អង្គការឃ្លាំមើលអំពើពុករលួយអន្តរជាតិចាត់ទុកអំពើពុករលួយរបស់ កម្ពុជាស្ថិតក្នុងកម្រិតអាក្រក់ទាំងនៅក្នុងចំណោមបណ្តាប្រទេសក្នុង តំបន់និងនៅទូទាំងសកលលោក។
លេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ បានចេញផ្សាយរបាយការណ៍ស្តីពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយសម្រាប់ឆ្នាំ២០១៨នៅថ្ងៃអង្គារនេះឱ្យដឹងថា កម្ពុជាឈរនៅចំណាត់ថ្នាក់លេខរៀងទី១៦១ ក្នុងចំណោមប្រទេសចំនួន១៨០ ដែលត្រូវបានដាក់បញ្ចូលក្នុងការវាយតម្លៃ។ ហើយពិន្ទុរបស់កម្ពុជាក៏បានធ្លាក់ចុះពីលេខ២១កាលពីឆ្នាំ២០១៧មកលេខ២០វិញ នៅឆ្នាំ២០១៨។
របាយការណ៍ដដែលបង្ហាញថា កម្ពុជានៅតែជាប្រទេសទទួលបានពិន្ទុទាបបំផុតទី៣ក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិច និងនៅក្នុងតំបន់អាស៊ាន។
គេហទំព័ររបស់អង្គការតម្លាភាពកម្ពុជាបានដកស្រង់សម្តីលោកព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាចុះផ្សាយថា«កម្ពុជាត្រូវពន្លឿនកិច្ចខិតខំប្រឹងប្រែងកែទម្រង់ជាមូលដ្ឋាន និងជារចនាសម្ព័ន្ធ។
លោកបន្តថា សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៨ បញ្ជាក់ច្បាស់អំពីទំនាក់ទំនងរវាងការមានប្រជាធិបតេយ្យល្អពិតប្រាកដដែលទ្រទ្រង់ប្រព័ន្ធគណនេយ្យភាពរឹងមាំ និងប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងវិស័យសាធារណៈ។ លោកបន្តថា អំពើពុករលួយកាន់តែរីកលូតលាស់ កាលណាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងប្រព័ន្ធសុចរិតភាពមានភាពទន់ខ្សោយ។
អង្គការតម្លាភាពកម្ពុជាក៏បានអំពាវនាវជាថ្មីទៀតឱ្យអាជ្ញាធរកម្ពុជាគ្រប់ជាន់ថ្នាក់ពន្លឿនការអនុវត្តសកម្មភាពកែទម្រង់ជាប្រព័ន្ធដែលជាចំណុចអាទិភាព ធ្វើវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយជាពិសេសទាក់ទងនឹងការប្រកាសទ្រព្យសម្បត្តិ និងការអនុម័តឱ្យបានទាន់ពេលវេលានូវបទប្បញ្ញត្តិដែលលើកកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានសាធារណៈ និងការពារបុគ្គលដែលជាអ្នករាយការណ៍ ដែលជាជំហានចាំបាច់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ក្រុមនេះក៏បានជំរុញឲ្យរដ្ឋាភិបាលពង្រឹងស្ថាប័នដែលទទួលខុសត្រូវក្នុងការលើកកម្ពស់នីតិរដ្ឋ និងដោះស្រាយគម្លាតរវាងបទប្បញ្ញត្តិ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការប្រឆាំងអំពើពុករលួយ ដែលជាវិធានការដ៏ចាំបាច់។
អង្គការតម្លាភាពកម្ពុជាក៏បានលើកឡើងដែរថា កម្ពុជាត្រូវការជាបន្ទាន់នូវយន្តការធានាគណនេយ្យភាពដ៏គួរឱ្យទុកចិត្ត ការបង្កើតប្រព័ន្ធត្រួតពិនិត្យ និងការធានាតុល្យភាពអំណាចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាដើម៕