29 C
Phnom Penh

សកម្មជន​អតីត​បក្ស​ប្រឆាំង​នៅ​ខេត្ត​ស្វាយរៀង​ម្នាក់ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​ក្រសួង​មហា​ផ្ទៃ ​​កាលពី​ព្រឹកមិញ​នេះ​បាន​ចាប់​ខ្លួន សកម្មជន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​រូប​នៅ​ខេត្ត​ស្វាយរៀង​គឺ​លោក​គង់ ម៉ាស់​ក្នុង​ពេល​លោក​កំពុង​អង្គុយ​ពិសារ​កាហ្វេ​ក្នុង​ហាង​មួយ ​ក្នុង​ទីក្រុង​ភ្នំពេញ។ ​

សមត្ថ​កិច្ច​បាន​ចោទ​លោក​គង់ ម៉ាស់​ ថា​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​  តែ​មិន​បាន​បញ្ជាក់​ថា  ​ជា​សារ​អ្វី​នោះ​ឡើយ។​

ការ​ចាប់​ខ្លួន​អតីត​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​ជាថ្មី​ទៀត​នេះ ​ធ្វើ​ឡើង​ពីរ​ថ្ងៃ​ក្រោយ​ពេល​លោក​ហ៊ុន សែន​ ព្រមាន​កម្ចេច​ក្រុម​បក្ស​ប្រឆាំង​ចោល ​និង​មិន​អត់​ឱន​ឱ្យ​ក្រុម​បក្ស​នេះ​ឡើយ​ ប្រសិន​បើ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។​

លោក​គង់ម៉ាស់​គឺ​ជា​សកម្មជន​ដ៏​សកម្ម​មួយ​រូប​ ដែល​ហ៊ាន​និយាយ​រិះគន់​បញ្ហា​អសកម្ម​របស់​រដ្ឋាភិបាល ​និង​បញ្ហា​ព្រំដែន​ជាដើម។​

នៅមុន​ការ​ឃាត់​ខ្លួន​មួយ​ម៉ោង ​ លោក​គង់ ម៉ាស់ ​បាន​បង្ហោះ​រូបថត​របស់​លោក​កំពុង​អង្គុយ​ទទួល​ទាន​កាហ្វេ ​និង​សរសេរ​ថា ​«ទឹក​ទី១៖​ សហភាពអឺរ៉ុប​បាន​សម្រេច​ជំហាន​ដំបូង​ដាក់​ទណ្ឌកម្ម​លើ​ការ​យក​ពន្ធ និង​តំឡើង​ថ្លៃ​លើ​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា ​ដោយ​យក​ពន្ធ​២​រយ​ កន្តក់​សញ្ញា​៧៣​សេន​ដុល្លារ​ក្នុង​មួយ​តោន។​ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​នៅ​ថ្ងៃ​ទី​១៤​មករា»។​

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​លោក​ស៊ឹង សែនករុណា​បាន​ប្រាប់​សារ​ព័ត៌មាន​The Cambodia Daily​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា ​ចំណាត់​ការ​របស់​សមត្ថ​កិច្ច​ក្នុង​របប​លោក​ហ៊ុន​ សែន​បាន​រំលោភ​ច្បាប់​សិទ្ធិ​មនុស្ស​ជាតិ​និង​ច្បាប់​អន្តរជាតិ​ និង​កាន់តែ​បង្ហាញ​ឲ្យ​សហគមន៍​អន្តរជាតិ​ឃើញ​ថា​ ស្ថាន​ភាព​នយោបាយ​នៅ ​កម្ពុជា​កាន់តែ​អាក្រក់ ​និង​កាន់តែ​តាន​តឹង​កំពុង​កម្រើក​ឡើង​វិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស