នយោបាយ

ក្រុម​សហជីព​ជំរុញ​ឲ្យ​ស៊ើប​អង្កេត​ករណី​ស្លាប់​សកម្ម​ជន​ការងារ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍

By ឌឹ ខេមបូឌា ដេលី

March 14, 2019

សហព័ន្ធ​សហជីព​កម្ពុជា​ស្នើឱ្យ​សមត្ថ​កិច្ច​ធ្វើការ​ស៊ើប​អង្កេត​ឱ្យ​បាន​ត្រឹម​ត្រូវ​និង​ហ្មត់ចត់​បំផុត​លើ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ទៅ​លើ​លោក​រ៉ុង បញ្ហា ​ដែល​ជា​ក្មួយ​លោក​រ៉ុង ឈុន​។ ការ​ស្នើ​នេះ​ធ្វើ​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​សហ​ព័ន្ធ​សហជីព​កម្ពុជា​នៅ​ថ្ងៃនេះ​ដោយ​ថា​ករណី​ស្លាប់​របស់​លោក​រ៉ុង បញ្ញា​គឺអាច​មិនមែន​ជា​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​ធម្មតា​ឡើយ។​

សេចក្តី​ថ្លែង​ការណ៍​ដដែល​លើក​ឡើង​ថា​ ករណី​ស្លាប់​លោក​រ៉ុង បញ្ញា ​ដែល​ជា​មន្ត្រី​របស់​សហព័ន្ធ​សហជីព​កម្ពុជា​គឺ​មាន​ការ​សង្ស័យ​ជា​ច្រើន។​ ចំណុច​សង្ស័យ​ ទាំង​នោះ​ ខាង​សហព័ន្ធ​សហជីព​កម្ពុជា​មិន​បាន​បញ្ជាក់​លម្អិត​ទេ​ ដោយ​គ្រាន់តែ​អះអាងថា​ ក្រុម​សហជីព​មួយ​នេះ​បាន​ចុះ​ស៊ើប​អង្កេត​ដល់​កន្លែង​កើត​ហេតុ​ផ្ទាល់​និង​សិក្សា​លើ​រូបថត​ដែល​ទទួល​បាន​ដោយ​រក​ឃើញ​ថា ​មាន​ចំណុច​គួរ​ឱ្យ​សង្ស័យ​ជា​ច្រើន។​

លោក​រ៉ុង បញ្ញា​បាន​ស្លាប់​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ កាល​ពី​ថ្ងៃ​ទី​ ៩​ខែ​មីនា ​នៅ​ចំណុច​ភូមិ​ត្រពាំង​ស្តុក​គ្រូ ​ឃុំអូរ​ ស្រុក​ភ្នំ​ស្រួច​ ខេត្ត​កំពង់​ស្ពឺ។​ សព​ក៏​ត្រូវ​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ហើយ​នឹង​គ្រោង​ធ្វើ​បុណ្យ​គម្រប់​៧​ថ្ងៃ​នៅ​ថ្ងៃ​ទី​១៤​មីនា ​នា​គេហដ្ឋាន​អ្នក​ស្រី​រ៉ុង ប៉ោ​ ក្នុង​ភូមិ​កោះ​តូច​ ឃុំ​តាលន់​ ស្រុកស្អាង​ ខេត្ត​កណ្តាល។​

លោក​រ៉ុង បញ្ញា​មិន​ត្រឹម​តែ​ជា​មន្ត្រី​សហព័ន្ធ​សជីព​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​លោក​ក៏​ជា​សកម្មជន​សិទ្ធិ​ការងារ​និង​សិទ្ធិ​មនុស្ស​សកម្ម​មួយ​រូប​ផង​ដែរ​ ដោយ​លោក​បាន​ចូល​រួម​ការងារ​សង្គម​ជា​ច្រើន​ដូចជា​ការ​ចូលរួម​ទាមទារ​ដំឡើង​ប្រាក់​បៀវត្សរ៍​ជូន​កម្មករ ​និង​គ្រូ​បង្រៀន។​ លើស​ពី​នេះ​ លោក​ក៏​បាន​ចូល​រួម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស​ ហើយ​ពេល​ខ្លះ​សកម្មជន​សិទ្ធិ​ការងារ​និង​សិទ្ធិ​មនុស្ស​រូប​នេះ​ក៏ត្រូវ​បាន​គេ​វាយ​ឱ្យ​រង​របួស​ក្នុង​ពេល​ចេញ​មុខ​តវ៉ា​ទាមទារ​នូវ​សិទ្ធិ​សេរីភាព​ទាំង​នោះ​ទៀត​ផង៕​