ជនរងគ្រោះពីការវាយប្រហារដោយទឹកអាស៊ីដខ្លាំងឈ្មោះ ស៊ុន សុខនី អាយុ ២៣ ឆ្នាំ ដែលជាកម្មកររោងចក្រត្រូវប្ដីជះទឹកអាស៊ីដដាក់ កាលពីឆ្នាំ២០១៦ព្រោះជម្លោះគ្រួសារ បានប្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ថា នៅពេលដែលគាត់កំពុងមានគ្រោះថ្នាក់ ឡានសង្គ្រោះបន្ទាន់របស់រដ្ឋបានទាមទារឲ្យគ្រួសាររបស់គាត់បង់លុយ៧០ ដុល្លារដើម្បីបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត ហើយក្រុមគ្រូពេទ្យបានសួរពីលទ្ធភាពបង់ថ្លៃព្យាបាលជាមុនផងដែរ។
របាយការណ៍កម្រាស់៤២ទំព័ររបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watchរកឃើញថា ជនរស់រានមានជីវិតពីអំពើវាយប្រហារជាច្រើន មិនត្រឹមតែមិនបានទទួលបានសេវាថែទាំសុខាភិបាលឲ្យបានគ្រប់គ្រាន់ ហើយមិនទទួលបានសំណងសមរម្យដែលធានាដោយច្បាប់នោះទេ។ពួកគេ ថែម ទាំង មិន អាច ចាប់ជនដៃ ដល់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ថែមទៀត។
អង្គការនេះរកឃើញថា សូម្បីតែបុគ្គលិកនៅមន្ទីរពេទ្យធំបំផុតនៅកម្ពុជា ដែលជាមន្ទីរពេទ្យតែមួយគត់ខាងការព្យាបាលបញ្ហារលាក ក៏មិនបានដឹងថា ច្បាប់តម្រូវឲ្យផ្ដល់ការព្យាបាលដល់ជនរងគ្រោះដោយមិនចាំបាច់បង់ប្រាក់នោះដែរ។
របាយការណ៍ដដែលបន្តថា ការអូសបន្លាយមិនព្រមផ្ដល់ការព្យាបាលឲ្យទាន់ពេល អាចនាំឲ្យជនរងគ្រោះត្រូវចំណាយពេលយូរ ដើម្បីបានជាសះស្បើយ និងអាចបណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត។
អង្គការHuman Right Watch អះអាងថា ករណីអំពើហិង្សាដោយការប្រើអាស៊ីដខ្លាំង ដែលល្បីខ្ទរខ្ទារបំផុតនៅកម្ពុជា ទំនងជាករណីវាយប្រហារមកលើអ្នកស្រី តាត ម៉ារីណាក្នុងឆ្នាំ១៩៩៩ ដែលកាលណោះនាងមានវ័យ១៦ឆ្នាំនៅឡើយ ដោយបង្កឡើងដោយអ្នកស្រីឃួន សុផល ភរិយារបស់លោកស្វាយ ស៊ីថា ក្នុងតំណែងជាអនុរដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាមនុស្សជំនិតរបស់លោកហ៊ុន សែន។
អង្គការHuman Rights Watch អះអាងថា ករណីនេះគ្មានបុគ្គលណាម្នាក់ត្រូវបានតុលាការយកមកកាត់ទោសចំពោះអំពើវាយប្រហារលើអ្នកនាង តាត ម៉ារីណានោះឡើយ បើទោះបីជាអំពើវាយប្រហារនោះបានកើតឡើងទាំងកណ្ដាលថ្ងៃ នៅកណ្តាលផ្សារដែលមានមនុស្សម្នារយ៉ាងច្រើនកុះករ ហើយក្រុមជនល្មើសបានបន្សល់ទុកនូវភស្ដុតាងដែលបញ្ជាក់ពីអត្តសញ្ញាណរបស់ពួកគេនៅកន្លែងកើតហេតុក៏ដោយ។ មិនតែប៉ុណ្ណោះជនរងគ្រោះ និង ក្រុមគ្រួសារ មិនទទួលបានសំណងជំងឺចិត្តអ្វីទាល់តែសោះ។
ចំណែក លោកស្វាយ ស៊ីថាត្រូវបានលោកហ៊ុន សែនដំឡើងតំណែងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ជារដ្ឋមន្ត្រីអមនាយករដ្ឋមន្រ្តី និងជាទីប្រឹក្សានាយករដ្ឋមន្ត្រីដែលជាតំណែងកំពូលក្នុងជួររដ្ឋាភិបាលថែមទៀត៕