26 C
Phnom Penh

អាជ្ញា​ធរ​ខេត្ត​ព្រះសីហនុ​សម្រេច​ដោះលែង​ពល​រដ្ឋ​៤​នាក់​ ក្នុង​ទំនាស់​ដីធ្លីជា​មួយ​ឧកញ៉ា​ស៊ី គង់ទ្រីវ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​សម្រេច​ដោះលែង​ពលរដ្ឋ​៤​នាក់​ដោយ​ភ្ជាប់​លក្ខខណ្ឌ ​មិន​ឱ្យ​ពលរដ្ឋ​ទាំង​នោះ​បន្ត​តវ៉ា​ ប្រឆាំង​នឹង​ការ​អនុវត្ត​សាលដីកា​​របស់​តុលាការ​ទៀត។​  កាល​ដោះលែង​នេះ​ធ្វើឡើង​កាលពី​យប់​ម្សិលមិញ។ ​នេះ​បើយោង​តាម​ក្រុម​សង្គម​ស៊ីវិល​ក្នុង​ខេត្ត​ដែល​តាមដាន​ករណី​នេះ។​

ការ​ចាប់​ខ្លួន​ពលរដ្ឋ​ទាំង​បួន​នាក់​នេះធ្វើ​ឡើង​ ក្រោយ​ពេល​ព្រះរាជ​អាជ្ញារង​លោក​ហួត វិចិត្រ​ដឹកនាំ​កម្លាំង​ចម្រុះ​ខេត្ត​ព្រះសីហនុ​ ចុះ​អនុវត្ត​សាលដីកា​តុលាការ​កំពូល ​ហើយ​ប៉ះទង្គិច​គ្នាជា​មួយ​ពលរដ្ឋ​ ដោយ​អាជ្ញាធរ​រាប់​រយ​នាក់​ធ្វើ​ការ​បង្ក្រាប​យ៉ាង​ហិង្សា​ និង​មាន​ការ​បាញ់ជា​ច្រើន​គ្រាប់​បណ្តាល​ឱ្យ​ពលរដ្ឋ​ដែល​ធ្វើ​ការងារ​សំណង់​ម្នាក់​រង​របួស​ធ្ងន់​ បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រុង​ភ្នំពេញ​ ហើយ​ម្នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យខេត្ត។​

ដោយ​ឡែក​ពលរដ្ឋ​៤​នាក់​ទៀត​ត្រូវ​បាន​កម្លាំង​ចម្រុះ​ខេត្ត​ចាប់ខ្លួន​ បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣​ មករា​ ហើយ​ពួក​គេ​ទាំង​៤​នាក់​ក៏​ត្រូវ​បាន​ដោះលែង​វិញ​ ​នៅ​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃ​ដដែល​ ក្រោម​លក្ខខណ្ឌ​មិន​ឱ្យ​ពលរដ្ឋ​ទាំងនោះ​តវ៉ា​ករណី​ជម្លោះ​ដីធ្លី ​ប្រឆាំង​សាលដីកា​បន្ត​ទៀត​ ព្រម​ទាំង​ត្រូវ​បង់ប្រាក់​មួយ​ចំនួន​ផង។​

ករណី​ជម្លោះ​ដីធ្លី​នៅខេត្ត​ព្រះសីហនុ​ត្រូវ​បាន​គេមើល​ឃើញ​ថា​ កាន់​តែមាន​ច្រើន ​និង​បែប​អនាធិបតេយ្យ​ ក្រោយ​ពេល​ដីធ្លី​នៅខេត្ត​នេះ​មាន​តម្លៃ​ខ្ពស់​ទ្វេដង។ ​តម្លៃដី​ធ្លី​កើន​ឡើង​ បន្ទាប់​ពី​វត្តមាន​ជន​ជាតិ​ចិន​រាប់​ម៉ឺន​នាក់​បាន​ចាប់​យក​ខេត្ត​ព្រះ​សីហនុ​ ជា​ចំណុច​ស្នួល​របស់​ខ្លួន​ក្នុង​រក​ស៊ី​បើក​បន​ល្បែង​ស៊ីសង ​សណ្ឋាគារ​និង​ភោជនីយ​ដ្ឋាន​រាប់​រយ​កន្លែង។

លើស​ពី​នេះ​ទៅទៀត​ក្រុម​ជន​ជាតិ​ចិន​ ក៏បាន​បង្កើន​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ក្នុង​ខេត្ត​នេះ​ជាច្រើន​កន្លែង​ថែម​ទៀត​ ដែល​ធ្វើ​ឱ្យ​តម្លៃ​ដីធ្លី​កាន់​តែហក់​ឡើង​ខ្ពស់ ​បង្កើត​ជា​វិបត្តិ​ដីធ្លី​កាន់​តែ​ច្រើន​ ដូច​ជា​ការ​រំលោភ​កាន់កាប់​ដី​ធ្លី​របស់​ឯកជន ​និង​របស់​រដ្ឋ​ ពីសំណាក់​អ្នកមាន​អំណាច ​និង​មាន​ប្រាក់​កាន់​តែ​ច្រើន​ទៅៗ៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស