30 C
Phnom Penh

អតីត​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​៥​នាក់​ទៀត​ នាំគ្នា​ដាក់​លិខិត​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក​ហ៊ុន សែន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​៥​រូប​បន្ថែម​ទៀត​បាននាំ​គ្នា​ដាក់​លិខិត​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​របប​លោក​ហ៊ុន សែន។ ​

សារ​ព័ត៌មាន​ដែល​ស្និទ្ធ​ជាមួយ​របប​ក្រុង​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា​ មាន​អតីត​អ្នក​តំណាង​រាស្ត្រ​បក្ស​សង្រ្គោះ​ជាតិ​៥​ រូប​ទៀត​បាន​ដាក់​លិខិត​ស្នើសុំ​ទៅ​ក្រសួង​មហា​ផ្ទៃ ​រួមមាន​ លោក​អ៊ូ ច័ន្ទរ័ត្ន ​អ្នក​ស្រី ទេព សុទ្ធី ​លោក​កង គឹមហាក់ ​លោក​ជីវ កត្តា ​និង​លោក​ច័ន្ទ សិលា។​

លោក​អ៊ូ ច័ន្ទរ័ត្ន​ក៏​សង្ឃឹម​ថា ​ក្រុម​លោក​នឹង​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ពី​របប​លោក​ហ៊ុន សែន​ផង​ដែរ។​

លោក​អ៊ូ ច័ន្ទរ័ត្ន​បាន​ប្រាប់​សារ​ព័ត៌មាន​The Cambodia Daily​យ៉ាង​ខ្លី​ថា​ លោក​ពិត​ជា​បាន​ដាក់​ពាក្យ​ស្នើសុំ​សិទ្ធិ​នយោបាយ​ប្រាកដ​មែន ​ប៉ុន្តែ​លោក​មិន​ចង់​ធ្វើ​អត្ថាធិប្បាយ​ជាមួយ​អ្នក​សារ​ព័ត៌មាន​ទេ​នៅពេល​នេះ​ ពីព្រោះ​លោក​កំពុង​រង់ចាំ​ការ​ផ្តល់​នីតិសម្បទា​គ្រប់​គ្រាន់​ដល់​រូប​លោក​ជាមុន​សិន។​ លោក​បន្ត​ថា​ ក្រោយពី​លោក​បាន​នីតិសម្បទា​នយោបាយ​ហើយ​លោក​នឹង​ធ្វើ​សន្និសីទ​កាសែត​តែ​ម្តង។​

ការ​បញ្ចេញ​ព័ត៌មាន​របស់​មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហា​ផ្ទៃ​អំពី​ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​បន្ថែម​ទៀត​នេះធ្វើ​ឡើង​ក្រោយ​ពេល​អតីត​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មួយ​រូប​​នៅ​ខេត្ត​ស្វាយរៀង​គឺ​លោក​រៀល ខេមរិន្ទ ​ទើប​នឹង​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ពី​ព្រះ​មហា​ក្សត្រ។​

លោក​​រៀល ខេមរិន្ទ​បាន​ស្នើ​ទៅ​ក្រសួង​មហា​ផ្ទៃ​ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ក្រោម​ហេតុ​ផល​ថា​ លោក​មាន​បំណង​ដើម្បី​បង្កើត​គណ​បក្ស​ថ្មី​សម្រាប់​ចូល​រួម​ការ​ប្រកួត​ប្រជែង​នៅ​ឆ្នាំ​២០២២ ​និង​២០២៣​ខាង​មុខ។​

រហូត​មក​ទល់​ពេល​នេះ ​យ៉ាង​ហោច​ណាស់​មាន​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​៩​រូប​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ពី​លោក​ហ៊ុន សែន​ក្នុង​ចំណោម​មន្ត្រី​ជាប់​បម្រាម​ចំនួន​១១៨​រូប។​

ក្នុង​ចំណោម​៩​រូប​គឺ​មាន​៤​រូប​ហើយ​ដែល​ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​ព្រះ​រាជ​ទាន​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ​តាម​ការ​ចង់​បាន​របស់​លោក​ហ៊ុន សែន។​

ប្រធាន​ស្តីទី​គណ​បក្ស​សង្រ្គោះ​ជាតិ​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​គឺ​លោក​សម រង្ស៊ី​បាន​ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​ថា​ ជន​ណា​ដែល​ហ៊ាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពីលោក​ហ៊ុន សែន​គឺ​ជា​មនុស្ស​ក្បត់​បក្ស ​ក្បត់​ប្រជារាស្ត្រ ​និង​ទទួល​ស្គាល់​ថា​ ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​និង​ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​គឺ​លោក​កឹម សុខា​ដាក់​ពន្ធនាគារ​ជា​រឿង​ស្រប​ច្បាប់ ​និង​ត្រឹមត្រូវ​ តាម​ការ​ចង់​បាន​របស់​លោក​ហ៊ុន សែន៕​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស