34 C
Phnom Penh

គ.ជ.ប.​ស្នើឲ្យ​គណបក្ស​នយោបាយ​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​អាណត្តិ​ទី៣​ ទោះ​ជាគ្មាន​គណបក្ស​សង្រ្គោះជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ហៅ​កាត់​ថា​ គ.ជ.ប.​បាន​អំពាវ​នាវ​ដល់​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ ត្រូវ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ស្រុក​ ក្រុង​ រាជធានី​ខេត្ត ​អាណត្តិ​ទី​៣​ ដែល​នឹង​ប្រព្រឹត្ត​​ទៅ​នៅ​ថ្ងៃទី​២៦​ឧសភា​២០១៩។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ.ជ.ប.​ ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃពុធ​នេះ​ឲ្យ​ដឹង​ថា ​ដើម្បី​ធានា​ឱ្យ​ការ​បោះឆ្នោត​ ជ្រើស​រើស​ក្រុម​ប្រឹក្សា ​ស្រុក​ ក្រុង​ រាជ​ធានី​ ខេត្ត​ អាច​ទទួល​បាន​ជោគជ័យ​ទៅ​បាន​ លុះត្រា​តែ​គ.ជ.ប.​គណបក្ស​នយោបាយ ​អាជ្ញាធរ​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យក​ចិត្តទុក​ដាក់​អនុវត្ត​តួនាទី ​និង​ភារ​កិច្ច​រៀង​ខ្លួន​ គ្រប់​ដំណាក់​កាល​នៃការ​បោះឆ្នោត ​ដោយ​កាន់​ខ្ជាប់​នូវ​ក្រម​សីលធម៌​ខ្ពស់។​

សេចក្តី​ថ្លែង​ការណ៍​ដដែល​ឲ្យ​ដឹង​ទៀត​ថា​ ដំណាក់​កាលចុះ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​នេះ ​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៧ ​ដល់​ថ្ងៃ​ទី​២៧ ​ខែ​មីនា​ឆ្នាំ​២០១៩។​

ដោយ​ឡែក​អ្នក​បោះឆ្នោត​ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​​ក្រុម​ប្រឹក្សា​នេះ​គឺ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់​ កំពុង​កាន់​​តំណែង​ ដែល​មាន​សមាជិក​សរុប​ចំនួន​ជាង​១ម៉ឺន​នាក់ ​នៅ​ទូទាំង​ប្រទេស។​ ​

ចំណែក​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត​និង​បញ្ជី​បេក្ខ​ជន​ឈរ​ឈ្មោះបោះ​ឆ្នោត​វិញ​មាន​រយៈ​ពេល​តែ​៥​ថ្ងៃ​ប៉ុណ្ណោះ​ គឺចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៧​ដល់​ថ្ងៃទី​១១​ខែ​មីនា​ឆ្នាំ​២០១៩​ ហើយ​ដំណាក់​កាល​ឃោសនា​បោះឆ្នោត ​នឹង​ចាប់​ពី​ថ្ងៃទី​១៧​ដល់​ថ្ងៃទី​២៤​ ខែ​ឧសភា​ ឆ្នាំ​២០១៩ ​មាន​រយៈ​ពេល​៨ថ្ងៃ។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ អន្តរជាតិ​មួយ​ចំនួន​បាន​ប្រកាស​រួច​ជាស្រេច​ទៅ​ហើយ​ថា ​ខ្លួន​នឹង​មិន​ចូលរួម​ឃ្លាំមើល​ការ​បោះឆ្នោត​ស្រុក​ ក្រុង​ រាជធានី ​ខេត្ត​នេះ​ទេ ​ដោយ​សារ​របប​លោក​ហ៊ុន សែន​ កន្លង​មក​បាន​បំផ្លាញ​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​ដែល​មិន​ទាន់​បាន​ស្តារ​ឡើង​វិញ។ ​ពួក​គេ​អះអាង​ថា​ មូលហេតុ​ដែល​ពួក​គេ​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​បោះឆ្នោត​នេះ ​ដោយ​សារ​របប​លោក​ហ៊ុន សែន​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ លោក​កឹម សុខា​ដាក់​ពន្ធនាគារ​ ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ​ការ​ដក​ហូត​តំណែង​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់​ ក្រុង ​ស្រុក ​រាជធានី​ ខេត្ត​ និង​អាសនៈ​សភា​របស់​គណបក្ស​ប្រឆាំង​ទៅ​ចែក​ឲ្យ​គណបក្ស​រណប​មួយ​ចំនួន​ដែល​ខ្លួន​បាន​រៀបចំ​ទុក​តែ​ប៉ុណ្ណោះ។​

លទ្ធផល​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ​​សង្កាត់ ​កាល​ពី​ឆ្នាំ ​២០១៧​ គ.ជ.ប.​បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ គណបក្ស​សង្រ្គោះ​ជាតិ​ ទទួល​បាន​តំណែង​ដឹកនាំ​ឃុំ​សង្កាត់​ប្រហែល​៥​រយ ​ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​តំណែង​មេ​ឃុំ​ចៅ​សង្កាត់​ចំនួន​ ១​ពាន់ ​១៥៦។ ​ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ​មូលហេតុ​ដែល​របប​លោក​ហ៊ុន សែន​រក​លេស​គ្រប់​យ៉ាង​ដើម្បី​កម្ទេច​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​នោះ​ ដោយសារ​គណ​បក្ស​កាន់​អំណាច​ខ្លាច​បោះឆ្នោត​ចាញ់​បក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស