28 C
Phnom Penh

រដ្ឋាភិបាល​លោក​ហ៊ុន សែន​សម្រេច​បង្កើត​ ក្រុង​ ស្រុក​ ខណ្ឌ​ចំនួន​៦​ថែម​ទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​ចេញ​អនុក្រឹត្យ​ចំនួន​៦​ផ្សេង​គ្នា​ស្តីពី​ការ​បង្កើត​ក្រុង​ ស្រុក ​ខណ្ឌ​ថ្មី ​ចំនួន​៦​ទៀត​​តាម​សំណើ​របស់​ក្រសួង​មហា​ផ្ទៃ។ ​​

ការ​បង្កើត​ក្រុង​ ស្រុក ​ខណ្ឌ​ថ្មីៗ​ទាំង​៦​នោះ ​រួមមាន​ នៅ​រាជធានី​ភ្នំពេញ​នៅ​ខេត្ត​ស្ទឹងត្រែង ​ខេត្ត​ព្រះ​សីហនុ ​ខេត្ត​កំពង់ធំ​ និង​ ខេត្ត​ពោធិ៍សាត់។​

សារ​ព័ត៌មាន​ថ្មីៗ​បាន​ដក​ស្រង់​សម្តី​របស់​មន្រ្តី​រដ្ឋាភិបាល​ចុះ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​នៅ​រាជ​ធានីភ្នំ​ពេញ​របប​លោក​ហ៊ុន សែន​បាន​បំបែក​ខណ្ឌ​ថ្មី​ចំនួន​២​ទៀត​ រួមមាន​ខណ្ឌ​បឹងកេងកង​ និង​ខណ្ឌ​កំបូល។​ ដោយ​ឡែក ​ក្រុង​មួយ​ដែល​នឹង​បង្កើត​ឡើង​គឺ​ក្រុង​កោះរ៉ុង​ ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។ ​ចំណែក​ នៅ​ខេត្ត​កំពង់​ធំ​វិញ​ មានការ​បំបែក​ចេញ​ជា​ស្រុក​មួយ​បន្ថែម​ទៀត​គឺ​ស្រុក​តាំងគោក។ ​រី​ឯ​នៅ​ខេត្ត​ស្ទឹងត្រែង​រដ្ឋាភិបាល​បង្កើត​ស្រុក​មួយ​ទៀត​ឈ្មោះ​ស្រុក​បុរី​អូរស្វាយ​សែនជ័យ។​ ចំណែក​នៅ​ឯ​ខេត្ត​ពោធិ៍សាត់​មានការ​បាន​បំបែក​ចេញ​ជា​ស្រុក​ថ្មី​មួយ​ទៀត​គឺ​ស្រុក​តាលោ​សែនជ័យ។​

ក្រោម​ស្នាដៃ​ដឹកនាំ​ដោយ​លោក​ហ៊ុន​ សែន​ របប​នេះ​មិន​បាន​ពង្រីក​ទឹកដី​របស់​ខ្លួន​នោះ​ទេ ​ប៉ុន្តែ​បាន​បំបែក​ខេត្ត ​ក្រុង​ និង​ស្រុក​ថ្មីៗ​ជាច្រើន​ ដូចជា​ខេត្ត​កែប ​បំបែក​ចេញ​ពី​ខេត្ត​កំពត។ ​ខេត្ត​ប៉ៃលិន​ បំបែក​ចេញ​ពី​ខេត្ត​បាត់ដំបង។​ ខេត្ត​ត្បូងឃ្មុំ​បំបែក​ចេញ​ពី​ខេត្ត​កំពង់ចាម​ និង​ចុង​ក្រោយ​ក្រសួង​មហា​ផ្ទៃ​មាន​ចេតនា​បំបែក​ខេត្ត​ចំនួន​២​ទៀត​គឺ​ ខេត្ត​មួយ​បំបែក​ចេញ​ពី​ខេត្ត​កណ្តាល ​និង​ខេត្ត​មួយ​ទៀត​ បម្រុង​បំបែក​ចេញពី​ខេត្ត​រតនគិរី​ និង​មណ្ឌល​គិរី​ ប៉ុន្តែ​បំណង​នេះ​ត្រូវ​បាន​លោក​ហ៊ុន សែន​ រំលាយ​ចោល​ ដោយ​លោក​អះអាង​ថា​ មាន​ការ​រត់ការ​យក​តំណែង​ជា​អភិបាល​ខេត្ត​ ប្រធាន​មន្ទីរ​ និង​ប្រធាន​ការិយាល័យ​មុន​ពេល​ខេត្ត​ទាំងពីរ​នេះត្រូវបាន​​បង្កើត​ឡើង​ទៅ​ទៀត។​

ការ​បំបែក​ខេត្ត​ក្រុង ​ស្រុក​ ខណ្ឌ​កន្លង​មក ​​ក្រសួង​មហា​ផ្ទៃ​ តែង​យក​ហេតុផល​ថា​ ដើម្បី​បង្ខិត​សេវា​សាធារណៈ​ឱ្យកាន់​តែ​គៀក​នឹង​ប្រជា​ពលរដ្ឋ​សម្រាប់​បង្កភាព​ងាយ​ស្រួល​ដល់​ពួកគេ។​ ប៉ុន្តែ​ហេតុផល​នេះ​ ត្រូវ​បាន​អ្នក​តាម​ដាន​កិច្ចការ​សង្គម​ទាត់​ចោល​ ដោយ​ពន្យល់​ថា​  គ្រាន់តែ​ជា​ការ​ចែក​គ្នា​កាន់​តំណែង ​និង​ចាយ​ថវិកា​ជាតិ​ខ្ជះខ្ជាយ​ ដែល​បន្ថែម​បន្ទុក​ដល់​ជាតិ​ទៅ​វិញ​ប៉ុណ្ណោះ​ ទោះជា​សេវា​សាធារណៈ​នៅតែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ពលរដ្ឋ​ដែល​កំពុង​ញាំញី​ដោយ​អំពើ​ពុករលួយ​និង​ការិយាធិបតេយ្យ​ចាក់​ស្រេះ​ពិបាក​នឹង​ដោះ​ស្រាយ​នោះ៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស