ពលរដ្ឋខ្មែរជាច្រើននាក់គ្រោងនាំគ្នាធ្វើបាតុកម្មក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស ខាងមុខក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី៣០ ខែមករាខាងមុខងនេះ ដើម្បីទាមទារឲ្យមានការគោរពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ។
បាតុកម្មនេះធ្វើឡើងចំពេលដែលអង្គការសហប្រជាជាតិកំពុងធ្វើការត្រួតពិនិត្យជាសកលទៅលើបញ្ហាសិទ្ធិមនុស្សក្នុងរយៈពេលបួនឆ្នាំម្តង។
លោកថៃ មករាដែលជាអ្នកដឹកនាំធ្វើបាតុកម្មនេះ ហើយក៏ជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិដែរនោះ បានប្រាប់សារព័ត៌មានThe Cambodia Dailyនៅមុនការផ្សាយនេះបន្តិចថា លោកសូមអំពាវនាវឲ្យពលរដ្ឋខ្មែរក្នុងតំបន់អឺរ៉ុបទាំងអស់ នាំគ្នាចូលរួមធ្វើបាតុកម្មនេះ ដើម្បីជំរុញឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធបន្ថែមឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញគោរពសិទ្ធិមនុស្ស និងគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងដែរ។
ចំណែកនៅឯសហរដ្ឋអាមេរិកឯណេះវិញ ពលរដ្ឋខ្មែរជាច្រើននាក់មកពីតាមបណ្តារដ្ឋនានាគ្រោងនាំគ្នាធ្វើបាតុកម្មខាងមុខវិមានរដ្ឋសភា របស់សហរដ្ឋអាមេរិកនៅវេលាថ្ងៃសៅរ៍ស្អែកនេះ ចាប់ផ្តើមនៅម៉ោង១០ព្រឹក ហើយពួកគេនឹងនាំគ្នាដង្ហែទៅកាន់សេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកថែមទៀត។
ប្រធានសាខាគណបក្សសង្គ្រោះជាតិអាមេរិកលោកអ៊ុងឫទ្ធី អះអាងថា លោកគ្រោងដឹកនាំគ្នាប្រហែល២រយនាក់ពីទីក្រុងឡូវែល(Lowell) រដ្ឋម៉ាសាជូសេធ (Massachusetts) នឹងទាមទារឲ្យព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកអនុម័តច្បាប់ទាំងឡាយដែលកំពុងស្ថិតក្នុងដៃព្រឹទ្ធសភា ដូចជាសេចក្តីព្រាងច្បាប់លេខH.R5754សេចក្តីព្រាងច្បាប់លេខS.2412និងការជំរុញឲ្យមានការអនុម័តច្បាប់ដាក់ទណ្ឌកម្ម ពាណិជ្្ជកម្ម លើរបបលោកហ៊ុន សែនថែមទៀត។
បាតុកម្មរបស់ពលរដ្ឋខ្មែរទាំងនេះធ្វើឡើង ខណៈរដ្ឋាភិបាលរបស់លោក ប្រធានាធិបតីដូណាល់ត្រាំ បានបិទរដ្ឋាភិបាលដោយសាររដ្ឋសភាមិនព្រមអនុម័តកញ្ចប់ថវិកាចំនួន ៥ពាន់លាន ដុល្លារក្នុងការកសាងជញ្ជាំង នៅព្រំដែនអាមេរិក និងម៉ិចស៊ិចកូ៕