សហព័ន្ធស្រូវអង្ករកម្ពុជាអះអាងថា ការសម្រេចយកពន្ធលើស្រូវអង្កររបស់កម្ពុជាមានភាពប្រញាប់ប្រញាល់ពេក ដែលធ្វើឲ្យវិស័យស្រូវអង្កររបស់កម្ពុជាត្រៀមខ្លួនមិនទាន់។
សេចក្ដីថ្លែងការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាចុះថ្ងៃទី២២មករាហើយដែលសារព័ត៌មានThe Cambodia Dailyទើបទទួលបាន បានឲ្យដឹងថា វិធានការរបស់អឺរ៉ុបកាលពីថ្ងៃទី១៦ ខែមករា កន្លងទៅ បានយកពន្ធទៅលើអង្ករក្រអូបរបស់កម្ពុជាចំនួន៤ប្រភេទ។
សហព័ន្ធស្រូវអង្កររបស់កម្ពុជាអះអាងថា ខ្លួននឹងធ្វើការតវ៉ាចំពោះវិធានការរបស់សហភាពអឺរ៉ុបនេះ។
ទោះជាយ៉ាងណាក៏ដោយមន្រ្តីជាន់ខ្ពស់នៃសហភាពអឺរ៉ុបអះអាងថា ខ្លួននៅតែបន្តរក្សាជំហរពិភាក្សាជាមួយកម្ពុជាអំពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធEBA។ ស្នងការនៃគណៈកម្មការអឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្ម អ្នកស្រីCecelia Malmstromបានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមTwitterរបស់អ្នកស្រីកាលពីម្សិលមិញ ថា អ្នកស្រីបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោកប្រាក់ សុខុនជជែកពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធEBAនិងលទ្ធភាពនៃការដកប្រព័ន្ធលើកលែងពន្ធនេះ។
អ្នកស្រីឲ្យដឹងទៀតថា សហភាពអឺរ៉ុបនៅតែមានការព្រួយបារម្ភអំពី លទ្ធិប្រជាធិបតេយ្យ ការគោរពសិទិ្ធមនុស្ស និងនីតិរដ្ឋនៅកម្ពុជា។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោកប្រាក់ សុខុនកំពុងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយសហភាពអឺរ៉ុប ក្នុងទីក្រុងប្រ៊ុសសែល(Brussel) ប្រទេសប៊ែលហ្សិច(Belgium)ដោយមានការអញ្ជើញពីអ្នកស្រីFederica Mogheriniដែលជាអនុប្រធាននៃគណៈកម្មាធិការអឺរ៉ុប។
ចំណែកក្រុមអ្នកជំនួញកម្ពុជាប្រមាណ៤០ស្ថាប័នរួមទាំងប្រធានសភា សភាពាណិជ្ជកម្មកម្ពុជាលោកគិត ម៉េងផង កាលពីម្សិលមិញបានចុះហត្ថលេខាលើលិខិតផ្ញើទៅកាន់ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោកស្រី Cecilia Malmströmឲ្យចៀសវាងការដកប្រព័ន្ធអនុគ្រោះពន្ធនេះ៕