នយោបាយ

របប​កុម្មុយ​នីស្តចិន​ប្រកាស​ផ្តល់​ជំនួយ​ជិត​៦​រយ​លាន​ដុល្លារ​ និង​ ទិញ​អង្ករ​កម្ពុជា​៤០​ម៉ឺនតោន​នៅ​ឆ្នាំ​នេះ​

By ឌឹ ខេមបូឌា ដេលី

January 23, 2019

មេ​ដឹកនាំ​ក្រុង​ប៉េកាំង​លោក​ស៊ី ជីងពីង​បាន​ប្រកាស​ផ្តល់​ជំនួយ​ប្រមាណ​៤​ពាន់​លានយ័ន​ឬ​ស្មើនឹង​ជិត​ ៦០០​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា។ ​ការ​ផ្តល់​នេះ​គឺ​សម្រាប់​អភិវឌ្ឍន៍​នៅ​កម្ពុជា​រយៈ​ពេល​៣​ឆ្នាំ​ ចាប់ពី​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២១។​

ការ​ប្រកាស​របស់​មេ​ដឹកនាំ​កុម្មុយនីស្ត​ចិន​ពេល​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ហ៊ុន សែន ​នៅទី​ក្រុង​ប៉េកាំង​ ប្រទេស​ចិន ​កាល​ពី​ម្សិលមិញ។​

លោក​ហ៊ុន សែន​បាន​សរសេរ​នៅ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីងពីង​ក៏បាន​ប្រកាស​បន្តនាំ​អង្ករ​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​ឲ្យ​បាន​៤០​ម៉ឺន​តោន​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​ដើម្បី​រួម​ចំណែក​ជួយ​លើក​កម្ពស់​ជីវភាព​របស់​ប្រជា​កសិករ​កម្ពុជា។​ ប្រធានាធិបតី​ចិន​ក៏​បាន​ប្រកាស​ជំរុញ​ឲ្យ​​ទំហំ​ពាណិជ្ជ​កម្ម​នៃ​ប្រទេស​ទាំងពីរ​កើន​ឡើង​ដល់​ទៅ​១០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៣​ ហើយ​នឹង​បន្ត​លើក​ទឹក​ចិត្ត​ដល់​អ្នក​វិនិយោគ​ទុន​ចិន​ ឲ្យមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត។​

លោក​ហ៊ុន សែន​បាន​ដក​ស្រង់​សម្តី​របស់​លោក​ស៊ី ជីងពីង ​ដែល​បាន​អួត​សរសើរ​អំពី​ទំនាក់​ទំនង​រវាង​ចិន​និង​កម្ពុជា​ថា​ ​ពិត​ជា​មាន​លក្ខណៈ​ពិសេស​ខ្លាំង​ណាស់ ​បើ​ប្រៀប​ធៀប​ទៅនឹង​ប្រទេស​ផ្សេងៗ​ទៀត​ ពោល​គឺ​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំងពីរ​ មាន​លក្ខណៈ​សំខាន់​បំផុត។​

ការ​ប្រកាស​ផ្តល់​ជំនួយ​ដល់​កម្ពុជា​នេះ​​ធ្វើឡើង​ក្រោយ​ពេល​សហគមន៍​អន្តរជាតិ​ត្រៀម​ផ្តាច់​ជំនួយ​ជា​បន្ត​បន្ទាប់​ និង​កំពុង​ដំណើរ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ផង​ដែរ។​

កាលពី​ពេល​ថ្មីៗ​នេះ​ សហភាព​អឺរ៉ុប​បាន​សម្រេច​យក​ពន្ធអង្ករ​ រយៈ​ពេល​៣​ឆ្នាំ​ពី​កម្ពុជា ​ដោយ​ចាប់​ផ្តើម​អនុវត្ត​កាលពី​ថ្ងៃ​ទី​១៨ ​ខែ​មករា។​ ការ​យក​ពន្ធ​លើ​អង្ករ​កម្ពុជា​នេះ​ ធ្វើឲ្យ​កម្ពុជា​ខាតបង់​ប្រាក់​ចំណេញ​របស់​ខ្លួន​ជាង​៥០​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ៕