លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃច័ន្ទនេះ ប្រកាសមិនចុះញ៉មការគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកមកលើកម្ពុជាឡើយ ប៉ុន្តែលោកថាវា គឺជាការសម្លាប់គណបក្សសង្គ្រោះជាតិតែម្តង។
លោកព្រមានក្តែងៗថា គ្មានឡើយការនិយាយពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសមួយនេះតទៅទៀតឡើយ ប្រសិនបើអឺរ៉ុបដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជាហើយនោះ។
ការថ្លែងរបស់លោកហ៊ុន សែនធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ប្រើប្រាក់កម្ចីរបស់ចិនចំនួន៣រយលានដុល្លារសហរដ្ឋអាមេរិក នៅខេត្តកណ្តាល កាលពីព្រឹកមិញនេះ។
លោកបានព្រមានធ្ងន់ៗថា នឹងមិនអត់ឱនឱ្យគណបក្សសង្គ្រោះជាតិ និងមេដឹកនាំរបស់បក្សប្រឆាំងមួយនេះដែលកំពុងជាប់ឃុំឡើយ ប្រសិនបើអន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជាមែននោះ។ លោកអះអាងថា កម្ពុជាបានត្រៀមខ្លួនរួចរួលហើយដើម្បីទប់ទល់នឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិ។
ការអះអាងរបស់លោកហ៊ុន សែនធ្វើឡើងក្រោយពី សមាជិកព្រឹទ្ធសភាអាមេរិកចំនួន២រូប បានស្នើឲ្យរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ត្រាំដកហូតប្រព័ន្ធអនុគ្រោះពន្ធទូទៅ ឬ GSPពីកម្ពុជា ខណៈសហភាពអឺរ៉ុប ក៏កំពុងដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធ EBAចេញពីកម្ពុជាផងដែរ។ ក្រុមអ្នកជំនាញនិយាយថា ប្រព័ន្ធ អនុគ្រោះពន្ធទាំងពីរនេះ បាននាំឲ្យកម្ពុជាចំណេញពីការរួចពន្ធជិត១ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ។
ទោះជាបែបនេះក្តី លោកហ៊ុន សែនសម្តែងមោទនភាពថា លោកធ្លាប់បានដឹកនាំប្រទេសតាំងពីសម័យអន្តរជាតិហ៊ុំព័ទ្ធសេដ្ឋកិច្ចរបស់កម្ពុជាក្នុងទសវត្សរ៍ទី១៩៨០មកម្ល៉េះ ប៉ុន្តែកម្ពុជានៅតែអាចរស់រានបានរហូតមកដល់សព្វថ្ងៃនេះ ដូច្នេះសហគមន៍អន្តរជាតិមិនបាច់មកគំរាមអ្វីដល់កម្ពុជានោះឡើយ៕