29.3 C
Phnom Penh

របប​លោក​ហ៊ុន សែន​ទទួល​ស្គាល់​គណបក្ស​នយោបាយ​ថ្មី​មួយ​ទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​សម្រេច​ទទួល​ស្គាល់​គណបក្ស​ថ្មី​ឈ្មោះ​​គណបក្ស​បំណង​ពលរដ្ឋ​នៅ​ក្នុង​បញ្ជី​នយោបាយ។​

សេចក្តី​ប្រកាស​របស់​ក្រសួង​មហា​ផ្ទៃ​ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅថ្ងៃ​ទី​៧​ខែ​កុម្ភៈ​នេះ ​ចុះ​ហត្ថលេខា​ដោយ​លោក​ស ខេង​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​សម្រេច​ទទួល​ស្គាល់​គណបក្ស​បំណង​ពលរដ្ឋ​ដែល​មាន​លោក​អ៊ិត សារម្យ​ជាប្រធាន។​

លោក​អ៊ិត សារម្យ​ជា​អតីត​សមាជិក​របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ ក្រោយ​មក​លោក​បាន​ទៅ​ចូល​រួម​ជា​មួយ​គណបក្ស​ជាតិ​ខ្មែរ​ ដែល​ប្តូរ​ទៅ​ជា​គណបក្ស​សម រង្ស៊ី។ ​បន្ទាប់​មក​ទៀត​លោក​ប្តូរ​ពី​គណបក្ស​សមរង្ស៊ី​ទៅចូល​រួម​ជា​មួយ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​របស់​លោក​ឃឹម វាសនា​រហូត​ដល់​ឆ្នាំ​២០១២។​

ក្រសួង​មហា​ផ្ទៃ​បញ្ជាក់​ថា ​គណបក្ស​បំណង​ពលរដ្ឋ​ ត្រូវ​ធ្វើ​សកម្មភាព​របស់​ខ្លួន​ស្រប​ទៅ​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​និង​លក្ខនិ្តកៈ​របស់​គណបក្ស​ដែល​ដាក់​តម្កល់​នៅ​ក្រសួង​មហា​ផ្ទៃ។​

រហូត​មក​ទល់​ពេល​នេះ​ យ៉ាង​ហោច​ណាស់​មាន​គណបក្ស​នយោបាយ​ជាង​៤០​ហើយ​ដែល​បាន​ចុះ​បញ្ជី​ជាមួយ​ក្រសួង​មហា​ផ្ទៃ​កាលពី​ឆ្នាំ​កន្លង​ទៅ ​ក្រោយ​ពី​របប​លោក​ហ៊ុន សែន​នាំគ្នា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​នៅ​កម្ពុជា។​

អ្នក​សម្រប​សម្រួប​ផ្នែក​អង្កេត​ជាន់ខ្ពស់​របស់​គណៈ​កម្មាធិការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ហៅ​កាត់ថា  ​COMFREL​លោក​ កន សាវង្ស​បាន​ប្រាប់​សារ​ព័ត៌មាន ​The Cambodia Daily​នៅមុន​ការ​ផ្សាយ​នេះ​បន្តិច​ថា​ រដ្ឋាភិបាល​ទទួល​ស្គាល់​គណបក្ស​នយោបាយ​កាន់​តែច្រើន​ កាន់​តែ​ល្អ​ក្នុង​គោល​ការណ៍​ប្រជា​ធិបតេយ្យ​ប៉ុន្តែ​គណបក្ស​កាន់​អំណាច​ត្រូវតែ​ធានា​អំពី​ការ​គោរព​គោល​ការណ៍​ប្រជា​ធិបតេយ្យ​ការ​ចូល​រួម​នយោបាយ​ដោយ​ឈរ​លើ​គោល​ការណ៍​ស្មើភាព​គ្នា ​និង​ការ​គោរព​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស