29 C
Phnom Penh

តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ទម្លាក់​ចោល ការ ចោទ ប្រកាន់ មក លើ អតីត ប្រធាន សហជីព​ លោក​ជា មុន្នី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក​សេង ឫទ្ធី​បាន​សម្រេច​លើក​លែង​ចោទ​ប្រកាន់​មក​លើ​លោក​ជា មុន្នី​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ក្នុង​សំណុំ​រឿង​ដែល​សមាគម​ និង​សហជីព​គាំទ្រ​រដ្ឋាភិបាល​ប្តឹង​កាល​ពី​ចុង​ឆ្នាំ​២០១៧។​

កាល​ពី​ចុង​ខែ​ធ្នូ​ឆ្នាំ​២០១៨​ ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​សេង ឫទ្ធី​បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ​ដែល​លិខិត​នោះ​ទើប​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​កាលពី​មិ្សលមិញ​ដោយ​សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​លើ​លោក​ជា មុន្នី​។​

អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​លោក​ជា មុន្នី​ ត្រូវ​បាន​ក្រុម​សមាគម​សហ​ជីព​ដែល​គាំទ្រ​រដ្ឋាភិបាល​ចំនួន​១២០​បាន​ដាក់​ពាក្យ​ប្តឹង​ពី​បទ​ញុះញង់​កាលពី​ថ្ងៃ​១៨​ខែ​ធ្នូ​ឆ្នាំ​២០១៧ ​ បន្ទាប់​ពី​លោក​បាន​ ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៥​ខែ​ធ្នូ​ឆ្នាំ​២០១៧​ពាក់ព័ន្ធ​នឹង​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​មក​លើ​រដ្ឋាភិបាល​កម្ពុជា។​

ក្នុង​បទ​សម្ភាសន៍​ពេល​នោះ ​លោក​ជា មុន្នី​បាន​បញ្ចេញ​ប្រតិ​កម្ម​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ​កាល​ពី​ថ្ងៃ​ទី ​១៤​ វិច្ឆិកា​ឆ្នាំ​២០១៧​ដោយ​ថា​ ប្រទេស​កម្ពុជា​កំពុង​ឆ្ពោះ​ទៅ​រក​ប្រទេស​ឯការ​ហើយ​ក៏​ស្នើ​ឱ្យ​សហគមន៍​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​លោក​ហ៊ុន សែន។​

ពាក្យ​បណ្តឹង​មេ​ធាវី​តំណាង​ឱ្យ​សហភាព​ សមាគម ​និង​សម្ព័ន្ធ​សហជីព​ កាល​ពី​ឆ្នាំ​២០១៧​បាន​ប្តឹង​លោក​ជា មុន្នី​ពីបទ​ញុះញង់​និង​ស្នើឱ្យ​តុលាការ​ផ្តន្ទាទោស​តាម​ច្បាប់​ ព្រម​ទាំង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ដល់​កម្មករ​និយោជិត​ចំនួន​១​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ផង​ដែរ។​

ក្រោយ​ពី​រង​ពាក្យ​បណ្តឹង​ លោក​ជា មុន្នី​បាន​រត់​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ផុត​ពី​ការ​ចាប់​ខ្លួន​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ផង​ដែរ។​

ក្រៅពី​បណ្តឹង​នេះ ​លោក​ជា មុន្នី​ក៏​នៅ​មាន​បណ្តឹង​ផ្សេង​ទៀត​ពាក់ព័ន្ធ​ករណី​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង ​កាលពី​ដើម​ឆ្នាំ​២០១៤ ​ប៉ុន្តែ​ករណី​នេះ​ត្រូវ​បាន​លោក​ហ៊ុន សែន​ធ្លាប់​ចេញ​មុខ​អះអាង​ថា ​មេ​ដឹកនាំ​សហ​ជីព​មួយ​ចំនួន​ដូចជា​ ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក​អាត់ ធន់ ​និង​ប្រធាន​សហភាព​ចលនា​កម្មក រ​កម្ពុជា​លោក​ប៉ាវ ស៊ីណា​ព្រម​ទាំង​លោក​ជា មុន្នី​ផង​ មិន​បាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ករណី​នោះ​ឡើយ។​

យ៉ាង​ណា​ក៏​ដោយ ​ការ​លើក​លែង​បទ​ចោទ​ប្រកាន់​លើ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា​ពេល​នេះ​ត្រូវ​បាន​ថ្នាក់​ដឹកនាំ​សហជីព​និង​ មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​មើល​ឃើញ​ថា​ ជា​សញ្ញា​វិជ្ជមាន​មួយ​ ហើយ​ក៏​ស្នើ​ឱ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​ និង​លើក​លែង​ទោស​ដល់​មន្ត្រី​សហជីព​ទាំង​អស់​ដែល​កំពុង​ជាប់​បណ្តឹង​ផង​ដែរ។​

លើស​ពីនេះ​ទៅ​ទៀត​ ក្រុម​សង្គម​ស៊ីវិល​ក៏​ស្នើ​ឱ្យ​ពិនិត្យ​ករណី​អយុត្តិ​ធម៌​ដទៃ​ទៀត​ ដែល​បាន​ប្តឹង​មន្ត្រី​សង្គម​ស៊ីវិល​ អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​ ព្រម​ទាំង​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ ​និង​កំពុង​រង​បណ្តឹង​ជា​ដើម​នោះ៕​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស