សាលាដំបូងរាជធានីភ្នំពេញសម្រេចលើកលែងការចោទប្រកាន់លោកប៉ាវ ស៊ីណាប្រធានសហភាពចលនាកម្មករកម្ពុជាក្នុងសំណុំរឿងសមគំនិតធ្វើឱ្យខូចខាតដោយចេតនានិងជេរប្រមាថជាសាធារណៈដែលប្តឹងដោយរោងចក្រ អូសេអង់ ក្នុងទីក្រុងភ្នំពេញកាលពីឆ្នាំ២០១២។
ទំព័រហ្វេប៊ុករបស់លោកប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា នៅថ្ងៃនេះឱ្យដឹងថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចលើកលែងការចោទប្រកាន់លើរូបលោកជាផ្លូវការហើយ។
ការសម្រេចរបស់តុលាការនេះធ្វើឡើង ក្រោយពេលលោកប៉ាវ ស៊ីណាដែលជាមន្ត្រីសហជីពម្នាក់ក្នុងចំណោម៧នាក់បានដាក់លិខិតប្តឹងជំទាស់ទៅនឹងការសម្រេចរបស់តុលាការក្រុងភ្នំពេញកាលពីចុងឆ្នាំ២០១៨។
លោកបន្តថា ការទម្លាក់បទចោទប្រកាន់មកលើលោកពេលនេះជាសញ្ញាដ៏ល្អមួយសម្រាប់សហការីរបស់លោក៦នាក់ផ្សេងទៀតក្នុងការប្តឹងទៅឧទ្ធរណ៍បន្តទៀតផងដែរ។
មេដឹកនាំសហជីពរូបនេះ និងមន្ត្រីសហជីពមូលដ្ឋាន៦រូបទៀតត្រូវបានចោទប្រកាន់ពីបទធ្វើឲ្យខូចខាតដោយចេតនា និងជេរប្រមាថជាសាធារណៈដែលប្តឹងដោយរោងចក្រអូសេអង់ហ្គាមិន កាលពីខែសីហា ឆ្នាំ២០១២។
មន្ត្រីសហជីពទាំង៧រូបក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគារម្នាក់ៗរយៈពេល៨ខែកាលពីចុងឆ្នាំ២០១៨ប៉ុន្តែទោសទាំងនោះត្រូវបានព្យួរ៕