32 C
Phnom Penh

ភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​​អាមេរិក​សង្ស័យ​ថា​  កម្ពុជា​អនុញ្ញាត​វត្តមាន​កងទ័ព​ចិន​ក្នុង​ខេត្ត​កោះកុង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​ផ្នែក​ភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​របស់​អាមេរិក​លោក​Dan Coats​អះអាង​ថា​ កម្ពុជា​អាច​ផ្តល់​លទ្ធភាព​ឲ្យកង​ទ័ពចិន​បោះទី​តាំង​យោធា​ក្នុង​ទឹក​ដី​កម្ពុជា​យ៉ាង​ពិត​ប្រាកដ។​

លោក​Dan Coats​បាន​និយាយ​នៅក្នុង​របាយ​ការណ៍​កម្រាស់​៤២​ទំព័រ​របស់​ការិយាល័យ​ស៊ើប​ការណ៍​សម្ងាត់​របស់​អាមេរិក​ថា​ ក្រោយពី​ការ​បោះឆ្នោត​ក្លែងក្លាយ​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៨​កន្លង​ទៅ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ថា​ ខ្លួន​បាន​ទទួល​ជ័យ​ជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​នោះ​ ​គណបក្ស​មួយ​នេះ​អាច​ធ្វើ​អ្វីៗ​តាម​ទំនើង​ចិត្ត​បាន​ទាំងអស់​ទៅ​លើ​អំណាច​នីតិប្បញ្ញត្តិ។​ លោក​បន្ត​បញ្ហា​នេះ​ហើយ​ដែល​កម្ពុជា​អាច​ធ្វើ​វិសោធន​កម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​យ៉ាង​ងាយ​ស្រួល​ក្នុង​ការ​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​កងទ័ព​ចិន​នៅក្នុង​ប្រទេស​កម្ពុជា​នោះ។​

អ្នក​នាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥសាន​បាន​ប្រាប់​សារ​ព័ត៌មាន​The Cambodia Daily​នៅមុន​ការ​ផ្សាយ​នេះ​បន្តិច​​ថា ​កម្ពុជា​គោរព​ម៉ឺងម៉ាត់​​ចំពោះអ្វី​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​កងទ័ព​បរទេស​នៅ​កម្ពុជា​ជា​ដាច់ខាត។​

សារ​ព័ត៌មាន​The Asia Times​កាលពី​ដើម​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​កន្លង​ទៅ ​បាន​ចុះ​ផ្សាយ​ថា ​កម្ពុជា​អាច​ក្លាយ​ជា​ចំណុច​កណ្តាល​នៃ​សង្គ្រាម​ត្រជាក់​ថ្មី​ ដោយ​សារ​កម្ពុជា​កំពុង​ផ្តល់​លទ្ធភាព​ឲ្យ​ប្រទេស​ចិន​បោះ​ទីតាំង​មូលដ្ឋាន​ទ័ពជើង​ទឹក​របស់​ចិន​ក្នុង​ខេត្ត​កោះកុង​តាម​រយៈ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុម​ហ៊ុនចិន​​UDG​ដែល​មាន​ទំហំ​ជាង​៤​ម៉ឺន​ហិកតា​រយៈពេល​៩៩​ឆ្នាំ​ដើម្បី​សង់​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ ​ដែល​អាច​ឲ្យ​នាវា​ចម្បាំង​របស់​ចិន​ចូល​ចត​បាន។​

កាសែត​ដដែល​បាន​ចុះផ្សាយ​ថា​លោក​Mike Pence ​អនុ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​បាន​ព្រមាន​លោក​ហ៊ុន សែន​ថា​ ប្រសិន​បើពិត​ដូច​ការ​ចុះផ្សាយ​របស់​ព័ត៌មាន​នេះ​មែន​ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ទំនាក់​ទំនង​  រវាង​ប្រទេស​ទាំង​ពីរ។​

ទោះជាយ៉ាង​ណាក៏​ដោយ​លោក​សុខ ឥសាន អះអាង​ថា​ រដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​ចំពោះ​អ្នក​រាយ​ការណ៍​បរទស​និង​សារ​ព័ត៌មាន​ចុះទៅ​ពិនិត្យ​នៅ​តាម​តំបន់​ដី​សម្បទាន​របស់ក្រុមហ៊ុន​UDG​ក្នុង​ខេត្ត​កោះកុង​ ដើម្បីឲ្យ​បាន​ដឹង​ច្បាស់​អំពី​បញ្ហា​នេះ។​ ប៉ុន្តែ​មន្រ្តី​ជាន់ខ្ពស់​នៃ​សភា​តំណាង​រាស្រ្ត​របស់​សហ​រដ្ឋ​អាមេរិក​កាលពី​ដើម​ខែ​មករា​បាន​ប្រាប់​The Cambodia Daily​ថា​ ប្រព័ន្ធ​ផ្កាយ​រណប​ពាណិជ្ជ​កម្ម​របស់​អាមេរិក​បាន​រក​ឃើញថា​​ទីតាំង​របស់​ក្រុមហ៊ុន​UDG ពិតជា​មាន​តម្រុយ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​កងទ័ព​ជើងទឹក​ចិន​ក្នុង​ទឹក​ដី​កម្ពុជា៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស