28.4 C
Phnom Penh

ក្រសួង​បរិស្ថាន​ថ្កោល​ទោស​ជន​ល្មើស​កាប់​ ឧទ្យានុរក្ស​នៅ​ខេត្ត​កំពង់ធំ​ ជាច្រើន​កាំបិត​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ព្រមាន​ថ្កោល​ទោស​ចំពោះ​អំពើ​អមនុស្ស​ធម៌​ សាហាវ​ឃោរ​ឃៅ​របស់​ក្រុម​ជនល្មើស​ ដែល​ប្រឆាំង​នឹង​ក្រុម​អ្នក​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ ​អំឡុង​ពេល​ពួក​គេ​ចុះ​បំពេញ​បេសក​កម្ម​ក្នុង​បុព្វហេតុ​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​នោះ។​

ការ​ថ្កោល​ទោស​នេះ​ធ្វើឡើង​ក្រោយ​ពេល​ឧទ្យានុ​រក្ស​ម្នាក់​ប្រចាំ​ការ​ នៅ​ច្រក​របៀង​អភិរក្ស​ជីវៈ​ចម្រុះ​ព្រៃ​អង់តែន​ នៅ​ឃុំ​ក្រយា ​ស្រុក​សន្ទុក​ ខេត្ត​កំពង់ធំ​ត្រូវ​បាន​ជន​ល្មើស​កាប់​ជា​ច្រើន​កាំបិត​ឱ្យរង​របួស​ធ្ងន់។​

ហ្វេសប៊ុក​របស់​ក្រសួង​បរិស្ថាន​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​នេះ​ដែល​បាន​ដក​ស្រង់​សម្តី​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​លោក​នេត្រ ភត្រា​ចុះផ្សាយ​ថា​ ​ឧទ្យានុរក្ស​រូប​នោះ​ឈ្មោះ​ចក់ សុជាតិ​ អាយុ​៣០​ឆ្នាំ​ត្រូវ​ជន​ល្មើស​កាប់​ត្រូវ​ចំនួន​៥​កាំបិត​ផ្គាក់ ​ត្រូវ​ចំ​ក្បាល ​កញ្ចឹង​ក ​និង​កដៃ ​បង្ក​ឱ្យ​មាន​របួស​ធ្ងន់ធ្ងរ។ ​

លោក​នេត្រ ភត្រា​បន្ត​ថា ​កម្លាំង​មន្ត្រី​ឧទ្យានុរក្ស​ប្រចាំ​ការ​នៅ​ច្រក​របៀង​អភិរក្ស​ជីវៈ​ចម្រុះ​ព្រៃ​អង់តែន​មាន​ចំនួន​៥​នាក់ ​បាន​ចុះ​ល្បាត​នៅ​តំបន់​ អូរដើម​ថ្កូវ​ ក្នុង​ភូមិសាស្ត្រ​ឃុំ​ក្រយា ​ហើយ​បាន​ជួប​ប្រទះ​ជន​ល្មើស​ចំនួន​២​នាក់​កំពុង​ធ្វើ​សកម្មភាព​បទ​ល្មើស​កាប់​ឆា្ករ​ព្រៃ ​ទន្ទ្រាន​យកដី​ព្រៃ​ធ្វើ​ចម្ការ។​

លោក​បន្ត​ថា ​ពេល​នោះ​ឧទ្យានុរក្ស​បាន​ដេញ​ចាប់​ជន​ល្មើស​តែ​បាន​ទាក់​ជើង​ដួល​ហើយ​ត្រូវ​ជន​ល្មើស​តដៃ​ ដោយ​បាន​កាប់​មន្ត្រី​ឧទ្យានុរក្ស​ម្នាក់​គឺ​លោក​ចក់ សុជាតិ។ ​លោក​ថា ​ចំណែក​ឧទ្យានុរក្ស​៤​នាក់​ផ្សេង​ទៀត​មិន​មាន​រង​របួស​អ្វី​ឡើយ ​រី​ឯ​ជន​ល្មើស​វិញ​បាន​រត់​គេច​ខ្លួន​បាត់។​

ប្រភព​ដដែល​នេះ​បញ្ជាក់​ថា ​បច្ចុប្បន្ន​ឧទ្យានុរក្ស​ដែល​មាន​របួស​ធ្ងន់​រូប​នោះ​ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ ​នៅរាជ​ធានី​ភ្នំពេញ។​

អ្នក​នាំពាក្យ​ដដែល​បញ្ជាក់​ថា ​សមត្ថ​កិច្ច​កំពុង​ស៊ើប​អង្កេត​និង​ធ្វើកំ​ណត់​ហេតុ​ប្តឹង​ទៅ​តុលាការ​ដើម្បី​ស្វែង​រក​ជន​ល្មើស​មក​ផ្តន្ទាទោស​តាម​ច្បាប់។ ​លោក​បន្ត​ថា​ ជនរង​គ្រោះ​ឈ្មោះ​ចក់ សុជាតិ​គឺ​ជា​ឧទ្យានុរក្ស​ទី​២ ​ដែល​បាន​រង​របួស​ដោយ​ការ​តដៃ​របស់​ជន​ល្មើស ​ពេល​ពួកគេ​ធ្វើ​សកម្ម​ភាព​ការពារ​ធនធាន​ធម្មជាតិ ​ក្នុង​រយៈ​ពេល​២ខែ​ចុង​ក្រោយ​នេះ។​

កាលពី​ចុង​ខែ​មករា​ឆ្នាំ​២០១៩​ មន្ត្រី​ឧទ្យាន​ម្នាក់​ឈ្មោះ​ចេង ចាន់ធី​ត្រូវ​បាន​ក្រុម​ព្រាន​ព្រៃ​ប្រដាប់​ដោយ​កាំភ្លើង​បាញ់​ឱ្យ​រង​របួស​ចំ​ភ្លៅ​អំឡុង​ពេល​នៃ​ការ​ចុះ​បង្ក្រាប​បទ​ល្មើស​សត្វ​ព្រៃ​ក្នុង​ភូមិ​សាស្ត្រ​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ក្នុង​ ខេត្ត​មណ្ឌល​គិរី៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស