នយោបាយ

របាយ​ការណ៍​របប​លោក​ហ៊ុនសែន​វាយ​តម្លៃ​សភាព​ការណ៍​កម្ពុជា​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​អន្តរជាតិ​ 

By ឌឹ ខេមបូឌា ដេលី

February 23, 2019

អគ្គស្នង​ការ​នគរ​បាល​ជាតិ​បាន​អះអាង​ថា​នៅ​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​សភាព​ការណ៍​ជារួម​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ដោយ​សារ​បាន​ទប់ស្កាត់​ឧបាយ​កល​ទុច្ចរិត​របស់​ក្រុម​ប្រឆាំង​ក្រៅ​ច្បាប់​ទាន់​ពេល​វេលា​ប៉ុន្តែ​ស្ថាន​ភាព​បទ​ល្មើស​និង​សកម្ម​ភាព​បាតុកម្ម​និង​កូដកម្ម​មាន​ការ​កើន​ឡើង​ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧។​

របាយ​ការណ៍​បូក​សរុប​ការងារ​របស់​អគ្គស្នង​ការ​នគរ​បាល​ជាតិ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​ឲ្យដឹង​ថា​នៅ​ឆ្នាំ​២០១៨​សភាព​ការណ៍​ជារួម​នៅ​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ល្អ​ប្រសើរ​មាន​សុខ​សន្តិភាព​ដោយ​ទប់ស្កាត់​និង​បញ្ចៀស​បាន​នូវ​អំពើ​ភេរវ​កម្ម​ការពារ​បាន​នូវ​បូរណ​ភាព​ទឹក​ដី​អធិប​តេយ្យ​ជាតិ​ការពារ​រឹងមាំ​នូវ​ឯករាជ្យ​ជាតិ​សាមគ្គី​ភាព​ឯក​ភាព​ផ្ទៃ​ក្នុង​ផង​ដែរ។​

របាយ​ការណ៍​ដដែល​បញ្ជាក់​ថា​កាលពី​ឆ្នាំ​២០១៨​រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​ការ​ងារ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​នីតិកាល​ទី៤​និង​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៦​ប្រកប​ដោយ​ជោគជ័យ​គ្មាន​អំពើ​ហិង្សា​និង​ការ​គំរាម​កំហែង​បើទោះ​បី​ជា​ក្រុម​ក្រៅ​ច្បាប់​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ប្រើប្រាស់​គ្រប់​កល​ល្បិច​ប៉ុន​ប៉ង​បំផ្លាញ​ព្រឹត្តិ​ការណ៍​ជា​ប្រវត្តិ​សាស្ត្រ​យ៉ាង​ណាក៏​ដោយ។​

ទោះ​បីយ៉ាង​ណាក៏​ដោយ​ស្ថាន​ភាព​នៅ​ឆ្នាំ​២០១៨​ត្រូវ​បាន​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​វាយ​តម្លៃ​ថា​លំហ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​និង​បញ្ហា​សិទ្ធិ​មនុស្ស​កាន់តែ​រួម​ចង្អៀត​ទៅៗ។​

ជាក់ស្តែង​ចាប់​តាំង​ពី​មាន​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​កឹមសុខា​និង​រំលាយ​គណបក្ស​នេះ​កាលពី​ចុង​ឆ្នាំ​២០១៧​មក​រដ្ឋាភិបាល​លោក​ហ៊ុនសែន​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ស្ទើរ​គ្រប់​យ៉ាង​ទៅ​លើ​មន្ត្រី​ជាប់​ឆ្នោត​និង​សកម្មជន​របស់​បក្ស​មួយ​នេះ​ដោយ​មាន​ទាំង​ការ​គំរាម​កំហែង​ការ​ចាប់​ដាក់​ពន្ធនាគារ​និង​ការ​អូស​ទាញ​ឱ្យ​ចុះចូល​បក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។​

សហគមន៍​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៨​ឡើយ​ដោយ​ហៅ​ការ​បោះ​ឆ្នោតនោះ​ជា​ការ​បោះឆ្នោត​បែប​បង្រ្គប់​កិច្ច​និង​ក្លែងក្លាយ​ព្រោះជា​ការ​បោះឆ្នោត​ដែល​បាន​ទាត់​ចោល​គណបក្ស​សង្រ្គោះ​ជាតិ​ដែលជា​គណបក្ស​ប្រឆាំង​ដ៏​ធំមុន​ការ​បោះឆ្នោត​ចូល​មក​ដល់។​

មិន​តែ​ប៉ុណ្ណោះស​ហគមន៍​អន្តរជាតិ​បាន​ចាត់​ទុក​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក​ហ៊ុនសែន​បាន​បំផ្លាញ​ឫស​គល់​នៃ​លទ្ធិ​ប្រជា​ធិតេយ្យ​និង​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ស្រប​ពេល​លោក​ហ៊ុនសែន​កំពុង​ងាក​យ៉ាង​ខ្លាំង​ទៅ​រក​របប​ក្រុង​ប៉េកាំង៕​