មេដឹកនាំរបបក្រុងភ្នំពេញ លោកហ៊ុន សែន បានប្តេជ្ញាចិត្តជាថ្មីទៀត មិនអនុញ្ញាតឲ្យមានសង្គ្រាមកើតឡើងនៅកម្ពុជាក្នុងអាណត្តិដឹកនាំរបស់លោកនោះឡើយ ហើយធានាឲ្យបាននូវសុខសន្តិភាពដែលមាននៅពេលបច្ចុប្បន្ន ឱ្យខាងតែបាន។
ការប្តេជ្ញាចិត្តរបស់មេដឹកនាំក្រាញអំណាចលោកហ៊ុន សែន ពេលនេះធ្វើឡើង នៅលើទំព័រហ្វេសប៊ុករបស់លោកផ្ទាល់នៅថ្ងៃនេះ។
លោកហ៊ុន សែនបញ្ជាក់ថា ទម្រាំមានឱកាសអភិវឌ្ឍរហូតមានកំណើនសេដ្ឋកិច្ចរឹងមាំល្អ និងមានសន្តិសុខសង្គមល្អ ព្រមទាំងមានការទាក់ទាញវិនិយោគិន និងទេសចរបរទេសកាន់តែច្រើន ដូចពេលបច្ចុប្បន្នគឺលោកបានខិតខំប្រឹងប្រែងនិងធ្វើពលីកម្មខ្លាំងណាស់។
ដូច្នេះលោកអះអាងជាថ្មីទៀតថា នៅក្រោមការដឹកនាំរបស់លោកគឺដាច់ខាតមិនឲ្យកម្ពុជាវិលទៅរកសង្រ្គាមវិនាសកម្មសារជាថ្មីទៀតឡើយ ទោះបីក្នុងរូបភាពណាក៏ដោយ។
ការប្តេជ្ញាជាថ្មីទៀតរបស់លោកហ៊ុន សែនធ្វើឡើងក្រោយពេលអតីតប្រធានគណបក្សសង្រ្គោះជាតិលោកសម រង្ស៊ីបានអំពាវនាវពីក្រៅប្រទេសម្តងហើយម្តងទៀតឱ្យពលរដ្ឋនៅទូទាំងប្រទេស និងនៅក្រៅប្រទេស ក្រោកឡើងប្រឆាំងនឹងរបបក្រុងភ្នំពេញ។
អតីតប្រធានគណបក្សប្រឆាំងរូបនេះអះអាងថា ឆ្នាំ២០១៩នេះជាឱកាសល្អក្នុងការផ្តួលរំលំរបបលោកហ៊ុន សែនហើយលោកក៏កំពុងធ្វើយុទ្ធនាការទាក់ទាញកម្លាំងប្រដាប់អាវុធទាំងអស់ឱ្យប្រឆាំងនឹងលោកហ៊ុន សែនឬត្រូវដកខ្លួនពីក្រុមលោកហ៊ុន សែន។ លោកអះអាងថា កងកម្លាំងប្រដាប់អាវុធភាគច្រើនពិសេសកូនទាហាន ឬមន្ត្រីតូចតាចមិនពេញចិត្តនឹងការដឹកនាំរបស់លោកហ៊ុន សែនឡើយហើយថា អ្នកដែលសប្បាយចិត្តនឹងរបបនេះ ជាក្រុមមន្ត្រីឧត្តមសេនីយ៍ធំៗ មួយចំនួនដែលទទួលបានលាភសក្ការៈពីអំពើពុករលួយ ការបំផ្លិចបំផ្លាញធនធានធម្មជាតិនិងការរកស៊ីខុសច្បាប់របស់ខ្លួនប៉ុណ្ណោះ។
អតីតមេបក្សប្រឆាំងរូបនេះគំរាមថា លោកនឹងវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញនៅពេលឆាប់ៗខាងមុខនេះ មិនមែនដើម្បីឱ្យរបបលោកហ៊ុន សែនចាប់ខ្លួនលោកនោះទេ ប៉ុន្តែលោកនឹងដឹកនាំកម្លាំងចាប់លោកហ៊ុន សែនតែម្តង។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោកសុខ ឥសានធ្លាប់ប្រាប់សារព័ត៌មានThe Cambodia Dailyថា ការអះអាងរបស់លោកសមរង្ស៊ីគួរឲ្យអស់សំណើចជាខ្លាំងនិងជាសម្តីមួយដូចការគោះធុងឲ្យឮតែសំឡេងប៉ុណ្ណោះ។
លោកបន្តថា ប្រសិនបើលោកសមរង្ស៊ី ដឹងច្បាស់ថា មានក្រុមកងទ័ពគាំទ្រលោកយ៉ាងសន្ធឹកសន្ធាប់ដូច្នេះនោះលោកសមរង្ស៊ីគួរតែមានភាពក្លាហានចូលស្រុកឲ្យបានឆាប់បន្តិចទៅ។
កាលពីចុងខែមករាក្រុមកងទ័ពស្ម័គ្រស្លាប់របស់លោកហ៊ុន សែនជាច្រើនក្រុមបានប្រកាសដាច់ណាត់ទៅហើយថា នឹងកម្ចេចលោកសម រង្ស៊ីព្រមទាំងអ្នកគាំទ្ររបស់លោកប្រសិនបើអតីតមេបក្សប្រឆាំងរូបនេះហ៊ានចូលស្រុកខ្មែរវិញមែននោះ។ លោកហ៊ុន សែនបានគំរាមម្តងហើយម្តងទៀតថា លោកសម រង្ស៊ីហ៊ានចូលស្រុកពេលណាជាប់គុកពេលនោះ ហើយវៃខ្នោះតាមស្ទាយ (style) អាមេរិកាំង ថែម ទៀត៕