33 C
Phnom Penh

មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ប្រកាស​អំពី​ជោគជ័យ​នៃ​កំណើន​សេដ្ឋ​កិច្ច​ជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ហ៊ុន សែន​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​សម្តែង​មោទន​ភាព​ថា​សេដ្ឋ​កិច្ច​កម្ពុជា​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ ចាប់​តាំងពី​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ ​កាលពី​ចុង​ឆ្នាំ​១៩៩៨។​ លោក​បន្ត​ថា​ ក្នុង​រយៈ​ពេល​ជិត​២​ទសវត្សរ៍​ចុង​នេះ​ កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ ជា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋ​កិច្ច​ខ្ពស់​លំដាប់​ទី​៦ ​លើ​ពិភពលោក។​

ការ​អះអាង​របស់​លោក​ហ៊ុន សែន​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​សភា​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​២៧​ក្នុង​ខេត្ត​សៀមរាប​ កាលពី​ព្រឹកមិញ​នេះ។​

លោក​ហ៊ុន សែន​អះអាង​ថា ​សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​កើន​ឡើង​ជា​មធ្យម​ជាង​​៧%​ក្នុង​១​ឆ្នាំ​តាម​រយៈ​ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​លើ​វិស័យ​ឧស្សាហ​កម្ម ​កម្មន្តសាល​ សំណង់​ កសិកម្ម ​សេវា​កម្ម​ ទេស​ចរណ៍​ អចលន​ទ្រព្យ ​គមនាគមន៍​ និង​ការ​ដឹក​ជញ្ជូន។​

លោក​បន្ត​ថា​ អត្រា​នៃ​ភាព​ក្រីក្រ​ក៏​បាន​ធ្លាក់​ចុះពី​ប្រមាណ​៥៣,២%​ នៅ​ឆ្នាំ​២០០៤​មក​នៅ​ក្នុង​រង្វង់​១០%​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។​ លោក​សង្ឃឹម​ថា ​កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​តាម​រយៈ​ការ​ធានា​បាន​សុខ​សន្តិភាព ​និង​ស្ថិរភាព​នយោបាយ។​

ប៉ុន្តែ​អង្គការ​អភិវឌ្ឍន៍​របស់​ប្រទេស​អាល្លឺម៉ង់ ​GIZ​កាលពី​​ឆ្នាំ​២០១៩​ រក​ឃើញ​ថា ​​​ស្ថាន​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​ខ្មែរ​ស្ថិត​ក្នុង​រង្វង់​២០% ​ស្ថិត​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ។​

លោក​បណ្ឌិត​មាស នី​ អ្នក​ស្រាវជ្រាវ​ និង​ជា​អ្នក​ឃ្លាំមើល​សង្គម​និយាយ​ថា ​កម្ពុជា​នៅតែ​ជា​ប្រទេស​ដែល​ក្រ​ជាង​គេ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​បណ្តា​ប្រទេស​ជាច្រើន​ទៀត​ក្នុង​តំបន់​អាស៊ាន​ ដោយ​សារ​ប្រាក់​ចំណូល​របស់​កម្ពុជា​នៅ​មាន​កម្រិត​ទាប​គេ​នៅ​ឡើយ។​ លោក​បន្ត​ថា​ ប្រសិន​បើ​សហគមន៍​អឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពី​កម្ពុជា​មែន​ នោះ​ពលរដ្ឋ​ខ្មែរ​ប្រហែល​ពី​៤០​ទៅ​៤៥%​អាច​ធ្លាក់​ទៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស