33 C
Phnom Penh

អតីត​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​ស្វាយរៀង​ ត្រូវ​ចោទ​ប្រកាន់​ពីបទ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថ​កិច្ច​បាន​ចោទ​ប្រកាន់​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ខេត្ត​ស្វាយរៀង​ម្នាក់​គឺ​លោក​គង់ ម៉ាស់​ពីបទ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ លោក​ហ៊ុន សែន ​ក្រោម​ការ​បញ្ជា​ពី​លោក​សម រង្ស៊ី​ពីខាង​ក្រៅ​ប្រទេស។​

វិទ្យុបារាំង ​RFI​ បាន​ដក​ស្រង់​សម្តី​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​លោក​ខៀវ សុភ័គ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​សមត្ថ​កិច្ច​បាន​បញ្ជូន​ មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​គឺ​លោក​គង់ ម៉ាស់​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃ​នេះ ​ក្រោយ​ពេល​សមត្ថ​កិច្ច​បញ្ចប់​ការ​សាក​សួរ។​

លោកថា ​ការ​ចោទ​ប្រកាន់​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ពី​បទ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​លោក​ហ៊ុន សែន​គឺដោយ​សារ​សមត្ថ​កិច្ច​រក​ឃើញ​ភស្តុតាង​ជាច្រើន​ នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​តាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​លោក​គង់ ម៉ាស់ ​និង​ភស្តុតាង​ជាច្រើន​ទៀត​នៅ​ក្នុង​កុំព្យូទ័រ​របស់​អតីត​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ។​

អាជ្ញាធរ​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​ខេត្ត​ស្វាយរៀង ​រូប​នេះ​កាលពី​ថ្ងៃ​ម្សិលមិញ​  ខណៈ​លោក​កំពុង​អង្គុយ​ពិសារ​កាហ្វេ​ជាមួយ​មិត្ត​ភក្តិ​ក្នុង​ហាង​Almond​ក្នុង​ទីក្រុង​ភ្នំពេញ។​

មុន​ពេល​ចាប់​ខ្លួន​ អតីត​មន្ត្រី​បក្ស​ប្រឆាំ​រូប​នេះ​មួយ​ថ្ងៃ​ គឺ​ ថ្ងៃ​ទី ​១៥​ មករា​ ហ្វេសប៊ុក​ឈ្មោះ​គង់ ម៉ាស់​បាន​សរសេរ​ថា​ រដ្ឋបាល​លោក​ហ៊ុន សែន​គិតតែ​រឿង​អំណាច​ មួយ​ថ្ងៃៗ​មិន​បាន​យក​ចិត្ត​ទុកដាក់​ជួយ​ដោះ​ស្រាយ​រក​មធ្យោបាយ​ផលិត  ​ការពារ​ថ្លៃ​ផលិត​ផល​ជូន​កសិករ ​សិប្បករ​ និង​ជួយ​រក​ទីផ្សារ​លក់​ផលិត​ផល​ ជាពិសេស​មិន​បាន​យក​ចិត្ត​ទុក​ដាក់​គ្រប់​គ្រង​ទីផ្សារ​ជូន​ពលរដ្ឋ​ឲ្យ​មាន​កម្រិត​សមរម្យ​នោះ​ទេ។​ លោក​ក៏ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ងើប​ឡើង​តវ៉ា​ដើម្បី​ជីវភាព​របស់​ខ្មែរ​គ្រប់ៗ​គ្នា។​

នៅថ្ងៃ​ទី​១៦​មុន​ពេល​ចាប់​ខ្លួន​លោក​ប៉ុន្មាន​ម៉ោង ​គណនី​ដដែល​សរសេរ​ថា ​ទឹក​ទី​១៖​ សហភាព​អ៊ឺរ៉ុប​បាន​សម្រេច​ជំហាន​ដំបូង​ដាក់​ទណ្ឌកម្ម​ដោយ​ការ​យក​ពន្ធ​ និង​តំឡើង​ថ្លៃ​មក​លើ​ការ​នាំចូល​អង្ករ​ពីកម្ពុជា ​ដោយ​យក​ពន្ធ​២០០​ដុល្លារ​និង​៧៣សេន​​ក្នុងមួយ​តោន។​

ការ​ចាប់​ខ្លួន​អតីត​សកម្ម​ជន​គណបក្ស​សង្រ្គោះ​ជាតិ​ជាថ្មី​ទៀត​នេះ​ គឺ​ធ្វើ​ឡើង​ក្រោយ​ពេល​លោក​ហ៊ុន សែន​ព្រមាន​កម្ចេច​ក្រុម​បក្ស​ប្រឆាំង​ចោល ​និង​មិន​អត់​ឱន​ឱ្យ​ក្រុម​បក្ស​នេះ​ឡើយ​ ប្រសិន​បើ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​មក​លើ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។​

លោក​គង់ ម៉ាស់​ជា​អតីត​សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ​ខេត្ត​ស្វាយរៀង ​និង​ជា​អនុ​ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះ​ឆ្នោត ​និង​នីតិកម្ម។ ​លោក​ធ្លាប់​បាន​រិះគន់​បក្ស​កាន់​អំណាច​និង​រដ្ឋាភិបាល​រាប់​មិន​អស់​ពាក់ព័ន្ធ​រឿង​អសកម្ម​ បញ្ហា​ព្រំដែន​ បញ្ហា​យួន​អន្តោ​ប្រវេសន៍​ខុសច្បាប់​ បញ្ហា​កសិផល​គ្មាន​តម្លៃ​ និង​បញ្ហា​ចំណាក​ស្រុក​ ជាដើម។​

លោក​ធ្លាប់​បាន​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ​មួយ​រយៈ​ពេល​ ក្រោយ​ពេល​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​របប​លោក​ហ៊ុនសែន​រំលាយ​ចោល​កាល​ពី​ចុង​ឆ្នាំ​២០១៧​ ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​ ដោយ​សារ​លោក​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច៕ ​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស