អតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសលោកសម រង្ស៊ីនៅតែអះអាងថា លោកនឹងវិលចូលសុ្រកវិញឱ្យខាងតែបាននៅក្នុងឆ្នាំ២០១៩នេះ។
គម្រោងចូលស្រុកវិញរបស់មេបក្សប្រឆាំងរូបនេះប្រកាសឡើងក្រោយពេលមានកិច្ចប្រជុំនៅទីក្រុងឡូវែល សហរដ្ឋអាមេរិក កាលពីថ្ងៃទី២០មករា ដោយសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់បក្សនេះនៅក្រៅប្រទេសសម្រេចគាំទ្រឱ្យលោកសម រង្ស៊ីវិលចូលកម្ពុជាវិញ ប៉ុន្តែពួកគេ ត្រូវត្រៀមរៀបចំផែនការយុទ្ធសាស្ត្រមួយចំនួនដូចជាកៀងគរកម្លាំងមហាជនទៅទទួលឬអមដំណើរលោកចូលស្រុកឱ្យបានច្រើន រៀបចំផែនការថវិកា និងចំណុចមួយចំនួនទៀត។
ទោះជាយ៉ាងណាក៏ដោយក្រុមមេទ័ពកំពូលៗក្នុងរបបលោកហ៊ុន សែនក៏បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ដោយត្រៀមកម្លាំងកម្ចេចលោកសម រង្ស៊ីនិងបក្សពួករបស់លោកចោលតែម្តង ប្រសិនបើហ៊ានជាន់ដីស្រុកខ្មែរមែននោះ។ ពួកគេព្រមានថា អតីតមេបក្សប្រឆាំងរូបនេះកំពុងជាប់ទោស និងត្រូវបានតុលាការចេញដីកាតាមចាប់ខ្លួន។
លើសពីនេះទៀត ក្រុមកងទ័ពដែលស្មោះស្ម័គ្រនឹងរបបលោកហ៊ុន សែន ក៏បានស្បថសច្ចាថា នឹងការពាររបបនេះឱ្យខាងតែបាន ដោយមិនឱ្យក្រុមអតីតបក្សប្រឆាំង ឬក្រុមណាមួយអាចផ្តួលរំលំបានឡើយ។
កាលពីថ្ងៃទី២៥មករា លោកសម រង្ស៊ីបានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ កុំស្តាប់បញ្ជារបស់លោកហ៊ុន សែនដែលលោកថា ជានាយករដ្ឋមន្ត្រីខុសច្បាប់ និងជាចោរប្លន់អំណាចពីប្រជារាស្ត្រ។
លោកស្នើឱ្យកងកម្លាំងប្រដាប់អាវុធ សូមកុំប្រើអាវុធបាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់ តាមបញ្ជាជនផ្តាច់ហ៊ុន សែន។ លោកសមរង្ស៊ីអះអាងថា អ្នកដែលមានកាំភ្លើងក្នុងដៃត្រូវរក្សាទុកកាំភ្លើងទាំងនោះដើម្បីការពារខ្លួនឯង ការពារប្រជារាស្ត្រ និងការពារទឹកដីប្រទេសកម្ពុជា ដែលជាមាតុភូមិសម្រាប់ទាំងអស់គ្នាវិញប្រសើរជាង។ ជាងនេះទៅទៀត លោកជុំរុញឲ្យក្រុមយោធាកុំការពាររបបផ្តាច់ការខុសច្បាប់សព្វថ្ងៃ ដែលកើតចេញមកពីការបោះឆ្នោតក្លែងក្លាយកាលពីខែកក្កដាឆ្នាំ២០១៨។
សង្រ្គាមពាក្យសម្តីរវាងអ្នកនយោបាយខ្មែរនៅតែឡើងកំដៅជាបន្តបន្ទាប់ ហាក់បីដូចជារកចំណុចរួមមិនបាន ស្របពេលដែលសហគមន៍អន្តរជាតិគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើរដ្ឋាភិបាលក្រុងភ្នំពេញបច្ចុប្បន្ន ដែលនឹងធ្វើឱ្យកម្ពុជាខាតប្រយោជន៍ជាតិយ៉ាងច្រើន ហើយប្រយោជន៍ជាតិទាំងនោះ ត្រូវបានអ្នកជំនាញខាងផ្នែកសេដ្ឋកិច្ច និងអ្នកតាមដានសង្គមបារម្ភថា នឹងធ្វើឱ្យពលរដ្ឋខ្មែរទូទាំងនគររងការប៉ះទង្គិចធ្ងន់ធ្ងរ។
ជាងនេះទៅទៀត សហគមន៍អន្តរជាតិតែងស្នើម្តងហើយម្តងទៀតឱ្យ អ្នកនយោបាយខ្មែរ វិលទៅរកតុចរចាដើម្បីបញ្ចប់ជម្លោះផ្ទៃក្នុងជាមួយជាតិសាសន៍ខ្លួនឯងដើម្បីស្តារប្រជាធិបតេយ្យ សិទ្ធិមនុស្សនិងនីតិរដ្ឋនៅកម្ពុជាឡើងវិញ ដោយឈរនៅលើគោលការណ៍ឯកភាពជាតិ និងប្រយោជន៍ជាតិជាធំ៕