នយោបាយ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ជំរុញ​ឱ្យ​អាជ្ញាធរ​បង្ក្រាប​មេខ្លោង​បទ​ល្មើស​គ្រឿង​ញៀនធំៗ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​

By ឌឹ ខេមបូឌា ដេលី

February 21, 2019

រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ស ខេង​ជំរុញ​ឱ្យ​អាជ្ញាធរ​ទាំង​អស់​ បង្កើន​ប្រសិទ្ធ​ភាព​ក្នុង​ការ​បង្ក្រាប​មេ​ខ្លោង​ធំៗ​ពាក់ព័ន្ធ​បទ​ល្មើស​គ្រឿង​ញៀន​បន្ថែម​ទៀត​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​កាត់​បន្ថយ​ចរាចរ​គ្រឿង​ញៀន​ទៅ​ដល់​អ្នក​ប្រើប្រាស់។​

ការ​អះអាង​របស់​លោក​ស ខេង​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការ​ងារ​ឆ្នាំ​២០១៨​និង​លើក​ទិស​ដៅ​ការងារ​សម្រាប់​អនុវត្ត​បន្ត​ឆ្នាំ​២០១៩​ របស់​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​នៅ​ថ្ងៃ​នេះ។​

លោក​ស ខេង​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​ចូលរួម​ក្នុង​ការ​ផ្ដល់​ជូន​ព័ត៌មាន​នានា​មក​អាជ្ញាធរ​ដើម្បី​ឲ្យមាន​ដំណោះ​ស្រាយ​ ដូច​ជា​ករណី​គ្រឿង​ញៀន​នៅ​តាម​មូលដ្ឋាន​ និង​បញ្ហា​ផ្សេងៗ​ទៀត ​ដែល​ពលរដ្ឋ​ជួប​ប្រទះ។ ​ជាង​នេះ​ទៅ​ទៀត​លោក​ក៏​បាន​ដាស់​តឿន​មន្រ្តី​ទាំងអស់​មិន​ឲ្យមាន​នរណា​ម្នាក់​ជាប់​ពាក់ព័ន្ធ​បញ្ហា​​គ្រឿង​ញៀន​ឡើយ​ ដោយ​លោក​និយាយ​ថា ​ត្រូវ​ចៀសវាង​ការ​បង្ក្រាប​អ្នក​ផ្សេងៗ​ ប៉ុន្តែ​ខ្លួន​ឯង​ជា​មេខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន​នោះ។​

កន្លង​មក​សង្គម​ស៊ីវិល​ធ្លាប់​បាន​រិះគន់​ចំពោះ​វិធាន​ការ​បង្ក្រាប​គ្រឿង​ញៀន​របស់​សមត្ថ​កិច្ច ​ដោយ​ថា​ បាន​បង្ក្រាប​និង​ចាប់​ខ្លួន​បាន​ ភាគ​ច្រើន​ជាអ្នក​ប្រើប្រាស់​ និង​ជន​រង​គ្រោះ​ប៉ុណ្ណោះ​ប៉ុន្តែ​មេខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន​ធំៗ​គឺចាប់​បាន​តិច​តួច​ណាស់​ឬ​ស្ទើរតែ​គ្មាន​តែ​ម្តង។​

សង្គម​ស៊ីវិល​ក៏​ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​រក​មេខ្លោង​ធំៗ​ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ​ដោយ​គ្មាន​ការយោគ​យល់​ ពិសេស​អ្នក​ដែល​នៅពី​ក្រោយ​ខ្នង​បទ​ល្មើស​ទាំង​នោះ ​ជាជាង​ចាប់​បាន​តែ​ជន​រង​គ្រោះ។​

របាយ​ការណ៍​របស់​ក្រសួង​មហា​ផ្ទៃ​ឲ្យ​ដឹង​ថា ​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​បច្ចុប្បន្ន​មាន​ចំនួន​ជាង​៣​ម៉ឺន​នាក់​​ក្នុង​នោះ​អ្នក​ជាប់​ឃុំ​២​ភាគ​៣​ ពាក់ព័ន្ធ​បទ​ល្មើស​គ្រឿង​ញៀន ​ហើយ​ពួកគេ​ភាគ​ច្រើន​មិន​ទាន់​ត្រូវ​បាន​តុលាការ​ជំនុំ​ជម្រះ​ក្តី​នៅ​ឡើយ​ ដែល​ធ្វើឱ្យ​ស្ថានភាព​ពន្ធនាគារ​កាន់​តែ​អាក្រក់៕​