នយោបាយ

លោក​ហ៊ុន សែន​បញ្ជា​ជាថ្មី​ទៀត​ឱ្យ​ពិនិត្យ​លទ្ធភាព​លើក​លែង​អ្នក​ទោស​ស្រ្តី​ក្នុង​ពន្ធនាគារ​​

By ឌឹ ខេមបូឌា ដេលី

March 06, 2019

មេ​ដឹកនាំ​របប​ក្រុង​ភ្នំពេញ​លោក​ហ៊ុន សែន​នៅថ្ងៃ​នេះ​បាន​បញ្ជា​ជា​ថ្មី​ទៀត​ឱ្យ​ក្រសួង​យុត្តិធម៌​និង​ក្រសួង​កិច្ចការ​នារី​ ពិនិត្យ​លទ្ធភាព​ក្នុង​លើក​លែង​ទោស​ស្ត្រី​មួយ​ចំនួន​ដែល​កំពុង​ជាប់​ឃុំនៅ​ពន្ធនាគារ។​ ​

ថ្លែង​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​អន្តរ​ជាតិ​នារី​៨​មីនា​ខួប​លើក​ទី​១០៨​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​កាលពី​ព្រឹកមិញ​ លោក​ហ៊ុន សែន​បាន​បញ្ជា​ឱ្យ ​ក្រសួង​យុត្តិធម៌​និង​ក្រសួង​កិច្ចការ​នារី ​ពិភាក្សា​គ្នា​ដើម្បី​ពិនិត្យ​មើល​ស្រ្តី​ជាប់​ទោស​ណា​ខ្លះ​ដែល​អាច​ទទួល​ការ​លើក​លែង​ទោស។

លោក​ថា ​ នេះ​គឺ​ជា​គោល​ដៅទី​១​ ឯ​គោល​ដៅ​ទី​២ ​គឺ​សម្រាប់​ស្រ្តី​ដែល​ជា​ពិរុទ្ធ​ជន​មិនទាន់​ទទួល​បាន​ការ​កាត់​ទោស​ដោយ​សារ​តែ​ខ្វះ​មេធាវី​ដូច្នេះ​ក្រសួង​ទាំងពីរ​ត្រូវ​តែ​ជំរុញ​ដោះ​ស្រាយ​លើ​បញ្ហា​នេះ។ ​​លើស​ពី​នេះ ​លោក​ថា​ ចំពោះ​ទណ្ឌិត​ជាស្រ្តី​​គប្បី​ ទទួល​បាន​ការ​ សម្រាល​ទោស​ឬ​លើក​លែង​ទោស​ គឺ​មិន​ចាំបាច់​រង់​ចាំ​ដល់​ពេល​បុណ្យ​ទាន​ទេ។​

កាលពី​ខែ​កុម្ភៈ ​លោក​ហ៊ុន សែន​បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​ពិនិត្យ​មើល​ និង​ពន្លឿន​នីតិវិធី​តុលាការ​សម្រាប់​ដោះស្រាយ​បញ្ហា​ជន​ជាប់​ឃុំ​ជា​ស្ត្រី​ដើម្បី​ឈាន​ទៅ​ដោះ​លែង​ពួក​គាត់​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ​ ប្រកប​ដោយ​ការ​យោគ​យល់​និង​អធ្យាស្រ័យ​ដល់​ស្រ្តី​ទាំង​នោះ​ ព្រោះ​លោក​ថា​ ​ស្ត្រី​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​ពន្ធនាគារ។​

អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​នេះ។ ​ពួក​គេ​អះអាង​ថា​ ស្ត្រី​ដែល​កំពុង​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​មួយ​ចំនួន​ ពិសេស​ស្ត្រី​មាន​កូន​តូច​នៅ​ជាមួយ​និង​ស្ត្រី​ដែល​កំពុង​មាន​ផ្ទៃ​ពោះ ​ពិត​ជា​មាន​បញ្ហា​ប្រឈម​ច្រើន​មែន។​

របាយ​ការណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​មាន​ចំណង​ជើង​ថា​«ពេល​ដែល​ត្រូវ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ បញ្ឈប់​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​មិន​ចាំបាច់»​កាលពី​ចុង​ឆ្នាំ​២០១៨​បាន​ធ្វើការ​ងារ​ទៅ​លើ​ពន្ធនាគារ​ចំនួន​១៨​កន្លែង​ក្នុង​ចំណោម​ពន្ធនាគារ​ចំនួន​២៨​កន្លែង​នៅ​ទូទាំង​ប្រទេស​និង​បាន​រក​ឃើញ​ថា ​ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ចំនួន​ជាង​២​ម៉ឺន​នាក់​(២៥ ៩២៦) ​មាន​អ្នក​ជាប់​ឃុំ​ជា​ស្ត្រី​ជាង​២​ពាន់​នាក់​(២ ២៤៣)​ ហើយ​ប្រមាណ​ពាក់​កណ្តាល​នៃ​ស្ត្រី​ដែល​បាន​ជាប់​ឃុំ​ទាំង​នោះ​ ​គឺ​មិន​ទាន់​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ពីបទ​ល្មើស​ជាក់លាក់​ណាមួយ​នៅ​ឡើយ​ទេ។​

របាយ​ការណ៍​នេះ​បញ្ជាក់​ថា ​​ក្នុង​ចំណោម​ស្ត្រី​ជាប់​ឃុំ ​ទាំងអស់​ មាន​ស្ត្រី​មាន​ផ្ទៃ​ពោះ​មាន​ចំនួន​៣០​នាក់​និង​មាន​ស្ត្រី​ចំនួន​១៣៥​នាក់ ​កំពុង​ជាប់ឃុំ​ជា​មួយ​កូនតូច​ដែល​មាន​អាយុ​ក្រោម​៣​ឆ្នាំ​ចំនួន​១៣៨​នាក់៕