33 C
Phnom Penh

អតីត​មន្ត្រី​សង្រ្គោះជាតិ​ខេត្ត​ស្វាយរៀង​លោក​គង់ ម៉ាស់​ ប្តេជ្ញា​បន្ត​គោលដៅ​របស់​ខ្លួន​រហូត​ដល់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ប្តូរ​ឥរិយាបថ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​ខេត្ត​ស្វាយរៀង​លោក​គង់​ ម៉ាស់​ប្តេជ្ញា​ថា​ លោក​នៅ​តែ​បន្ត​គោល​បំណង​ និង​គោល​ដៅ​របស់​ខ្លួន​ក្នុង​ការ​តស៊ូ​មតិ​អហិង្សា​ដរាបណា​រដ្ឋាភិបាល​បច្ចុប្បន្ន​មិន​មាន​ការ​កែប្រែ​ឥរិយាបថ​ដឹកនាំ​របស់​ខ្លួន​ទេ​នោះ។ ​

ក្នុង​លិខិត​ដែល​លោក​សរសេរ​កាលពី​ថ្ងៃ​១៩​ ខែ​មករា ​ដែល​ត្រូវ​បង្ហោះនៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ​លោក​គង់ ​ម៉ាស់​បាន​ផ្តាំ​ផ្ញើពល​រដ្ឋ​នៅ​ខាង​ក្រៅ ​កុំឱ្យ​មាន​ការ​បារម្ភ​អំពី​លោក​ ដោយ​ថា​ លោក​អាច​គ្រប់គ្រង​ខ្លួន​ឯង​និង​អារម្មណ៍​ខ្លួន​ឯង​បាន។ ​

លោក​ថា​ ការ​ចាប់​ខ្លួន​លោក​ពេល​នេះ​ គឺជា​បទ​ពិសោធន៍​នៃ​ជីវិត​ដំបូង​របស់​លោក​​ដែល​ចេញ​ប្រឡូក​ក្នុង​ឆាក​នយោបាយ​របស់​បក្ស​ប្រឆាំង​ ដែល​កំពុង​ប្រកួត​ប្រជែង​ជាមួយ​បក្ស​កាន់​អំណាច។​ លោកថា​  បទ​ពិសោធន៍​នេះ​គឺជា​ដើម​ទុន​មួយ​ក្នុង​ការ​ដឹកនាំ​សកម្ម​ជន​បក្ស​ប្រឆាំង​ទៅ​មុខ​ទៀត​ ហើយ​វា​ក៏​ជា​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ផង​ដែរ។​

ជាមួយ​គ្នានេះ ​លោក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខាង​ក្រៅ​ជួយ​ផ្តល់​កម្លាំង​ចិត្ត​ និង​សេដ្ឋកិច្ច​មួយ​ចំនួន​ដល់​ក្រុម​គ្រួសារ​របស់​លោកផង​ ពីព្រោះ​ចាប់ពី​ពេលនេះ​ទៅ​លោក​មិន​អាច​ធ្វើអ្វី​បាន​ទៀត​ទេ។

ចុង​ក្រោយ​នៃ​លិខិត​របស់​លោក​លោក​​គង់ ម៉ាស់​អះអាង​ថា ​អ្វីដែល​លោក​ធ្វើ​នោះ​គឺ​ដើម្បី​ប្រទេស​កម្ពុជា។​

លោក​គង់ ម៉ាស់​ជា​សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ ខេត្ត​ស្វាយរៀង ​និង​ជា​អនុប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត​ និង​នីតិកម្ម។​ លោក​គង់ ម៉ាស់​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ចំនួន​២​បទ​ល្មើស​គឺ​ប្រមាថ​រដ្ឋាភិបាល​និង​លោក​ហ៊ុន សែន ​និង​បទ​ញុះញុង​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ​ឬ​បទ​មជ្ឈឹម​ជាអាទិ៍ ​ តាម​មាត្រា​៤៩៥​ និង​ មាត្រា​៥០២​នៃ​ក្រម​ព្រហ្មទណ្ឌ​ហើយ​ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ​សម្រេច​ឃុំខ្លួន​នៅ​គុក​ព្រៃស​ជា​បណ្តោះ​អាសន្ន​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ។​

បើសិន​រក​ឃើញ​ដូច​ការ​ចោទ​ប្រកាន់ ​តុលាការ​អាច​ផ្តន្ទាទោស​ ឱ្យ​លោក​ជាប់​ទោស​ក្នុង​ពន្ធនាគារ​ពី​៦​ខែ​ទៅ​២​ឆ្នាំ។

ក្រុម​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចាត់​ទុក​ថា​ ការ​ចាប់​ខ្លួន​ឃុំ​ខ្លួន​ និង​ចោទ​ប្រកាន់​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​រូប​នេះ​ជាការ​គំរាម​កំហែង​ដល់​សិទ្ធិ​នៃ​ការ​បញ្ចេញ​មតិ​ដែល​ផ្ទុយ​ទៅ​ច្បាប់​ជាតិ​និង​អន្តរជាតិ​ផង​ដែរ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស