នាយករដ្ឋមន្ត្រីកម្ពុជាដែលជាមេដឹកនាំប្រទេសយូរជាងគេនៅតំបន់អាស៊ីគឺលោកហ៊ុន សែន នៅថ្ងៃសុក្រនេះ បានប្រកាសប្រឆាំង និងប្តេជ្ញាមិនឱ្យបរទេសណាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាជាដាច់ខាត ដោយលោកអះអាងថាដើម្បីការពារសន្តិភាពដែលលោករកបានទាំងលំបាក និងដោយកម្រ។
លោកអះអាងថា ឥទ្ធិពលនៃការជ្រៀតជ្រែកពីសំណាក់បរទេសបានធ្វើឱ្យប្រទេសមួយចំនួនជួបវិបត្តិនយោបាយធ្ងន់ធ្ងររហូតមកទល់សព្វថ្ងៃនេះ។
លោកហ៊ុន សែនក៏បានលើកឡើងពីប្រទេសVenezuelaជាឧទាហរណ៍ ដោយរដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំសម្រេចចេញសេចក្តីថ្លែងការណ៍ ប្រកាសទទួលស្គាល់ប្រធានរដ្ឋសភាដែលជាមេដឹកនាំបក្សប្រឆាំងលោកJuan Guaidoជាប្រធានាធិបតីនៃប្រទេសនេះបណ្ដោះអាសន្នជំនួសប្រធានាធិបតីបច្ចុប្បន្នលោកNicolas Maduro។
លោកអះអាងថា លោកមិនយល់សោះ នៅពេលដែលអាមេរិក និងប្រទេសមួយចំនួនសម្រេចប្រកាសទទួលស្គាល់មេបក្សប្រឆាំងឲ្យធ្វើជាប្រធានាធិបតីជំនួសប្រធានាធិបតីដែលមិនទាន់ចុះចេញពីតំណែងនៅឡើយ។ លោកថា នេះហើយគឺជាការជ្រៀតជ្រែកកិច្ចការ ផ្ទៃក្នុងនោះ។ លោកហ៊ុន សែនព្យាករណ៍ថា នៅពេលដ៏ខ្លីខាងមុខនេះប្រទេសVenezuelaនឹងផ្ទុះសង្គ្រាមក្នុងស្រុកជាមិនខាន។
ក្រុមអ្នកឃ្លាំមើលនិយាយថា លោកហ៊ុន សែនហាក់កំពុងព្រួយបារម្ភពីអនាគតនៃរបបដឹកនាំរបស់លោកថា អាចនឹងមានវាសនាអាក្រក់ ប្រសិនបើមានការជ្រៀតជ្រែកពីបរទេសមែននោះ។
កន្លងមកលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមានម្តងហើយម្តងទៀតថា លោកនឹងកម្ចេចក្រុមណាដែលហ៊ានបំផ្លាញសន្តិភាពនៅកម្ពុជា ឬថា ជាក្រុមបដិវត្តពណ៌ជាដើម។ សារព្រមានរបស់លោកលោកហ៊ុន សែនមិនត្រឹមតែព្រមានដល់ក្រុមបក្សប្រឆាំងប៉ុណ្ណោះទេ ប៉ុន្តែលោកក៏បានព្រមានកងកម្លាំងដែលមិនស្មោះត្រង់នឹងរដ្ឋាភិបាល និងកម្លាំងមានគំនិតក្បត់នៃរបបរបស់លោកគឺជាក្រុមដែលត្រូវបំផ្លាញចោល ដោយមិនអនុញ្ញាតឱ្យក្រុមនោះមានលទ្ធភាពផ្តួលរំលំលោកឬធ្វើរដ្ឋប្រហារមកលើរបបរបស់លោកនោះឡើយ៕