ព័ត៌មានជាតិ

មន្ត្រី​ជាន់ខ្ពស់​កងរាជ​អាវុធ​ហត្ថ​បញ្ជាក់​ថា​ គ្រាប់​កាំភ្លើង​ដែល​បាញ់​ពលរដ្ឋ​នៅ​ខេត្ត​ព្រះ​សីហនុ​មិនមែន​ជា​គ្រាប់​កាំភ្លើង​របស់​សមត្ថកិច្ច​ឡើយ​

By ឌឹ ខេមបូឌា ដេលី

February 26, 2019

មន្ត្រី​ជាន់ខ្ពស់​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បញ្ជាក់​ថា​ គ្រាប់​កាំភ្លើង​ដែល​បាញ់​ចំ​ពល​រដ្ឋ​ម្នាក់​បណ្តាល​ឱ្យ​របួស​ធ្ងន់​ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​ពលរដ្ឋ​ករណី​វិវាទ​ដីធ្លី​ កាលពី​ខែ​មករា​ ក្នុង​ខេត្ត​ព្រះ​សីហនុ​គឺ​មិន​មែន​ជា​គ្រាប់​កាំភ្លើង​របស់​សមត្ថ​កិច្ច​ឡើយ។​​

អ្នក​នាំ​ពាក្យ​កង​រាជអាវុធ​លើ​ផ្ទៃ​ប្រទេស​លោក​អេង ហ៊ី​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា ​ មន្ត្រី​របស់​លោក​មិន​បាន​បាញ់​ប្រហារ​ទៅ​លើ ​ពលរដ្ឋ​នោះ​ឡើយ​ក្នុង​អំឡុង​ពេល​ចុះ​អនុវត្ត​សាល​ដីកា​របស់​តុលាការ​នៅ​ក្នុង​សំណុំ​រឿង​ជម្លោះ​ដី​ធ្លី​មួយ​ស្ថិត​ក្នុង​ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ​ ដែល​ឈាន​ទៅ​ដល់​កើត​មាន​អំពើ​ហិង្សា​បង្ក​ឲ្យ​ពល​រដ្ឋ​២​នាក់​រង​របួស​នោះ។​

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ដែល​ធ្វើ​ឡើង​នៅ​ឯ​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​លោក​អេង ហ៊ី​ អ្នក​នាំពាក្យ​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​អះ​អាង​ថា ​កង​កម្លាំង​រាជ​អាវុធ​ហត្ថ​ចំនួន​១០០​នាក់​​ដែល​បំពាក់​ដោយ​កាំភ្លើង​វែង​១០​ដើម ​និង​កាំភ្លើង​ខ្លី​៦​ដើម​មិន​បាន​បាញ់​ត្រូវ​ពលរដ្ឋ​ម្នាក់​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​នោះ​ឡើយ។​

លោក​ថ្លែង​ការពារ​មន្ត្រី​សមត្ថ​កិច្ច​ថា​  អាវុធ​ដែល​បាញ់​ត្រូវ​ពលរដ្ឋ​ម្នាក់​ក្នុង​ថ្ងៃ​ចុះ​អនុវត្ត​សាលដីកា​នោះ​ជា​អាវុធ​ខ្លី​ប្រភេទ​K59 ​ប៉ុន្តែ​ក្រោយពី​ស៊ើប​អង្កេត​និង​ធ្វើ​កោសល​វិច័យ​មក ​លោក​ថា ​ក្បាល​គ្រាប់​ដែល​បាញ់​ចំ​ពលរដ្ឋ​នោះ​មិន​មែន​ជា​ក្បាល​គ្រាប់​ ដែល​បាញ់​ចេញ​ដោយ​កងកម្លាំង​អាវុធ​ហត្ថ​នោះ​ទេ​ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា ​ក្នុង​ហេតុ​ការណ៍​នោះ ​កម្លាំង​របស់​លោក​ពិត​ជា​បាន​ប្រើ​កាំភ្លើង​បាញ់​មែន ​ប៉ុន្តែ​បាញ់​ទៅ​លើ​ប៉ុណ្ណោះ។​ លោក​បន្ត​ថា​ សមត្ថ​កិច្ច​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ដើម្បី​ស្វែង​រកជន​ល្មើស​ដែល​បាន​បាញ់​ពលរដ្ឋ​នៅ​ពេល​នោះ។​

លោក​បន្ត​ថា​ អង្គភាព​យោធា​បាន​សម្រេច​ព្យួរ​ការងារ​មន្ត្រី​អាវុធ​ហត្ថ​ម្នាក់​និង​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចំពោះ​ករណី​ប្រើ​ហិង្សា​ទៅ​លើ​អ្នក​ស្រុក​ម្នាក់​ដែល​ជាប់​ខ្នោះដៃ​ព័ទ្ធ​មក​ខាង​ក្រោយ ​និង​លុត​ជង្គង់​លើ​ដី​រួច​ទៅ​ហើយ​នោះ។​

ការ​អះអាង​របស់​លោក​អេង ហ៊ី​ធ្វើ​ឡើងស្រប​គ្នា​ទៅ​នឹង​ការ​អះអាង​របស់​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​ពី​ដំបូង​ដែល​ថា​ ករណី​បាញ់​ពល​រដ្ឋ​ម្នាក់​ដែល​ជា​កម្មករ​សំណង់​ឱ្យ​របួស​ធ្ងន់​នោះ ​អាច​ជា​ក្រុម​បាតដៃ​ទីបី​ ដែល​មិន​មែន​ជា​ក្រុម​សមត្ថ​កិច្ច​ឡើយ។​

ប៉ុន្តែ​ក្រុម​សង្គម​ស៊ីវិល​ក្នុង​ស្រុក​អះអាង​ថា ​សមត្ថ​កិច្ច​កំពុង​ឆ្លើយ​ដោះសារ​ ដោយ​គ្មាន​ការ​ទទួល​ខុសត្រូវ​ដ្បិត​ការ​ស៊ើប​អង្កេត​ទាំង​ឡាយ​គ្មាន​ក្រុម​ឯករាជ្យ​ចូលរួម​ និង​គ្មាន​តម្លាភាព​ឡើយ។​​

កាលពី​ថ្ងៃ​ទី​២៤​ខែ​មករា​ សមត្ថ​កិច្ច​ចម្រុះ​ខេត្ត​ព្រះ​សីហនុ​ប្រមាណ​៣​រយ​នាក់​ដឹកនាំ​ដោយ​លោក​ហួត វិចិត្រ ​ព្រះ​រាជ​អាជ្ញា​រង​និង​អាជ្ញាធរ​ខេត្ត​បាន​ចុះ​អនុវត្ត​សាល​ដីកា​របស់​តុលាការ​កំពូល​ឲ្យ​អ្នក​ស្រី​ហុង សួន​ ភរិយា​របស់​ឧកញ៉ា​ស៊ីវ គង់ទ្រីវ​ស្ថិត​ភូមិ​គគីរ​ ឃុំ​បិទ​ត្រាំង​រហូត​ដល់​មាន​ការ​ផ្ទុះ​អំពើ​ហិង្សា​កើត​ឡើង​បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​ដែល​ជា​កម្មករ​សំណង់​ត្រូវ​គ្រាប់​កាំភ្លើង​ដែល​បាញ់​ចំ​ពី​ក្រោយ​ត្រង់​ស្មា​ពី​ខាង​ឆ្វេង​បៀម​ជាប់​ឆ្អឹង​ខ្នង​ ហើយ​ពល​រដ្ឋ​៦​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​បណ្តោះ​អាសន្ន ​ប៉ុន្តែ​ដោះលែង​វិញ​នៅ​យប់​ថ្ងៃ​ដដែល។​​

បុរស​ដែល​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​នេះ ​អាច​នឹង​ពិការ​​ទៀត​ផង​ ពីព្រោះ​រហូត​មក​ទល់​ពេល​នេះ ​រាង​កាយ​របស់​លោក​មួយ​ចំហៀង​នៅ​មិន​ទាន់​អាច​កម្រើក​បាន​នៅ​ឡើយ៕