អតីតអភិបាលខេត្តតាកែវលោក ឡាយ វណ្ណៈ បដិសេធនៅចំពោះចៅក្រមសាលាដំបូង កាលពីម្សិលមិញថា លោកមិនបានធ្វើឃាតស្រីកំណាន់របស់លោកឈ្មោះចេវ សុវឌ្ឍនានោះទេ។
លោកបន្តថា អ្នកស្រីចេវ សុវឌ្ឍនាបានធ្វើអត្តឃាតចងកដោយខ្លួនឯង។
ការអះអាងរបស់លោកឡាយ វណ្ណៈធ្វើឡើងក្រោយពីសាលាដំបូងរាជធានីភ្នំពេញបានស្តាប់សក្ខីកម្មរបស់លោកពាក់ព័ន្ធនឹងបទចោទថា លោកបានសម្លាប់ស្រីកំណាន់របស់លោកឈ្មោះចេវ សុវឌ្ឍនា កាលពីខែមករាឆ្នាំ២០១៨ក្នុងខេត្តតាកែវ។
លោកឡាយ វណ្ណៈ និងបងប្រុសរបស់លោកឈ្មោះ ឡាយ ណារិទ្ធ អតីតស្នងការរងខេត្តតាកែវ តៃកុងឡានរបស់លោក ឡាយ វណ្ណៈ ឈ្មោះ ម៉េន សាម៉ៃ និងអ្នកបម្រើក្នុងផ្ទះអ្នកនាង ចេវ សុវឌ្ឍនា ឈ្មោះ ជឹម វុធក៏ត្រូវបានចោទប្រកាន់ពីបទចូលរួមក្នុងអំពើឃាតកម្មនេះផងដែរ ហើយពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួនចាប់តាំងពី ខែមេសាឆ្នាំ២០១៨។
លោកឡាយ វណ្ណៈបានស្បថនៅចំពោះមុខតុលាការថា ប្រសិនបើលោកលើកដៃសម្លាប់ស្រីកំណាន់របស់លោកមែន សូមឲ្យវត្ថុស័ក្តិសិទ្ធិប្រល័យជីវិតទៅចុះ ហើយសូមឱ្យលោកធ្លាក់នរក៩ជាន់ កុំចាប់ជាតិ ។ ប្រសិនបើលោកបានធ្វើដូច្នេះ សូមឱ្យលោកនិងគ្រួសាររបស់របស់លោកស្លាប់តៃហោង ហើយសូមឱ្យវត្ថុស័ក្តិសិទ្ធិប្រល័យអ្នកដែលបង្កើតសក្ខីកម្មក្លែងក្លាយដើម្បីធ្វើបាបលោកនិងបងប្រុសរបស់លោក៕