30.7 C
Phnom Penh

ក្រុម​បណ្តាញ​អង្គការ​សង្គម​ស៊ីវិល​ដឹកនាំ​ដោយ​ស្ត្រី ប្រកាស​​ដង្ហែ​ក្បួន​ក្នុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នៅ​ថ្ងៃ​៨​មីនា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​បណ្តាញ​អង្គការ​ និង​សហជីព​ដែល​ធ្វើ​ការងារ​លើ​កម្ពស់​សិទ្ធិ​ស្ត្រី​បញ្ជាក់​ថា​ ពួក​គេ​នឹង​នៅ​តែ​ដើរហែ​ក្បួន​ក្នុង​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នា​ថ្ងៃ​ស្អែក​នេះ​ដើម្បី​បង្ហាញ​អំពី​សិទ្ធិ​សេរី​ភាព​របស់​ខ្លួន​និង​បញ្ហា​ប្រឈម​នានា​របស់​ស្ត្រី​ជាពិសេស​បញ្ហា​ប្រឈម​របស់​ស្ត្រី​ដែល​បំពេញ​ការងារ​លើក​កម្ពស់​សិទ្ធិ​មនុស្ស។​

នាយិកា​ប្រតិបត្តិ​សហជីព​ចំណី​អាហារ​ និង​សេវា​កម្ម​កម្ពុជា​ អ្នក​ស្រី ​អ៊ូ ទេពផល្លីន​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា​ ពួក​គាត់​នៅ​តែ​រក្សា​ជំហរ​ដើរ​ហែ​ក្បួន​តាម​ការ​គ្រោង​ទុក​ដដែល​ដើម្បី​ដាក់​ញត្តិ​នៅ​តាម​ក្រសួង​ពាក់ព័ន្ធ​ ឲ្យដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​ស្ត្រី​ដែល​បាន​កើតឡើង​​ពេល​កន្លង​មក​ កំពុង​កើត​ឡើង ​ពេល​បច្ចុប្បន្ន។​

អ្ននស្រី​ថា​ ការ​ដង្ហែ​ក្បួន​នោះ​នឹង​ធ្វើ​ឡើង​ដោយ​ទន់ភ្លន់​ហើយបើ​ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បង្ក្រាប​ក៏​ពួក​គេ​មិន​អ្វី​តបត​នោះ​ឡើយ​ ព្រោះ​សិទ្ធិ​អំណាច​ទាំងអស់​ស្ថិត​នៅ​ក្នុង​ដៃ​របស់​របប​ក្រុង​ភ្នំពេញ​ប៉ុណ្ណោះ។​

ក្រុម​សហជីព ​និង​សង្គម​ស៊ីវិល​ដែល​ដឹកនាំ​ដោយ​ស្ត្រី​គ្រោង​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ថ្ងៃ​៨​មីនា ​ខួប​លើក​ទី​ ១០៨ នៅ​ថ្ងៃ​ស្អែក​នេះ ក្រោម​​ប្រធាន​បទ​«រួមគ្នា​បញ្ឈប់​អំពើ​ហិង្សា​គ្រប់​រូប​ភាព​មក​លើ​ស្ត្រី» ​ដោយ​ធ្វើ​ក្បួន​ដង្ហែ​ថ្មើរ​ជើង​ចាប់​ពី​មុខ​ពហុកីឡា​ដ្ឋាន​ជាតិ​អូឡាំពិក​ ទៅ​កាន់​ការិយាល័យ​ទីស្ដី​ការ​គណៈ​រដ្ឋមន្ត្រី​ដើម្បី​ប្រគល់​«ញត្តិ​ស្ដី​ពី​តម្រូវ​ការ​អាទិភាព​របស់​ស្ត្រី»​ជូន​ដល់​រដ្ឋាភិបាល។​

យ៉ាងណាក៏​ដោយ​គម្រោង​ដើរ​ហែ​ក្បួន​របស់​ក្រុម​ស្រ្តី​មិន​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​អនុញ្ញាត​ឡើយ​ក្រោម​ហេតុផល​ថា​ បង្កផល​ប៉ះពាល់​ដល់​សន្តិសុខ​ សណ្តាប់​ធ្នាប់​និង​របៀប​រៀបរយ​សាធារណៈ​ជាដើម។​

ក្រុម​ស្ត្រី​ទាំង​នេះ ​ក៏បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ការ​បដិសេធ​ក្រោម​ហេតុ​ផល​ទាំ​ង​នេះ ដោយ​ថា​ ជា​ហេតុផល​ដដែលៗ​ របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ដែល​តែង​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ និង​ក្រុម​សង្គម​ស៊ីវិល​ក្នុង​ការ​ជួប​ជុំ​ដោយ​សន្តិវិធី​នៅ​តាម​ទី​សាធារណៈ​ដើម្បី​បង្ហាញ​ពីក្តី​កង្វល់​របស់​ខ្លួន។ ​ពួក​គេ​អះអាង​ថា​ ពួកគេ​នឹង​នៅ​តែ​ដឹកនាំ​ការហែ​ក្បួន​ដោយ​សន្តិវិធី​ទៅតាម​ការ​គ្រោង​ទុក​ដដែល៕​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស