អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់គ.ជ.ប. លោករ៉ុង ឈុនបានអះអាងថា ស្ថានភាពសិទ្ធិមនុស្សនិង លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបច្ចុប្បន្នធ្លាក់ដល់កម្រិតសូន្យហួសពីប្រកាសអាសន្នទៅទៀត។
ការអះអាងរបស់លោករ៉ុង ឈុនធ្វើឡើងក្នុងពិធីជួបជុំក្រុមអ្នកគាំទ្រគណបក្សសង្រ្គោះជាតិក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកកាលពីថ្ងៃ៣កុម្ភៈ។
លោករ៉ុង ឈុនអះអាងថា រដ្ឋាភិបាលតែងរឹតត្បិតគ្រប់បែបយ៉ាងទៅលើការប្រារព្ធទិវាគ្រូបង្រៀនអន្តរជាតិ ការជួបជុំរបស់ពលរដ្ឋ និងសង្គមស៊ីវិល។
លោកបន្តថា ដូចករណីជាក់ស្តែងតែម្តងគឺការបាញ់ប្រហារទៅលើពលរដ្ឋ នៅខេត្តព្រះសីហនុទាក់ទងនឹងវិវាទដីធ្លីកាលពីពេលថ្មីៗនេះជាដើម។ លោកព្រមានថា ស្ថានភាពអាក្រក់នេះនឹងធ្វើឱ្យកម្ពុជាខាតបង់ប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេង ដែលធ្វើឱ្យប៉ះពាល់ដល់កម្មករជិត១លាននាក់តាមរយៈការដកហូតប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក។
ប៉ុន្តែលោកកែវ រ៉េមីប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាកាលពីចុងខែមករាបានអះអាងនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថា កម្ពុជាជោគជ័យក្នុងកិច្ចការការពារសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
ទោះជាយ៉ាងណាក៏ដោយ សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិមានទាំងសហរដ្ឋអាមេរិកផង បានព្រមានរដ្ឋាភិបាលកម្ពុជាឲ្យស្តារលទ្ធិប្រជាធិបតេយ្យ បញ្ឈប់ការយាយីគណបក្សប្រឆាំង ក្រុមសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញដល់មន្រ្តីគណបក្សប្រឆាំង និងទម្លាក់បទចោទលើលោកកឹម សុខា។ រីឯតំណាងរបស់ចក្រភពអង់គ្លេសវិញ ក៏បានលើកឡើងថា ការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨ជាការបោះឆ្នោតមួយដែលគ្មានភាពស្របច្បាប់៕