ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយកម្ពុជា(CBS)របស់លោកឧកញ៉ាគិតម៉េងប្រកាសថា ទីប្រឹក្សារបស់ខ្លួនឈ្មោះហ៊ុយ វណ្ណៈដែលមានតួនាទីជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា មិនបានលួចលុយក្រុមហ៊ុន ដូចការចោទប្រកាន់របស់បុគ្គលិកទូរទស្សន៍ CNCនោះទេ។
សេចក្តីប្រកាស បដិសេធចុះថ្ងៃទី១៨ខែមករា របស់ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយកម្ពុជា(CBS)ធ្វើឡើងបន្ទាប់ពីមានបុគ្គលិកទូរទស្សន៍CNC ទម្លាយរឿងប្រាប់សារព័ត៌មានThe Cambodia Daily ថា លោកហ៊ុយ វណ្ណៈបានព្រមានវាយបំបែកក្បាល និងចាប់ដាក់គុកចំពោះបុគ្គលិកទូរទស្សន៍CNC រូបណាដែលហ៊ានចោទថា លោកលួចលុយរបស់ ក្រុមហ៊ុន។
ខ្លឹមសារនៃសេចក្តីប្រកាសបដិសេធនោះបានចាត់ទុកថា ការចុះផ្សាយរបស់កាសែតThe Cambodia Daily តាមបណ្តាញសង្គមហ្វេសប៊ុកគឺជាព័ត៌មានប្រតិដ្ឋ ហើយថា ជាអំពើប្រតិដ្ឋនៃជនបាតសង្គម។ ប៉ុន្តែការចេញសេចក្តីបំភ្លឺដែលប្រើពាក្យអសុរោះបែបនេះត្រូវគេជឿថា ជាស្នាដៃរបស់លោកហ៊ុយ វណ្ណៈតែម្តង។
កាលពីពេលថ្មីៗនេះ បុគ្គលិកទូរទស្សន៍CNCទម្លាយ សារសំឡេងរបស់លោកហ៊ុយ វណ្ណៈចំនួន៨ឃ្លីបដែលប្រើពាក្យអសុរោះប្រមាថ និងគំរាមកំហែងវាយធ្វើបាបបុគ្គលិកទូរទស្សន៍CNCដែលមិនគាំទ្ររូបលោក។
សារសំឡេងដែលសារព័ត៌មានThe Cambodia Daily ទទួលបាននោះគឺលោកហ៊ុយ វណ្ណៈបាននិយាយថា បុគ្គលិកទូរទស្សន៍CNC ដែលគាំទ្រលោកគឺត្រូវខិតខំធ្វើការបន្តទៀត ហើយចំពោះបុគ្គលិកណាដែលវាយប្រហារលោករឿងលួចលុយក្រុមហ៊ុននោះ គឺលោកនឹងចាត់វិធានការក្តៅ ដោយមិនអត់ឱនឲ្យនោះទេ។
នៅពេលនេះThe Cambodia Dailyសូមចាក់ផ្សាយឃ្លីបទាំង៨នោះ ទាំងស្រុងតែម្តង។
សារសំឡេងរបស់លោកហ៊ុយ វណ្ណៈទាំងនេះត្រូវបានបែកធ្លាយ បន្ទាប់ពីទូរទស្សន៍CNCកើតមានជម្លោះផ្ទៃក្នុងរហូតមានការលូកដៃពីលោកហ៊ុន សែនថែមទៀត។
បុគ្គលិកទូរទស្សន៍ CNCឲ្យដឹងទៀតថា ជម្លោះផ្ទៃក្នុងរបស់ទូរទស្សន៍CNCគឺដោយសារលោកឧកញ៉ាគិត ម៉េងចង់តែងតាំងអគ្គនាយកទូរទស្សន៍ថ្មីឈ្មោះអ៊ុក វរ៉ាដើម្បីធ្វើកំណែទម្រង់ក្រុមហ៊ុនឡើងវិញ បន្ទាប់ពីក្រុមហ៊ុនខាតបង់ និងបាត់លុយជាច្រើន ប៉ុន្តែលោកហ៊ុយ វណ្ណៈមិនព្រម ព្រោះចង់ប្រើប្រាស់ឥទ្ធិពលរបស់លោកនៅក្នុងទូរទស្សន៍CNC បន្តទៀត និងបន្តកិបកេងលុយក្រុមហ៊ុន។
លោកហ៊ុយ វណ្ណៈបានស្នើឲ្យលោកហ៊ុន សែន ជួយអន្តរាគមន៍ទៅលោកគិត ម៉េងឲ្យបណ្តេញលោកអ៊ុក វរ៉ាចេញពីក្រុមហ៊ុន។ ទីបំផុត លោកគិត ម៉េងសម្រេចបណ្តេញលោកអ៊ុក វរ៉ាតាមបញ្ជារបស់លោកហ៊ុន សែន ដោយសារតែលោកហ៊ុន សែនគំរាមថា បើមិនធ្វើតាមបញ្ជារបស់លោកទេ នោះរាល់មុខជំនួញរបស់លោកគិត ម៉េងនឹងមានបញ្ហា។
បុគ្គលិកទូរទស្សន៍CNC បានប្រាប់The Cambodia Dailyទៀតថា បន្ទាប់ពីលោកហ៊ុន សែនគំរាមរួចមកលោកឧកញ៉ាគិត ម៉េង បានបើកកិច្ចប្រជុំជាបន្ទាន់មួយ ហើយក៏បានស្តីបន្ទោសជាខ្លាំងៗដល់លោកហ៊ុយ វណ្ណៈដែរ ហើយក្រោយមកលោកគិត ម៉េងបានសម្រេច តែងតាំងលោកមុន រ៉ាម៉ាឌី ដែលមានតួនាទីជា អនុរដ្ឋលេខាធិការក្រសួងព័ត៌មានឲ្យធ្វើជាអគ្គនាយកទូរទស្សន៍ថ្មីជំនួសលោកអ៊ុក វរ៉ាតាមការចង់បានរបស់លោកហ៊ុន សែន និងលោកហ៊ុយ វណ្ណះ។
ជាងនេះទៅទៀត លោកហ៊ុយ វណ្ណៈក៏បានបណ្តេញបុគ្គលិកចាស់វស្សាចំនួនពីរនាក់ចេញពីការងារថែមទៀតគឺលោកអ៊ុំ សារិននិងលោកគុន ចាន់រដ្ឋា ដែលធ្លាប់បានបង្ហោះហ្វេសប៊ុកចោទថា ករណីជម្លោះផ្ទៃក្នុងនៅទូរទស្សន៍CNC មានជាប់ពាក់ព័ន្ធនឹងករណីបាត់លុយរបស់ក្រុមហ៊ុន។
កាលពីខែមិថុនាឆ្នាំ២០១៤ លោកហ៊ុយ វណ្ណៈធ្លាប់ធ្វើអតីតអគ្គនាយករងស្ថានីយទូរទស្សន៍CNC និងធ្លាប់ដកកាំភ្លើងខ្លីអារមេបម្រុងបាញ់លោករស់ ឌីណា ដែលជាប្រធានផ្នែកផែនការ និងចាត់តាំងព័ត៌មានរបស់ទូរទស្សន៍CTN និងMyTV។ ករណីនេះលោករស់ ឌីណាក៏បានដាក់ពាក្យប្តឹងទៅតុលាការពីបទ«បរិហារកេរ្តិ៍ ជេរប្រមាថ និងប៉ុនប៉ងមនុស្សឃាតដោយចេតនា»ក្នុងអគារស្ថានីយទូរទស្សន៍CNCប៉ុន្តែសំណុំរឿងនេះ បានបញ្ចប់ទៅវិញ ដោយមានការសម្របសម្រួលពីលោកឧកញ៉ាគិត ម៉េង៕
ខ្ញុំ ហាស់ សាន The Cambodia Daily Washington !