អ្នកវិភាគអះអាងថា បញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធEBA ពីសំណាក់សហភាពអឺរ៉ុប បានធ្វើឱ្យផ្ទៃក្នុងរបស់លោកហ៊ុន សែននិងផ្ទៃក្នុងរបស់បក្សកាន់អំណាចមានការរង្គោះរង្គើល។
អ្នកវិភាគនយោបាយឯករាជ្យដែលកំពុងរស់នៅភៀសខ្លួនក្នុងប្រទេស ហ្វាំងឡង់ (Finland)លោកគឹម សុខបានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា មនុស្សដែលនៅជុំវិញលោកហ៊ុន សែនកំពុងបាក់ទឹកចិត្តពីសម្ពាធមិនធូរស្រាលរបស់សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកជាដើម។
លោកគឹម សុខអះអាងថា រដ្ឋាភិបាលលោកហ៊ុន សែន បានចេញប្រតិកម្មច្របូកច្របល់ ហើយករណីខ្លះទៀតបកស្រាយបញ្ច្រាសគ្នា សូម្បីតែមនុស្សម្នាក់ដែលលោក ហ៊ុន សែនទុកចិត្តបំផុតក៏និយាយអំពីបញ្ហាEBA ដោយគំនិតច្របូកច្របល់ដែរ។
បន្ថែមពីនេះ លោក ហ៊ុន សែន បានព្យាយាមលួងអារម្មណ៍ខ្លួនឯង និងបង្វែងការណ៍ពិត។ ពេលខ្លះលោកហ៊ុន សែនអះអាងថា កម្ពុជាមានការសោកស្ដាយដែលសហភាពអឺរ៉ុបព្រមានផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ ហើយពេលខ្លះទៀតលោក ហ៊ុន សែនអះអាងថា មិនមានបញ្ហាអ្វីទេ ប្រសិនបើអឺរ៉ុបផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធនេះ។
លើសពីនេះ លោកថា លោក ហ៊ុន សែនក៏បានប្រើកូនទាំងពីររបស់ខ្លួន ដើម្បីធ្វើការងារមួយចំនួន និងស្ទាបស្ទង់កម្លាំងក្នុងបក្សដែលមិនពេញចិត្ត ហើយត្រៀមបង្ក្រាបក្រុមទាំងនោះ ព្រមទាំងប្រើវិធីបន្លំមហាជនឱ្យបំភ្លេចរឿងEBA និងបង្ហាញថា របបមួយនេះមិនព្រួយបារម្ភចំពោះការដកប្រព័ន្ធអនុគ្រោះពន្ធនេះឡើយ។
លោក គឹម សុខ បញ្ជាក់ថា សារសម្លេងដែលផ្ទៃក្នុងនៃរបបលោក ហ៊ុន សែនបញ្ចេញមកក្រៅនោះ បញ្ជាក់ថា កូនប្រុសលោកហ៊ុន សែនទីពីរ គឺលោក ហ៊ុន ម៉ានិតដែលកាន់កិច្ចការខាងផ្នែកចារកម្មយោធា បានសម្ដែងការព្រួយបារម្ភចំពោះកម្លាំងបញ្ញាវន្តក្នុងជួរគណបក្សប្រជាជនកម្ពុជា មានការធ្លាក់ទឹកចិត្តនឹងសម្ពាធEBAពីអឺរ៉ុបនិងប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ពីសហរដ្ឋអាមេរិក ដែលជាប្រភពចំណូលដ៏ធំនិងច្រើនលើសលប់សម្រាប់សង្គមសេដ្ឋកិច្ច និងវិស័យអាទិភាពនានារបស់កម្ពុជា៕