សពួកនិយមពេញស្ថាប័នជាតិ និងអំពើពុករលួយស្ទើរតែលក់ជាតិ លក់ទ្រព្យសម្បត្តិជាតិដើម្បីតែការចង់បានបុណ្យសក្តិខ្ពស់ និងការយកបុគ្គលជាធំ។
លោកបន្តថា សមិទ្ធផលធំទី២ គឺបន្សល់ទុកប្រព័ន្ធគ្រប់គ្រងសង្គមមួយដែលបន្លាចពលរដ្ឋខ្លួនឯង និងប្រជាជាតិខ្លួនឯងទាំងមូល។ ពលរដ្ឋរស់នៅដោយការភ័យខ្លាចការមិនទទួលបានយុត្តិធម៌ ពីព្រោះគ្មានសិទ្ធិក្នុងការបញ្ចេញមតិ និងមានតុលាការមិនឯករាជ្យ។ ពលរដ្ឋ រស់នៅដោយសារភ័យខ្លាចអសន្តិសុខសង្គម ពលរដ្ឋរស់នៅដោយការភ័យខ្លាចពីការដកប្រព័ន្ធអនុគ្រោះពន្ធ ពលរដ្ឋរស់នៅដោយការភ័យខ្លាចបាត់បង់ដីធ្លី ស្រែចម្ការ និងព្រៃឈើនិងការរស់នៅភ័យខ្លាចដោយការស្រេកឃ្លាន៕