ថ្នាក់ដឹកនាំរបបក្រុងភ្នំពេញប្រកាសថា នឹងទម្លាក់ថវិកាជាតិ ទៅកាន់ថ្នាក់មូលដ្ឋានប្រមាណ៥០%បន្ថែមទៀតដើម្បីធ្វើកំណែទម្រង់តាមបែបវិមជ្ឈការ និងវិសហមជ្ឈការឱ្យមានប្រសិទ្ធភាព ដោយចាប់ពីឆ្នាំ២០២០ខាងមុខនេះតទៅ។
ថ្លែងក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៨និងដាក់ទិសដៅសម្រាប់ឆ្នាំ២០១៩នៅក្រសួងមហាផ្ទៃកាលពីព្រឹកមិញលោកស ខេង អះអាងថា រដ្ឋាភិបាលក្រុងភ្នំពេញនឹងទម្លាក់ថវិកាដល់ឃុំសង្កាត់ផ្ទាល់ហើយបង្កើនថវិកានោះជាបន្តបន្ទាប់ដើម្បីអភិវឌ្ឍដោយមិនគិតពីថវិកា រដ្ឋបាល និងប្រាក់បៀវត្សរ៍នោះឡើយ។
លោកស ខេងបញ្ជាក់ថា ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការត្រូវបានកត់សម្គាល់ឃើញថា មានការឯកភាពគ្នាពីថ្នាក់លើដល់ថ្នាក់ក្រោម ហើយក៏បានចាប់ផ្តើមជ្រួតជ្រាបដល់មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិព្រមទាំងពលរដ្ឋផងដែរ។
លោកអះអាងថា នៅឆ្នាំ២០២០ រដ្ឋាភិបាលនឹងបន្ថែមថវិកាជាតិ ដល់ថ្នាក់ឃុំសង្កាត់សម្រាប់អភិវឌ្ឍដោយមិនគិតថវិការដ្ឋបាល និងប្រាក់បៀវត្សរ៍ចំនួនជាង៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក ខណៈបច្ចុប្បន្នថវិកាសម្រាប់អភិវឌ្ឍនៅថ្នាក់ឃុំសង្កាត់មានជាង៣ម៉ឺនដុល្លារប៉ុណ្ណោះ។
បន្ថែមពីនេះលោកថា នៅឆ្នាំ២០២១ថវិកាកើនដល់៨៥.០០០ដុល្លារហើយនៅឆ្នាំ២០២២ ថវិកានេះនឹងកើនដល់១០០.០០០ដុល្លារ និងនៅឆ្នាំ២០២៣ថវិកាសម្រាប់អភិវឌ្ឍនឹងកើនដល់១១ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ លោកបន្ដថា ការសម្រេចបែបនេះជាឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីផ្តល់លទ្ធភាពដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនដែលជាសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោកបណ្ឌិតកែម ឡីកាលពីពេលលោកនៅរស់បានណែនាំឱ្យរដ្ឋាភិបាលបង្កើនកញ្ចប់ថវិកាជាតិដល់ថ្នាក់ឃុំសង្កាត់រហូតដល់១លានដុល្លារសហរដ្ឋអាមេរិកនិងបញ្ជូនធនធានមនុស្សទៅកាន់មូលដ្ឋានឱ្យបានច្រើន។ លោកបន្តថា ការធ្វើដូច្នេះទើបជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋានពិតប្រាកដ និងដើម្បីកាត់បន្ថយគម្លាតរវាងការអភិវឌ្ឍនៅតាមទីក្រុង និងនៅតាមទីជនបទ៕