ក្រោយពីនាវាចម្បាំងរបស់ចិនចំនួនបីគ្រឿងចូលចតក្នុងកំពង់ផែក្រុងព្រះសីហនុ កាលពីខែមករាកន្លងទៅ នាវាជប៉ុន២គ្រឿងនឹងចូលចតនៅកម្ពុជានៅចុងខែកុម្ភៈនេះវិញម្តង។
នាវាកងទ័ពជើងទឹករបស់ជប៉ុនចំនួន ២ គ្រឿងនឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេល ៤ ថ្ងៃនាចុងខែនេះ ដើម្បីពង្រឹងមិត្តភាពរវាងយោធាជប៉ុននិងកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចំាកម្ពុជាដែលចេញផ្សាយជាសាធារណៈកាលពីពេលថ្មីៗនេះឲ្យដឹងថា នាវាចម្បាំងចំនួន ២ គ្រឿងរបស់ ជប៉ុនដែលមានឈ្មោះថា សេតូយុគិ និង ស៊ីម៉ាយុគិ នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី ២៥ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩នេះ។
សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងថា វត្តមាននាវាចម្បាំងរបស់ជប៉ុនពីរគ្រឿងមកកាន់ប្រទេសកម្ពុជានេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសជប៉ុននិងកម្ពុជា និងដើម្បីផ្តល់ឱកាសឲ្យកម្មសិក្សាការីចំនួនជាង១រយនាក់ ដែលទើបបានបញ្ចប់ការសិក្សា បានស្វែងយល់អំពីវប្បធម៌ និងវិស័យយោធានៅកម្ពុជា។
អ្នកវិភាគនយោបាយឯករាជ្យលោកបណ្ឌិតឡៅ ម៉ុងហៃបានប្រាប់សារព័ត៌មានThe Cambodia Dailyថា វត្តមាននៃកងទ័ពជើងទឹករបស់ជប៉ុនដែលនឹងមកទស្សនកិច្ចនៅកម្ពុជានៅចុងខែកុម្ភៈខាងមុខនេះគឺដើម្បីបង្ហាញថា ជប៉ុនក៏មានផលប្រយោជន៍យុទ្ធសាស្រ្តនៅតំបន់អាស៊ីអាគ្នេយ៍និងនៅសមុទ្រចិនភាគខាងត្បូង ហើយក៏ចង់បញ្ជាក់ថា ជប៉ុនក៏មានពាក់ព័ន្ធក្នុងភូមិសាស្រ្តនយោបាយក្នុងតំបន់អាស៊ីនេះ ដែរ៕