34 C
Phnom Penh

ការិយាល័យ​នាំពាក្យ​របប​ក្រុង​ភ្នំពេញ​ព្រមាន​ចាប់​ខ្លួន​លោក​សម រង្ស៊ី​ បើ​ហ៊ានជាន់​ដីស្រុក​ខ្មែរ​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​របប​លោក​ហ៊ុន សែន​ព្រមាន​ចាត់​វិធាន​ឱ្យ​ខាង​តែ​បាន​ ទៅតាម​ផ្លូវ​ច្បាប់​ចំពោះ​លោក​សម រង្ស៊ី​ប្រសិន​បើ​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​រូប​នេះ​​ហ៊ាន​វិល​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា។​

សេចក្តី​ថ្លែង​ការណ៍​របស់​ការិយាល័យ​អ្នកនាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កាលពីថ្ងៃ​ម្សិល​មិញ​ អះអាង​ថា​ ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​របស់​លោក​សម រង្ស៊ី​គឺ​ជា​រឿង​បុគ្គល​  ប៉ុន្តែ​ក្រុម​បក្ស​ប្រឆាំង​ចង់​ធ្វើ​ឲ្យ​ក្លាយ​ជា​រូបភាព​នយោបាយ​ទៅ​វិញ។​

សេចក្តី​ថ្លែង​ការណ៍​ដដែល​បញ្ជាក់​ថា ​ការ​ប្រើ​ប្រាស់​មាតុភូមិ​និវត្តន៍​របស់​លោក​សម រង្ស៊ី​ទោះបី​ជាតាម​រយៈ​ក្រុម​ ឬ​អង្គការ​ណា​ក៏​ដោយ​ គឺ​គ្រាន់តែ​ដើម្បី​បង្កើត​ជា​រូបភាព​នយោបាយ​មួយ​ឲ្យ​មាន​ការ​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​នៃ​អតីត​គណបក្ស​ ដែល​ត្រូវ​បាន​រំលាយ​ចោល​តាម​សាល​ដីកា​របស់​តុលាការ​កំពូល​កាលពី​ថ្ងៃ​ទី ​១៦​ ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​នោះ ​តែ​ប៉ុណ្ណោះ។​ ​

រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ចាត់ទុក​ការ​វិល​ត្រឡប់​បែប​នេះ ​ថា​ ជា​អំពើ​ប្រឆាំង​នឹង​អំណាច​តុលាការ​ពិត​ប្រាកដ​ ដែល​ច្បាប់​បាន​កំណត់​ និង​ហាម​ប្រាម។​

មិនតែ​ប៉ុណ្ណោះ​សេចក្តី​ថ្លែង​ការណ៍​របស់​របប​​នេះ​ព្រមាន​ថា ​ករណី​មាន​ការ​ស្នើសុំ​ណាមួយ​ពី​តុលាការ​ រដ្ឋាភិបាល​ក៏​ដូច​ជា​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ នៃ​របប​ក្រុង​ភ្នំពេញ​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់។​

សេចក្តី​ថ្លែង​ការណ៍​របស់​ការិយាល័យ​អ្នក​នាំពាក្យ​របប​ក្រុង​ភ្នំពេញ​ធ្វើ​ឡើង​ភ្លាមៗ​ ក្រោយ​ពេល​សមាជិក​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ មួយ​ចំនួន​បើក​កិច្ច​ប្រជុំ​នៅ​សហ​រដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ទី​២០​ខែ​មករា​ សម្រេច​យល់​ព្រម​គាំទ្រ​និង​ត្រៀម​រៀបចំ​យុទ្ធ​សាស្ត្រ​សម្រាប់​ការ​វិល​ត្រឡប់​ របស់​លោក​សម ​សង្ស៊ី​ចូល​ប្រទេស​កម្ពុជា​វិញ។ ​រហូត​មក​ទល់​ពេល​នេះ ​លោក​សម រង្ស៊ី​ដែល​កំពុង​រស់នៅ​នីរទេស​ខ្លួន​នៅក្រៅ​ប្រទេស​តែង​ប្រកាស​ចូល​ស្រុក​វិញ​ជាច្រើន​ដង​ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​លោក​សមរង្ស៊ី​ បង្ហាញ​ភាព​ជាក់លាក់​ណា​មួយ​ក្នុង​ការ​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នោះ​ឡើយ។​

កាល​ពី​ខែ​ធ្នូ​២០១៨​ ក្នុង​ពិធី​ជួប​កម្មករ​ នៅ​ខេត្ត​កណ្តាល ​លោក​ហ៊ុន សែន ​បាន​ព្រមាន​ថា​ វាយ​ខ្នោះ​តាម​ស្ទាយ​អាមេរិក​ទៀត​ផង​ និង​វាយ​ខ្នោះ​ដល់​ទីតាំង​ព្រលាន​យន្តហោះ​តែ​ម្តង ​ប្រសិន​បើ​លោក​សម រង្ស៊ី​ ហ៊ាន​មក​កម្ពុជា​មែន។​

ទោះបីយ៉ាង​នេះ​ក្តី ​អតីត​មន្ត្រី​និង​សកម្ម​ជន​គណបក្ស​សង្រ្គោះ​ជាតិ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​​នាំគ្នា​​ធ្វើ​យុទ្ធនាការ​គាំទ្រ​លោក​សម រង្ស៊ី​ចូល​ស្រុក​ខ្មែរ​វិញ​  ហើយ​ពួក​គេ​អះអាង​ថា​ បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​ចាំ​ទទួល​លោក​សម រង្ស៊ី ​ទោះបីជា​មាន​ការ​រារាំង​ឬ​ការ​ចាប់​ចង​ពី​សំណាក់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ក៏​ដោយ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស