28 C
Phnom Penh

រដ្ឋាភិបាល​កម្ពុជា​នឹង​ជួប​ជាមួយ​អង្គការ​អន្តរជាតិ ដើម្បី​ពង្រឹង​ភាព​ជាដៃគូ​ជាមួយ​គ្នា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របប​ក្រុង​ភ្នំពេញ​ នឹង​រៀបចំ​​ពិធី​ជួប​ពិគ្រោះ​យោបល់​ជាលើក​ដំបូង​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដែល​ជា​អង្គការ​អន្តរ​ជាតិ ​កំពុង​បំពេញ​ការងារ​នៅ​កម្ពុជា ​ដើម្បី​ផ្លាស់ប្តូរ​ទស្សន​ទាន​ដោយ​ស្មោះត្រង់​ និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​រដ្ឋាភិបាល ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​ទាំង​នោះ​ក្នុង​បុព្វហេតុ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា ​ព្រម​ទាំង​សិទ្ធិ​និង​កាតព្វ​កិច្ច​របស់​សង្គម​ស៊ីវិល​ ក្រោម​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល។​

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ឲ្យ​ដឹងថា ​ជំនួប​ពិគ្រោះ​យោបល់​ជាលើក​ដំបូង​រវាង​រដ្ឋាភិបាល​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩​ ខែ​មករា​ស្អែក​នេះ​ នៅ​ទីស្តីការ​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ ​ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​៣រយ​នាក់។​

នៅ​មុន​ពេល​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៦​  ឆ្នាំ​២០១៨​ អង្គការ​អន្តរ​ជាតិ​ធំៗ​មួយ​ចំនួន​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ចាត់​វិធាន​ការ​បិទ​សកម្មភាព​ដំណើរ​ការ​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ដូច​ជា​វិទ្យាស្ថាន​សាធារណ​រដ្ឋ​អន្តរជាតិ​(IRI)​និង វិទ្យា​ស្ថានជាតិ​ប្រជា​ធិបតេយ្យ​(NDI)​ជាដើម​ ក្រោម​ហេតុផល​ថា​ មិន​បាន​បង់ពន្ធ ​និង​ បំពេញ​ការងារ​ខុស​ច្បាប់​នៅ​កម្ពុជា​ជាដើម។​  ការបិទ​អង្គការ​អន្តរជាតិ​ទាំង​នេះ​ធ្វើឱ្យ​អង្គការ​ក្នុង​ស្រុក​ជាច្រើន​ជួប​បញ្ហា​ប្រឈម​ ដោយ​សារ​អង្គការ​ទាំងពីរ​នេះ​ជា​ប្រភព​ជំនួយ​ដ៏​សំខាន់​សម្រាប់​ការ​បំពេញ​ការងារ​ស្តារ​ប្រជា​ធិបតេយ្យ ​សិទ្ធិ​មនុស្ស ​នីតិរដ្ឋ​ និង​អភិបាល​កិច្ច​ល្អនៅ​កម្ពុជា​ផង​ដែរ។​ មិនត្រឹម​តែ​អង្គការ​អន្តរជាតិ​ទាំង​នោះ​ទេ ​ដែល​របប​លោក​ហ៊ុន សែន​ចាត់​វិធានការ​ សូម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន​ក៏ត្រូវ​បាន​របប​នេះ​ធ្វើ​ទុក្ខ​បុកម្នេញ​ក្រោម​រូបភាព​ពន្ធដារ​ និងការ​គាប​សង្កត់​ផ្នែក​រដ្ឋបាល​ផង​ដែរ​ ជា​ពិសេស​សារ​ព័ត៌មាន​The Cambodia Daily​វិទ្យុ​អាស៊ីសេរី ​និង​វិទ្យុ​សម្លេង​សហ​រដ្ឋ​អាមេរិក​ជាដើម។​

លើស​ពី​នេះ ​អង្គការ​អន្តរជាតិ​ និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ ដែល​បំពេញ​ការងារ​ស្តារ​ប្រជា​ធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស​ និង​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ជាច្រើន​ទៀត​ ក៏រង​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​  ការ​តាម​ឃ្លាំមើល​គ្រប់​សកម្មភាព ​ការ​រារាំង ​ការ​គំរាម​កំហែង​ និង​ការ​ចុះ​បំពេញ​ការងារ​របស់​ពួកគេ​នៅ​តាម​មូលដ្ឋាន។​

ស្ថានភាព​របស់​អង្គការ​សង្គម​ស៊ីវិ​កាន់តែ​អាក្រក់​ បន្ទាប់ពី​របាយ​ការណ៍​របស់​អគ្គស្នង​ការ​នគរបាល​ជាតិ​បាន​ចោទ​ប្រកាន់​​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ថា ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​គម្រោង​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ​ហើយ​ដាក់​បញ្ចូល​អង្គការ​មួយ​ចំនួន​ក្នុង​បញ្ជី​ខ្មៅ​របស់​រដ្ឋាភិបាល​ថែម​ទៀត។​

ទោះជាយ៉ាង​ណាក៏​ដោយ ​កាលពី​​ថ្ងៃទី​១៧​ខែ​មករា​ រដ្ឋមន្ត្រី ​ក្រសួង​មហា​ផ្ទៃ​លោក​ស ខេង​បាន​បដិសេធ​ថា ​រដ្ឋាភិបាល​មិន​បាន​រារាំង​ លាប​ពណ៌​ ឬ​ដាក់​សង្គម​ស៊ីវិល​ណាមួយ​ចូល​ទៅក្នុង​បញ្ជី​ខ្មៅ​ដូចការ​ចោទ​ប្រកាន់​ឡើយ។ ​លោក​អះអាង​ថា​ វិធាន​ការ​ទាំង​ឡាយ​របស់​រដ្ឋាភិបាល​កន្លង​មក​គឺ​ដើម្បី​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​ប៉ុណ្ណោះ។​

ប៉ុន្តែ​ក្រុម​សង្គម​ស៊ីវិល​ក្នុង​ស្រុក​អះអាង​ថា​ សេរីភាព​ក្នុង​បំពេញ​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល​ត្រូវ​បាន​រឹតត្បិត​ ដោយ​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ពួកគេ​ចាត់​ទុក​ថា​ មាន​ចរិក​នយោបាយ។​ ពួក​គេ​ធ្លាប់​បាន​ស្នើឱ្យ​រដ្ឋ​សភា​ធ្វើ​វិសោធន​កម្ម​ច្បាប់​នេះ​ឡើង​វិញ​ដើម្បី​បង្ហាញ​ពី​ភាព​ស្មោះត្រង់ ​និង​កិច្ច​សហការ​ល្អ​ជាមួយ​គ្នា​ ហើយ​ លោក​ស ខេង​ក៏ធ្លាប់​បាន​ប្រកាស​គាំទ្រ​ចំពោះ​សំណើ​ធ្វើ​វិសោធន​កម្ម​ច្បាប់​នេះ​ឡើង​វិញ​ដែរ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស