លោកសុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា កម្ពុជាពិតជាធ្លាប់រស់ក្រោមអាណានិគមន៍របស់វៀតណាមពិតប្រាកដមែន។ លោកបន្តថា ការរស់នៅក្រោមរបបអាណានិគមន៍វៀតណាមគឺចន្លោះឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨៩នេះហើយ ជាតថភាពប្រវត្តិសាស្ត្រដែលមិនអាចប្រកែកបានឡើយ។
ថ្លែងក្នុងវេទិកានៃកិច្ចពិភាក្សាតុមូល ស្តីពីស្ថានភាពនយោបាយចុងក្រោយនៃគណបក្សសង្រ្គោះជាតិកាលពីព្រឹកមិញនេះ ប្រធានរាជបណ្ឌិតសភាកម្ពុជា លោកសុខ ទូចបានទទួលស្គាល់ថា កាលពីឆ្នាំ១៩៧៩ដល់១៩៨៩គឺជាពេលវេលាដែលវៀតណាមបានបញ្ជូនអ្នកជំនាញការមកគ្រប់គ្រងតាមស្ថាប័នរដ្ឋទាំងអស់របស់ខ្មែរ ដែលនេះជាការបង្ហាញយ៉ាងច្បាស់ពីទិដ្ឋភាពដាក់អាណានិគមន៍មកលើកម្ពុជា។
លោកបន្តថា បច្ចុប្បន្នគ្មានទិដ្ឋភាពបែបនេះទៀតទេ ដោយសារកម្ពុជាអាចរស់នៅដោយខ្លួនឯង មានឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួន ដោយមិនរណបប្រទេសណាមួយនោះឡើយ។
ប៉ុន្តែក្រុមអ្នកឃ្លាំមើលនយោបាយការបរទេស លើកឡើងថា ឥទ្ធិពលរបស់វៀតណាមមកលើកម្ពុជានៅតែមាន។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ មេដឹកនាំវៀតណាមបានហៅមេដឹកនាំនិងមន្ត្រីជាន់ខ្ពស់របស់កម្ពុជាជាច្រើនរូបទៅព្រមានម្តងហើយម្តងទៀតអំពីទំនាក់ទំនងជិតស្និទ្ធខ្លាំងរបស់កម្ពុជាជាមួយចិន ដែលជាគូសត្រូវដ៏ធំរបស់វៀតណាម។ ពួកគេនិយាយថា ទំនាក់ទំនងកម្ពុជា -ចិន សព្វថ្ងៃកាន់តែធ្វើឱ្យកម្ពុជាបាត់ភាពម្ចាស់ការរបស់ខ្លួន ដោយងាកទាំងស្រុងទៅរករបបកុម្មុនីស្តចិននិងខំប្រឹងការពារផលប្រយោជន៍របស់ជនជាតិចិន និងប្រទេសចិនផងដែរ៕