នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោកព្រាប កុលទស្សន៍ទាយថា ប្រធានគណបក្សសង្រ្គោះជាតិលោកកឹម សុខាអាចនឹងត្រូវតុលាការកាត់ក្តីនៅក្នុងខែមីនា ហើយអាចនឹងត្រូវដោះលែងឲ្យមានសេរីភាពវិញនៅក្នុងខែមីនា ឬនៅមុនចូលឆ្នាំខ្មែរក្នុងខែមេសា២០១៩យ៉ាងយូរ។
លោកបានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកកាលពីយប់មិញថា ក្រោយការដោះលែង លោកកឹម សុខានឹងមានចរន្តនយោបាយនៅកម្ពុជា និងនៅក្រៅប្រទេស ដែលដឹកនាំដោយលោកកឹម សុខានិងមន្ត្រីបក្សដែលស្ម័គ្រស្មោះជាមួយគាត់ដើម្បីស្វែងរកការរៀបចំដំណើរការនយោបាយឡើងវិញ។
លោកបន្តថា ល្បែងភ្នាល់នយោបាយខ្នាតធំជិតដល់ថ្ងៃកំណត់ ប៉ុន្តែលទ្ធផលដែលគេដឹងមុនតាំងពីថ្ងៃភ្នាល់នោះគឺថា លោកសម រង្ស៊ីនឹងចាញ់ការភ្នាល់។ ប៉ុន្តែអ្វីដែលគេប្រហែលមិនបានគិតដល់នោះគឺថា លោកសម រង្ស៊ីភ្នាល់ដើម្បីបានឈ្នះក្នុងការតស៊ូមតិលើឆាកអន្តរជាតិទាក់ទងទៅនឹងដំណើរការត្រួតពិនិត្យEBA។
នេះគេហៅថា ស៊ីគ្រាប់ទៅវិញទៅមកក្នុងល្បែងអុក ឬលេងរែក។ ប៉ុន្តែគេអាចដឹងថា លោកសម រង្ស៊ីនឹងមិនធ្វើតាមសន្យាក្នុងការភ្នាល់នេះទេ។
ប៉ុន្តែលោកសម រង្ស៊ីបានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា លោកហ៊ុន សែនបានដកខ្លួនចេញពីការភ្នាល់គ្នាជាមួយលោកក្នុងករណីដោះលែងឬមិនដោះលែងលោកកឹម សុខា តាមរយៈការបញ្ជាឱ្យតុលាការបកស្រាយថា លោកកឹម សុខាត្រូវបានដោះលែងឱ្យនៅក្រៅឃុំតាំងពីខែកញ្ញាឆ្នាំ២០១៨មកម៉្លេះ។
ទោះជាយ៉ាងណាក៏ដោយ លោកព្រាប កុលយល់ថា អតីតប្រធានគណបក្សសង្រ្គោះជាតិលោកសម រង្ស៊ីអាចនឹងត្រូវបានគេរារាំង និងបិទផ្លូវមិនឲ្យវិលចូលស្រុក និងមិនមានតួនាទីជាផ្លូវការអ្វីក្នុងបក្សដែលដឹកនាំដោយ លោកកឹម សុខានោះដែរ។
រីឯលោកកឹម សុខានឹងព្យាយាមនៅឆ្ងាយពីលោកសម រង្ស៊ីប៉ុន្តែមិនប្រកាសចែកផ្លូវគ្នាទេ ព្រោះត្រូវរង់ចាំមើលសន្ទុះនៃការគាំទ្រពីមហាជន និងសហគមន៍អន្តរជាតិសិន។ ប្រសិនបើមានការគាំទ្រគ្រប់គ្រាន់ លោកកឹម សុខាអាចនឹងត្រូវបានជំរុញឲ្យពិចារណាផាត់លោកសម រង្ស៊ីចេញពីសង្វៀននយោបាយរបស់បក្សតែម្តង។
ប៉ុន្តែប្រសិនលោកសម រង្ស៊ីនិងលោកកឹម សុខាហ៊ានប្រកាសចែកផ្លូវគ្នាវិញ ពួកគេនឹងត្រូវទទួលការថ្កោលទោសពីពលរដ្ឋដែលធ្លាប់គាំទ្រពួកគាត់ នាពេលកន្លងមក។
លោកបន្តថា លោកសម រង្ស៊ីអាចនឹងប្រថុយត្រឡប់មកកម្ពុជាវិញពីព្រោះវាជាជីវិតនយោបាយចុងក្រោយរបស់គាត់ ព្រមទាំងសេនារីយោមួយចំនួនទៀត៕