41.3 C
Phnom Penh

ពលរដ្ឋ​ខេត្ត​ព្រះ​វិហារ​ជំរុញ​ឲ្យ​លោក​ហ៊ុន សែន​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ភូមិ​ចំនួន​១៣​នាក់​ឲ្យមាន​សេរីភាព​ឡើង​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ប្រហែល​២​រយ​នាក់​មកពី​ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះវិហារ​បាន​នាំគ្នា​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​ភ្នំពេញ​ទាមទារ​ឲ្យ​លោក​ហ៊ុន សែន​និង​លោក​ជា សុផារ៉ា​ រដ្ឋមន្រ្តី​ក្រសួង​ដែនដី​នគរូបនីយ​កម្ម ​និង​សំណង់  អន្តរាគមន៍​ដោះលែង​អ្នក​ភូមិ​១៣​នាក់​ ដែល​ត្រូវ​បាន​សមត្ថ​កិច្ច​ខេត្ត​នេះ​ចាប់​ខ្លួន​ ក្រោយពី​មាន​ការ​តវ៉ា​ជាមួយ​ក្រុម​ហ៊ុន​ឯកជន​មួយ​ឈ្មោះ​មេត្រីភាព។​

ក្រុមពល​រដ្ឋ​អះអាង​ថា ​ អ្នក​ភូមិ​ជាង​៣​រយ​គ្រួសារ​នោះ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មេត្រីភាព​តាំងពី​ពាក់​កណ្តាល​ឆ្នាំ​២០១៨​មក​ម្ល៉េះ។​

មន្រ្តី​ជាន់ខ្ពស់​នៃ​ខុទ្ទល័យ​របស់​លោក​ហ៊ុន សែន​គឺ​លោក​គង់ ចំរើន​ដែល​បាន​ចេញ​មក​ទទួល​ញត្តិពី​ពលរដ្ឋ​ខេត្ត​ព្រះ​វិហារ​ទាំង​នេះ ​បាន​ប្រាប់​ពួកគេ​ថា​ លោក​នឹង​បញ្ជូន​ញត្តិ​នោះ​ទៅឲ្យ​ថ្នាក់​លើ​ពិនិត្យ ​និង​ដោះស្រាយ។​

ក្រុម​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ឲ្យ​ដឹង​ថា​ នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ជម្លោះ​ដីធ្លី​បាន​ចាប់​ផ្តើម​កក្រើក​ឡើង​វិញ​ហើយ​ ខណៈ​តម្លៃ​ដីធ្លី​កំពុង​មាន​ការ​ឡើង​ថ្លៃខ្ពស់​ដោយ​សារ​ការ​វិនិយោគ​របស់​ជនជាតិ​ចិន​កាន់​តែ​ច្រើន​ទៅៗ។​

ជាក់​ស្តែង​ដូច​ករណី​បាញ់​រះ​របស់​សមត្ថ​កិច្ច​ក្នុង​ការ​អនុវត្ត​សាលដីកា​ករណី​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ជាមួយ​លោក​ឧកញ៉ា​ស៊ីគង់ទ្រីវ​ និង​ភរិយា​ឈ្មោះ​ហុង សួន​ ដែល​អ្នក​ភូមិ​អះអាង​ថា​ បាន​រំលោភ​យក​ដី​ពលរដ្ឋ​នៅ​តំបន់​ពយម៉ាចូវ​ ឃុំ​បិតត្រាំង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះ​សីហនុ​ជាង​៧០​ហិកតា​ ធ្វើជា​កម្ម​សិទ្ធិ​តាម​រយៈ​ការ​ប្រើប្រាស់​តុលាការ។​ហេតុ​ការណ៍​បាញ់​រះ​បណ្តាល​ឱ្យ​បុរស​ម្នាក់​ឈ្មោះ​ពៅ សារ័ត្ន​​ដែល​ជា​កម្មករ​សំណង់​នៅ​ក្បែរ​នោះ​ ត្រូវ​គ្រាប់​កាំភ្លើង​មួយ​គ្រាប់​ធ្លុះ​ដៃ​ម្ខាង ​បៀម​ជាប់​នឹង​ឆ្អឹង​ខ្នង​ ហើយ​មនុស្ស​ជាច្រើន​នាក់​ទៀត​ត្រូវ​របួស​ដោយសារ​ការ​វាយ​ដំ​យ៉ាង​ធ្ងន់ធ្ងរពី​សំណាក់​អាជ្ញាធរ។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស