31 C
Phnom Penh

លោក​ហ៊ុន សែន​បញ្ជា​ឲ្យ​លោក​សៅ សុខា​បង្កើន​ការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ជាង​មុន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ហ៊ុន សែន​បាន​រំឭក​ជា​ថ្មី​ទៀត​ទៅ​គណៈ​កម្មការ​ជាតិ​ដើម្បី​ទប់​ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ ​ដឹកនាំ​ដោយ​មេ​បញ្ជាការ​កងរាជ​អាវុធ​ហត្ថ​លើផ្ទៃ​ប្រទេស​គឺ​លោក​សៅ សុខា​ ឲ្យ​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​របស់​ខ្លួន​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា​ជាពិសេស​បទ​ល្មើស​រត់​ពន្ធ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស។​

ការ​ក្រើន​រំឭក​របស់​លោក​ហ៊ុន សែន​នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៨ ​និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៩ ​នៅ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ​កាល​ពី​ព្រឹក​មិញ។​

លោក​ហ៊ុន សែន​អះអាង​ថាត្រូវ​រួម​គ្នា​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ​និង​បទ​ល្មើស​ជល​ផល​គ្រប់​រូបភាព​និង​បន្ត​ជំរុញ​ការ​បោះ​បង្គោល​ព្រំដែន​ព្រៃ​ឈើ ​និង​ព្រៃ​លិច​ទឹក​ឱ្យ​បាន​ឆាប់​រហ័ស​ដើម្បី​ទប់ស្កាត់​ការ​រំលោភ​បំពាន​ដី​ព្រៃឈើ ​និង​ព្រៃលិច​ទឹក​ជាដើម។​ ជាង​នេះ​ទៅ​ទៀត​លោក​ក៏​បាន​ជំរុញ​ឱ្យ​គណៈ​កម្មការ​ជាតិ​ទប់ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​​ដឹកនាំ​ដោយ​លោក​សៅ សុខា​បង្កើន​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ ឱ្យ​មាន​ប្រសិទ្ធ​ភាព ​និង​តម្លាភាព​ផង​ដែរ​ ជា​ពិសេស​ទប់​ស្កាត់ ​និង​លុប​បំបាត់​ការ​នាំ​ឈើ​និង​ផលិត​ផល​ឈើ​កែ​ច្នៃ​គ្រប់​ប្រភេទ​ទៅ​ក្រៅ​ប្រទេស​តាម​ច្រក​ព្រំដែន​ និង​ច្រក​របៀង​ដែល​គ្មាន​ការ​អនុញ្ញាត។​

ប៉ុន្តែ​ក្រុម​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ងារ​ពាក់​ព័ន្ធ​បទ​ល្មើស​ព្រៃឈើ​និយាយ​ថា​ គណៈ​កម្មការ​ជាតិ​មួយ​នេះ ​បំពេញ​ការងារ​មាន​ប្រសិទ្ធ​ភាព​តិចតួច​បំផុត​ ឬ​គ្មាន​ប្រសិទ្ធ​ភាព​តែ​ម្តង ​ដោយ​ថា​ បទ​ល្មើស​ព្រៃឈើ​និង​ការ​រត់ពន្ធ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស​ពិសេស​ចេញ​ទៅ​ប្រទេស​វៀតណាម​នៅ​តែ​កើត​ឡើង​ឥត​ឈប់​ឈរ។​

គណៈ​កម្មការ​ជាតិ​ដែល​ដឹក​នាំ​ដោយ​លោក​សៅ សុខា​ត្រូវ​បាន​របប​នេះ​បង្កើត​ឡើង​កាល​ពី​ខែ​មករា​ឆ្នាំ​២០១៦​ ហើយ​រយៈ​ពេល​ប្រមាណ​៣ ​ខែ​ដំបូង​គណៈ​កម្មការ​នេះ​បាន​បង្ក្រាប​និង​រឹបអូស​ឈើ​ប្រណីត​ចំនួន​ជាង​៧​ម៉ឺន​ម៉ែត្រ​គូប​ព្រម​ទាំង​ដាក់​ពាក្យ​ប្តឹង​ឈ្មួញ​ឈើ​ពាក់ព័ន្ធ​ជាង​៥០​ករណី​ទៅ​តុលាការ។​

ទីតាំង​ឈើ​ដែល​សមត្ថ​កិច្ច​ចុះ​រឹបអូស​បាន​ពេល​នោះ​ត្រូវ​បាន​គេ​ដឹង​​ថា​ ជា​កម្ម​សិទ្ធិ​ឧកញ៉ា​មួយ​ចំនួន​ដូចជា​ ឃ្លាំង​ឈើ​របស់​ឧកញ៉ា​ លីម ប៊ុណ្ណា​ហៅ​ខ្នា​នៅ​ឃុំ​ដារ​ ស្រុក​មេមត់​ដែល​មាន​ឈើ​ប្រណីត​រាប់​ពាន់​ម៉ែត្រ​គូប។ ​ឃ្លាំង​ឈើ​របស់​ឧកញ៉ា​វ័ន្ត ប៊ុនថៃ​ នៅ​ស្រុក​អូរាំង​ឪ​ ខេត្ត​ត្បូង​ឃ្មុំ​ ដែល​បាន​យក​ឈើ​មូល ​និង​ឈើ​ជ្រុង​ជាច្រើន​ម៉ែត្រ​គូប​ទៅ​កប់​ដី​ចោល​និង​បោះ​ចោល​ទៀត​ផង។​

លើស​ពី​នេះ ​សមត្ថ​កិច្ច​ក៏​ចាប់​បាន​រថយន្ត​ដឹក​ឈើ​របស់​ឧកញ៉ា ​សឹង សំអុល​ហៅ​អុល​នៅ​ស្រុក​មេមត់។​ ក្រៅពី​នេះ​ សមត្ថ​កិច្ច​ថែម​ទាំង​រក​ឃើញ​កន្លែង​ស្តុក​ឈើ​របស់​ឧកញ៉ា​ទ្រីភាព​នៅ​ក្នុង​ក្រុម​ហ៊ុន​ដី​សម្បទាន​សេដ្ឋ​កិច្ច​នៅ​ខេត្ត​ក្រចេះ​ព្រម​ទាំង​មាន​កន្លែង​ស្តុក​ទុក​ឈើ​ខុស​ច្បាប់​នៅ​តាម​ក្រុម​ហ៊ុន​ដី​សម្បទាន​វៀតណាម​ និង​ឧកញ៉ា​មួយ​ចំនួន​ទៀត​នៅ​ខេត្ត​ស្ទឹងត្រែង ​ខេត្ត​រតនគិរី​ មណ្ឌល​គិរី​ជាដើម។​

មកដល់​ពេល​នេះ ​សំណុំ​រឿង​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​ទាំង​នោះ​ក៏​ស្ងាត់​សូន្យ​ឈឺង​ ដែល​ធ្វើឱ្យ​សាធារណ​ជន​អស់​សង្ឃឹម​លើ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​ ហើយ​សង្គម​ស៊ីវិល​ក៏​ចាត់​ទុក​សកម្ម​ភាព​ទាំង​នោះ​ជា​វប្បធម៌​និទណ្ឌ​ភាព​ ឬ​ភាព​គ្មាន​ទោស​ពៃរ៍​ និង​ជា​មូលហេតុ​ធ្វើ​ឱ្យ​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​គ្មាន​ប្រសិទ្ធ​ភាព៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស