មេដឹកនាំរបបក្រុងភ្នំពេញលោកហ៊ុនសែនអះអាងជាថ្មីថា របបរបស់លោកនឹងមិនស្លាប់ទេ ទោះបីជាសហភាពអឺរ៉ុបផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាក៏ដោយ។
ថ្លែងក្នុងពិធីបិទបញ្ចប់សន្និបាតបូកសរុបការងារឆ្នាំ២០១៨និង លើកទិសដៅសម្រាប់ឆ្នាំ២០១៩នៅក្រសួងមហាផ្ទៃ នៅរសៀលនេះ លោកហ៊ុន សែនបានអះអាងជាថ្មីថា កម្ពុជាមិនបារម្ភចំពោះវិធានដកប្រព័ន្ធអនុគ្រោះពន្ធEBAពីសំណាក់សហភាពអឺរ៉ុបឡើយ ហើយលោកនឹងមិនយកអធិបតេយ្យភាព របស់ខ្លួនទៅដោះដូរនឹងEBAនោះដែរ។
លោកបញ្ជាក់ថា ការដក EBAគឺប្រៀបដូចជាការសម្លាប់ ក្រុមបក្សប្រឆាំងទៅវិញទេ ចំណែករបបរបស់លោកនៅតែអាចរស់បាន បើទោះបីជាត្រូវបាត់បង់ជើងមួយចំហៀងក៏ដោយ គ្រាន់តែកម្ពុជាមិនអាចក្លាយជាប្រទេសមានបានទៅរួច។ លោកហ៊ុន សែនដែលកំពុងនិយាយអំពីបញ្ហា EBAទាំងទឹកមុខក្រហមនិងមានសំឡេងញ័រៗផងនោះ បញ្ជាក់ថា ពេលនេះជាពេលមួយដែលកម្ពុជាក្តាប់គ្រប់យ៉ាងក្នុងដៃ យមិនឱ្យនរណាប្រមាថមាក់ងាយបានឡើយ។
ជាមួយគ្នានេះ លោកបែរជាណែនាំមន្ត្រីរបស់លោកហើយក៏គ្រោងជួបជាមួយកម្មករដើម្បីណែនាំមិនឱ្យខ្វាយខ្វល់ពីបញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធ EBAនោះដែរ។
សហភាពអឺរ៉ុប កាលពីថ្ងៃច័ន្ទបានប្រកាសដំណើរការនីតិវិធីឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធបណ្ដោះអាសន្នពីកម្ពុជា ដោយអះអាងថា ប្រព័ន្ធអនុគ្រោះពន្ធនេះ អាចត្រូវដកហូតវិញ ប្រសិនបើកម្ពុជាបរាជ័យក្នុងការធ្វើឲ្យប្រសើរឡើងវិញនូវស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ក្រោយការសម្រេចនេះ ស្ថាប័ន និងមន្ត្រីជាន់ខ្ពស់ក្នុងរបបលោកហ៊ុនសែនបានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ដោយសម្តែងការខកចិត្តចំពោះការសម្រេចរបស់សហភាពអឺរ៉ុប និងថា ជារឿងអយុត្តិធម៌បំផុត ដោយអឺរ៉ុបបានមើលរំលងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាកន្លងមកទៀតផង។
ប៉ុន្តែស្ថានទូតអាមេរិកប្រចាំកម្ពុជាក៏បានណែនាំឱ្យមេដឹកនាំកម្ពុជាវិលទៅរកកិច្ចចរចាដើម្បីដោះស្រាយវិបត្តិនយោបាយ និងស្តារលទ្ធិប្រជាធិបតេយ្យព្រមទាំងសិទ្ធិមនុស្សឡើងវិញឱ្យបានឆាប់ ដើម្បីរួចផុតពីការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBAដោយថា ត្រូវតម្កល់ផលប្រយោជន៍ជាតិឲ្យបានធំជាងផលប្រយោជន៍បុគ្គល និងផលប្រយោជន៍នយោបាយរបស់ខ្លួន។
អ្នកវិភាគព្រមានថា បើកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBAនេះ វានឹងធ្វើឱ្យពលរដ្ឋកម្ពុជារងផលប៉ះពាល់ធ្ងន់ធ្ងរ រហូតអាចឈានទៅមានវិបត្តិសង្គមកាន់តែខ្លាំងថែមទៀតផង៕